ក្រសួងអប់រំ​បង្ហាញសមិទ្ធផលឆ្នាំទី១ ក្នុងចូលរួម​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាល

ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២៤-២០២៥ ជានិមិត្តរូប ដែលធ្វើ​ឡើង​នៅ​អនុវិទ្យាល័យ​ចតុមុខ នាព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសមិទ្ធផល​ធំៗជា​ច្រើន​ដែលក្រសួងសម្រេចបាននៅ​ឆ្នាំទី១ នៃការ​ចូលរួម​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាឆ្នាំទី២ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តមបន្តថា រយៈពេល ១ឆ្នាំសិក្សាកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានខិតខំ និងចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើកំណែទម្រង់សាលារៀន និងកំណែទម្រង់សាលាគរុកោសល្យ ជាពិសេសការអនុវត្តវិធានការគន្លឹះចំនួន ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋនិងសហគមន៍ ដើម្បីការអប់រំ»។

ក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាសមិទ្ធផល ក្រសួងបានវាយតម្លៃនិងប្រគល់ពានរង្វាន់ជូនសាលារៀនគំរូចំនួន ១២០ និងកំពុងគាំទ្រដល់សាលារៀនដែលមានសក្តានុពលជាច្រើនទៀត ដើម្បីជាប់ស្តង់ដាសាលារៀនគំរូក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ស្របតាមស្តង់ដាទាំង ៥ រួមមាន (ស្តង់ដាទី១)៖ លទ្ធផលសិក្សារបស់សិស្ស (ស្តង់ដាទី២)៖ វិធីសាស្ត្របង្រៀន ដើម្បីពង្រឹងបំណិនជាមូលដ្ឋាននៅកម្រិតបឋមសិក្សា (ស្តង់ដាទី៣)៖ ការចូលរួមរបស់មាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន និងជួយបង្រៀនកូនបន្ថែម (ស្តង់ដាទី៤)៖ ការគ្រប់គ្រងសាលារៀន ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន (ស្តង់ដាទី៥)៖ គណនេយ្យភាព ការអនុវត្តប្រព័ន្ធវាយតម្លៃការសិក្សារបស់សិស្ស រៀបចំយន្តការគាំទ្រសិស្សខ្សោយ។ សាលារៀនគំរូ ជាគ្រឹះស្ថានសិក្សាដែលខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីបង្កើនម៉ោងសិក្សាឱ្យបានយ៉ាងហោចណាស់ ២ម៉ោងសិក្សាបន្ថែមទៀត។

ដើម្បីសម្រេចបានទិសដៅដែលបានគ្រោងទុក ឯកឧត្តម ហង់ជួន ណារ៉ុន បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារ សម្រាប់ឆ្នាំសិក្សាថ្មី ដោយត្រូវខិតខំរកវិធីសាស្ត្រថ្មីៗ និងហ៊ានអនុវត្តគំនិតនវានុវត្តរបស់ខ្លួន ដើម្បីលើកស្ទួយគុណភាពធនធានមនុស្សនៅក្នុងសាលា និងសូមឱ្យស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសលោកឪពុក អ្នកម្តាយ អ្នកឤណាព្យាបាលទាំងអស់នៅទូទាំងប្រទេស ចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជាឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់សិស្សានុសិស្សឱ្យក្លាយជាបុគ្គលិកមានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេនដ៏មានសក្តានុពលក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិ។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥

សូម​បញ្ជាក់ដែរថា នៅ​ក្នុងសារលិខិតអបអរ​ឱកាស​បើកបវេសនកាលឆ្នាំសិក្សា​២០២៤-២០២៥ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក៏​បានលើកបង្ហាញពីការ​អនុវត្ត​របស់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា ដែល​បាន​យកចិត្តទុកដាក់ និង​ដាក់ចេញ​នូវ​កម្មវិធីផ្សេងៗ សំដៅ​លើក​កម្ពស់​គុណភាពអប់រំ ដោយផ្តោត​លើ​ការ​ពង្រឹង​គុណភាព​សាលារដ្ឋ​ចាប់ពីថ្នាក់​មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ​វិធានការ​ចំនួន៤។ យ៉ាងណាក៏ដោយ​សម្រាប់ឆ្នាំសិក្សា​ថ្មីនេះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ​តាមការគ្រោងទុក សម្តេចធិបតី បានផ្តល់អនុសាសន៍ចំនួន១០ រួមមាន ៖ ទី១ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ, ទី២ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមាន​ប្រសិទ្ធ​ភាព, ទី៣ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃ​តង, ទី៤ លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេស​ក៍ ជា​អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។

ទី៥ មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និង​សុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬ​បង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ, ទី៦ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យ​បាន​ខ្ជាប់​ខ្ជួន និងចូលរួមធ្វើអំពើល្អ, ទី៧ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូល​រួម​និងគាំទ្រឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍសាលារៀន, ទី៨ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូល​រួម ឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការជួយគាំទ្រដល់សកម្មភាពអប់រំនៅគ្រប់ទីកន្លែង និងតាម​គ្រប់លទ្ធភាព, ទី៩ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយ​ផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ និង ទី១០ សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការ​គាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *