ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការផ្តល់ជូនការបណ្តុះបណ្តាលជំនាញដូនតាដោយឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៌, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ការបណ្តុះបណ្តាលនឹងចាប់ផ្តើមនៅខែឧសភា នៅទីតាំងចំនួន១៣ ក្នុងខេត្តចំនួន៩ ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។

សិស្សដែលមកពីគ្រួសារក្រីក្រ មានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ដោយបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។
សម្រាប់សាធារណជន ក៏ ដូចជាយុវជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទៅកាន់លេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា តាមរយៈ 096 386 9255៕





























