ភ្នំពេញ – ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កាន់តែខិតជិតដល់ពេលបញ្ចប់ ។ ទន្ទឹមគ្នានេះ គេឃើញថា កីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ខ្លះក៏ទទួលបានលទ្ធផលល្អ ហើយកីឡាករ កីឡាការនីខ្លះទៀត ក៏មិនអាចយកជ័យលាភីឆ្នើមជូនប្រទេសខ្លួនបានដែរ ។
យុវជន អ៊ុំ សូយណារ៉ូត ជានិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើន ដែលបានទស្សនាការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បាននិយាយថា រូបគេពិតជាសប្បាយរីករាយដែលកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ ណារ៉ូត បន្តថា ការប្រកួតនីមួយៗរបស់កីឡាករ និងកីឡាការិនីបានពុះពារ ខិតខំខ្លាំងមែនទែន ដោយពួកគាត់បានលះបង់ទាំងកាយ ទាំងចិត្ត ដើម្បីយកជ័យលាភីឱ្យប្រទេសកម្ពុជា ។ ចំណែក កីឡាករ និងកីឡាការិនី ដែលមិនបានយកឈ្នះការប្រកួត ឬមិនបានជ័យលាភីល្អសម្រាប់ប្រទេសកម្ពុជា យើងនៅតែលើកទឹកចិត្តពួកគាត់ ព្រោះពួកគាត់ពិតជាបានខិតខំអស់ពីសមត្ថភាព និងធ្វើបានល្អរួចហើយ ព្រោះពាក្យថា «កីឡា» គឺមានឈ្នះ មានចាញ់ ដោយយើងមិនអាចស្ដីបន្ទោសឱ្យពួកគាត់នោះទេ។
និស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើនរូបនេះ បន្ថែមថា រូបគេផ្ទាល់ពិតជាមានមោទនភាពចំពោះកីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់ ទោះពួកគាត់មិនបានយកឈ្នះការប្រកួត ឬមិនទទួលបានជ័យលាភីឆ្នើម ប៉ុន្តែរូបគេនៅតែផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ព្រោះពួកគាត់បានប្ដូរផ្ដាច់ខិតខំប្ដេជ្ញា មានឆន្ទៈមោះមុត។ ណារ៉ូត បន្តថា កីឡាមានឈ្នះ មានចាញ់ យើងមិនអាចទៅបង្ខិតបង្ខំគាត់ ទៅស្ដីបន្ទោសឱ្យគាត់តាមរយៈពាក្យសម្ដី ឬការឆ្លើយតបតាមបណ្ដាញសង្គមដើម្បីបាក់ទឹកចិត្តកីឡាករ កីឡាការិនីនោះឡើយ ព្រោះប្រសិនបើយើងគ្មានពួកគាត់ទេ ក៏យើងគ្មានកីឡាប្រកួតទទួលបានជ័យលាភី និងមេដាយល្អៗសម្រាប់ប្រទេសជាតិយើងទាំងមូលដែរ។

យុវជន អ៊ុំ សូយណារ៉ូត ជានិស្សិតផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យវេស្ទើន
“កីឡាមានឈ្នះមានចាញ់ ប៉ុន្តែសម្រាប់ខ្ញុំបរាជ័យមិនមែនជាចំណុចធំទេ តែចំណុចធំរបស់កីឡាករ កីឡាការិនីកម្ពុជា គឺការបាក់ទឹកចិត្ត។ ជ័យជំនះយើងអាចយកឈ្នះនៅថ្ងៃណាមួយបាន តែប្រសិនបើកីឡាករ កីឡាការិនីទទួលរងនូវការបាក់ទឹកចិត្តគាត់ក៏មិនអាចមានភាពជោគជ័យនៅថ្ងៃណាមួយដែរ”
យុវជន អ៊ុំ សូយណារ៉ូត ក៏សំណូមពរដល់ប្រជាជនកម្ពុជា និងអ្នកគាំទ្រវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា សូមប្ដូរពីការស្ដីបន្ទោស និងនិយាយពាក្យមិនល្អទៅដល់កីឡាករ កីឡាការិនី បែរមកជាការនិយាយលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ពួកគាត់ ក្រោកឡើងហ្វឹកហាត់ និងឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតស៊ីហ្គេមលើកក្រោយទៀត។
ចំណែកយុវតី ភុំ សុផាត់ថៈណា ជានិស្សិតឆ្នាំទី២ រៀននៅវិទ្យាស្ថានស៊ីតិក ជំនាញឌីសាញ បាននិយាយថា ក្នុងនាមជាអ្នកគាំទ្រកីឡាករនិងកីឡាការិនីកម្ពុជា នៅពេលមានកីឡាករ និងកីឡាការិនីរបស់យើងបានឈ្នះការប្រកួត និងមិនបានឈ្នះការប្រកួតក្តី រូបគេមានអារម្មណ៍ថា កីឡាករ និងកីឡាការិនីពិតជាបានបង្ហាញនូវសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹងក្នុងការប្រកួតនីមួយៗ ទោះបីជាការប្រកួតមួយចំនួនពុំទទួលបានលទ្ធផលល្អ ក៏ពួកគាត់នៅតែធ្វើបានល្អរួចហើយ។

យុវតី ភុំ សុផាត់ថៈណា បន្ថែមថា រូបគេនៅតែបន្តលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនីកម្ពុជា ឱ្យពួកគាត់នៅតែបន្តធ្វើអ្វីជាសមត្ថភាពរបស់ខ្លួនយ៉ាងល្អបំផុតនៅលើឆាកអន្តរជាតិក្នុងការប្រកួតកីឡានីមួយៗ ហើយនៅតែរក្សាជំហកុំឱ្យទទួលសំឡេងអវិជ្ជមានពីខាងក្រៅច្រើនពេក។ ចំពោះ កីឡាករ កីឡាការិនី ដែលមិនទទួលបានលទ្ធផលល្អ គឺគ្រាន់តែជាអ្វីដែលពួកគាត់មាន និងបន្តប្រឹងប្រែងស្វែងរកចំណុចខ្លាំងរបស់ខ្លួនបន្ថែមទៀតក្នុងការទៅប្រកួតកីឡាផ្សេងៗនៅពេលខាងមុខ។
សម្រាប់ កញ្ញា ទូច វល័ក្ខ ដែលជាបុគ្គលិកក្រុមហ៊ុនក្នុងស្រុកមួយវិញ បាននិយាយថា ក្នុងនាមជាប្រជាជនខ្មែរមួយរូប គ្មានអ្វីក្រៅពីការលើកទឹកចិត្ត និងនៅពីក្រោយកីឡាករ និងកីឡាការិនី ទោះបីជាពួកគាត់ស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ចាញ់ឬក៏ឈ្នះ ត្រូវចាំថា ប្រជាជនខ្មែរនៅពីក្រោយពួកគាត់គ្រប់រូប រង់ចាំលើកទឹកចិត្ត និងគាំទ្រគាត់ បើទោះជាបីជាលទ្ធផលបែបណាក៏ដោយ។

កញ្ញា ទូច វល័ក្ខ
“សម្រាប់ខ្ញុំជាអ្នកគាំទ្រ ទោះបីជាការប្រកួតតែងមានការឈ្នះចាញ់ក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រគាត់ដែរ ដោយសារតែខ្ញុំគាំទ្រកីឡាករ កីឡាការិនី ចេញពីទឹកចិត្ត និងចេញពីក្ដីស្រឡាញ់”
កញ្ញា ទូច វល័ក្ខ ក៏បានសូមណូមពរដល់អ្នកគាំទ្រទាំងអស់ បើសិនជាកីឡាករ ឬកីឡាការិនីរបស់យើងធ្វើមិនបានល្អ មិនបានជ័យលាភីមេដាយមាស សូមកុំបន្ទោស កុំដាក់សម្ពាធទៅកាន់ពួកគាត់ ព្រោះថាការលេងកីឡាតែងតែមានការឈ្នះ និងចាញ់។ បើសិនជាយើងមិនពេញចិត្តទៅលើប្រទេសណាមួយដែលមកប្រកួតប្រជែងជាមួយយើង ហើយធ្វើសកម្មភាពបញ្ជាក់ថា យើងមិនបានពេញចិត្តគាត់ឬមួយធ្វើទង្វើបែបណាមិនសមរម្យសូមបញ្ឈប់ ដោយត្រូវប្រើភាសាបេះបូងទៅកាន់ប្រទេសដែលបានមកចូលរួមក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣វិញទើបជាការប្រសើរ៕















































































