កម្ពុជាក៏មិនខុសពីបណ្ដាប្រទេសក្នុងពិភពលោកដែរ គឺនៅតែយកចិត្តទុកដាក់ចំពោះយុវជនដែលជាធនធានគន្លឹះដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រ ផែនការសកម្មភាព។ នេះជាការថ្លែងរបស់ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងវេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ ២០២៤ កាលពីពេលថ្មីៗនេះ។
សម្រាប់វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៤ ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់យុវជនកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន អាចពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចំណេះដឹង និងបទពិសោធពីគ្នាទៅវិញទៅមក ដើម្បីពិភាក្សាអំពីយុវជន ហើយក៏ជាឱកាសមួយទៀត ដែលអាចចាត់ទុកថាជា កិច្ចប្រជុំកំពូលរបស់យុវជននៅកម្ពុជា (Cambodia Youth Summit) ដើម្បីប្រមូលធាតុចូលសម្រាប់កិច្ចប្រជុំកំពូលស្តីពីអនាគត (The Summit of the Future) ដែលនឹងរៀបចំឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នាទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។ ឯកឧត្តមសង្កត់ធ្ងន់ថា វេទិកានេះ ផ្ដោតទៅលើការពិភាក្សាឯកសារសំខាន់ៗពីរ រួមមាន៖ ១) កតិការសញ្ញាសម្រាប់អនាគត (Pact for the Future) និង ២) សេចក្តីប្រកាសស្តីពីអ្នកជំនាន់ក្រោយ (Declaration on Future Generation) ព្រមទាំងជាឱកាសសម្រាប់បង្កើតបណ្តាញចំណងសាមគ្គីភាព រវាងយុវជន និងបញ្ញវន្ត មកពីគ្រប់មជ្ឈដ្ឋាន។

ឯកសារទាំងពីរនេះ ជាឯកសារ ដែលមានសារៈសំខាន់ ឬអាចនិយាយបានថា ជាចក្ខុវិស័យវែងឆ្ងាយ និងមិនមែនសំខាន់តែសម្រាប់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ឯកសារនេះជាឯកសារសកល ដែលសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ និងប្រទេសដែលមិនមែនជាសមាជិកអង្គការសហប្រជាជាតិ ត្រូវអនុវត្តជាផែនការ ជាគោលនយោបាយ ជាយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍយុវជន។ នេះជាការបញ្ជាក់របស់ឯកឧត្តម សេរី ជំនះ។
អំពីប្រទេសកម្ពុជារបស់យើង ជាពិសេសពាក់ព័ន្ធនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញនូវអាទិភាព ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមនុស្ស គឺជាយុវជន ចូលរួមយ៉ាងសំខាន់ក្នុងដំណើរការកសាងសង្គមជាតិឱ្យមានការរីកចម្រើន។

គួរជម្រាបជូនថា ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍយុវជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើអាទិភាព៥ (មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា), គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា, ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលផ្តោតលើបរិវត្តកម្មឌីជីថលដោយចាប់យកឱកាស និងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពរីកចម្រើននៃបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម៕































