ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្ដម Derek Yip បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ និស្សិតកម្ពុជាជាប់អាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលីមានចំនួនសរុបប្រមាណ ១ម៉ឺននាក់ ដោយពួកគេសិក្សាទៅលើជំនាញផ្សេងៗ។
ក្នុងពិធីអបអរសាទរការជួបជុំអតីតនិស្សិតរៀននៅអូស្ត្រាលី (Australian Alumni) កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អូស្ត្រាលី ពិតជាមានមោទនភាពចំពោះការរួមចំណែករបស់អតីតនិស្សិតអូស្ត្រាលី ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើគ្រប់វិស័យទាំងសាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ គឺជាសក្ខីភាពដ៏រឹងមាំមួយ នៃទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
រដ្ឋមន្រ្តីក្រសួងអប់រំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យ ការបន្តគាំទ្រដល់វិស័យអប់រំ និងការផ្តល់អាហារូបករណ៍ដ៏មានតម្លៃដល់យុវជនកម្ពុជាជាង ៣ទសវត្សមកនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យក្លាយជាកម្លាំងចលករដ៏មានសក្ដានុពល ដើម្បីចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់អតីតនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឱ្យអស់ពីលទ្ធភាព ដោយប្រើប្រាស់ចំណេះ និងជំនាញដែលបានរៀន ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងសូមបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ។
គួរជំរាបជូនថា អាហារូបករណ៍អូស្រ្តាលី ដែលបានផ្ដល់លើកដំបូងដល់និស្សិតកម្ពុជា គឺនៅក្នុងឆ្នាំ១៩៩៤៕































