សិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ចំនួន៦៩នាក់ បានស្ម័គ្រចិត្តបំបួសជាសាមណេរ និងសីលវតីជាលើកដំបូងដោយមានការគាំទ្រពីអាណាព្យាបាល ដើម្បីសិក្សារៀនសូត្រអំពីព្រះពុទ្ធសាសនា សីលធម៌ គុណធម៌ និងបណ្តុះស្មារតីដឹងគុណចំពោះមាតាបិតា និងគ្រូបាអាចារ្យតាំងពីវ័យកុមារ។ កម្មវិធីនេះក៏មានគោលបំណងចូលរួមថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរផងដែរ។
លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ បានប្រាប់ AMS Education ថា កម្មវិធីបំបួសសិស្សជាសាមណេរ និងសីលវតីជាលើកដំបូងនេះ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការផ្តួចផ្តើមរបស់វត្តរាជបូណ៌។
លោកបានបញ្ជាក់ថា ក្នុងចំណោមសិស្សទាំង៦៩នាក់ មានសាមណេរ៤៩អង្គ និងសីលវតី២០រូប។ ការរៀបចំកម្មវិធីនេះ គឺដើម្បីបំពេញបន្ថែមលើការអប់រំចំណេះដឹងទូទៅ ដោយផ្តោតលើការអប់រំកាយ វាចា និងចិត្ត ព្រមទាំងផ្តល់ឱកាសឱ្យសិស្សបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីព្រះពុទ្ធសាសនា។



លោកបន្តថា គោលបំណងសំខាន់នៃកម្មវិធីនេះ គឺចង់ឱ្យកុមារយល់ដឹងពីគុណូបការៈរបស់មាតាបិតា និងលោកគ្រូ អ្នកគ្រូ ចេះប្រព្រឹត្តអំពើល្អ និងមានសីលធម៌ក្នុងការរស់នៅ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ទន្ទឹមនឹងនេះ កម្មវិធីក៏ជាផ្នែកមួយនៃការចូលរួមថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរផងដែរ។
ជាមួយគ្នានេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា តាមរយៈកម្មវិធីនេះ សាមណេរ និងសីលវតីបានសិក្សាស្វែងយល់អំពីព្រះរតនត្រ័យ ការប្រើប្រាស់ពាក្យពេចន៍តាមបែបព្រះពុទ្ធសាសនា របៀបថ្វាយបង្គំ និងកិរិយាមារយាទឱ្យបានត្រឹមត្រូវតាមគន្លងធម៌។
សម្តេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាបន្តថា ព្រះពុទ្ធសាសនាមានគុណប្រយោជន៍ច្រើនចំពោះសង្គម ដោយបានចូលរួមបណ្តុះសីលធម៌ មនុស្សធម៌ សុជីវធម៌ និងសាមគ្គីធម៌ ព្រមទាំងជួយអប់រំកាយ និងចិត្តឱ្យមានភាពស្ងប់ស្ងាត់។

សម្តេចមានសង្ឃដីកាថា ការអប់រំតាមបែបព្រះពុទ្ធសាសនាគួរចាប់ផ្តើមតាំងពីវ័យកុមារភាព ជាពិសេសនៅកម្រិតបឋមសិក្សា ព្រោះជាដំណាក់កាលដំបូងនៃការបណ្តុះគំនិត និងឥរិយាបថរបស់កុមារ។ ការផ្សារភ្ជាប់ការអប់រំចំណេះដឹងទូទៅជាមួយការអប់រំសីលធម៌ នឹងជួយឱ្យកុមារមានមូលដ្ឋានល្អសម្រាប់ការរស់នៅក្នុងសង្គម។
សម្តេចក៏បានបង្ហាញជំនឿថា កម្មវិធីបំបួសសិស្សនេះនឹងបន្តរៀបចំនៅឆ្នាំក្រោយៗទៀត និងអាចមានចំនួនសិស្សចូលរួមកើនឡើង។ ទោះបីការបំបួសមានរយៈពេលខ្លីក៏ដោយ ក៏សិស្សអាចទទួលបានអត្ថប្រយោជន៍តាមរយៈការសិក្សាព្រះធម៌ ការអនុវត្តវិន័យ និងការបណ្តុះស្មារតីឱ្យប្រព្រឹត្តអំពើល្អក្នុងជីវិតប្រចាំថ្ងៃ៕











































































