រដ្ឋមន្រ្តី ៖ កំណែទម្រង់ប្រឡងបាក់ឌុប ធ្វើ​ឱ្យ​សិស្សចាប់យកថ្នាក់វិទ្យាសាស្រ្ត​សង្គម​ច្រើនជាង​ថ្នាក់វិទ្យាសាស្រ្ត​ពិត

ក្នុងការ​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ៨ តុលា ២០២៤ មានបេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួន ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខជន​ជ្រើសរើស​ថ្នាក់វិទ្យាសាស្រ្ត​សង្គម​រហូត​ដល់ ៩៧ ៦៨២នាក់ ខណៈថ្នាក់វិទ្យាសាស្រ្តពិតមានត្រឹមតែ ៣៩ ៣៥៨នាក់​ប៉ុណ្ណោះ។ ការកើនឡើងនៃបេក្ខជន​ដាក់ពាក្យ​ទៅខាងផ្នែកវិទ្យាសាស្រ្ត​សង្គមច្រើន រដ្ឋមន្រ្តីក្រសួងអប់រំអះអាងថា គឺដោយសារតែមានកំណែទម្រង់​នៃការប្រឡង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅមុនពេលធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប គេ​សង្កេតឃើញថា សិស្សថ្នាក់វិទ្យាសាស្រ្តពិតមានប្រមាណ ៧០% ហើយសិស្សថ្នាក់វិទ្យាសាស្រ្តសង្គមគឺមានតែប្រមាណ ៣០% គឺដោយសារនៅពេលនោះ ការរៀបចំប្រធានវិញ្ញាសា ជាវិញ្ញាសាពហុជ្រើសរើស មានភាពងាយស្រួលក្នុងការកែ ហើយសិស្សក៏ងាយស្រួលក្នុងការចម្លង។ ដូច្នេះ នាំឱ្យសិស្សចូលរៀនថ្នាក់វិទ្យាសាស្រ្តពិតច្រើន ដើម្បីងាយប្រឡងជាប់ ដោយគ្រាន់តែគូសសញ្ញាគ្រីស ។ ចំណែកថ្នាក់វិទ្យាសាស្រ្តសង្គមវិញ ត្រូវសរសេរច្រើន ហើយចេះច្បាស់ទើបសរសេរបាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា

បើតាម​ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី នៅពេលចាប់ផ្ដើមរឹតបន្តឹងការប្រឡងបាក់ឌុប ដើម្បីប្រឡងជាប់ថ្នាក់វិទ្យាសាស្រ្តពិត សិស្សត្រូវមានសមត្ថភាពលើមុខវិជ្ជារូបវិទ្យា គណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ និងប្រវត្តិវិទ្យា (ភាសាអង់គ្លេសជាភាសាជ្រើសរើស)។ មុខវិជ្ជាទាំងនេះ គឺលំបាកប្រសិនបើសិស្សមិនមានមូលដ្ឋានគ្រឹះចាប់ពីថ្នាក់ទី៧ ហើយប្រសិនបើសិស្សមិនមែនជាសិស្សពូកែ គឺប្រឡងមិនជាប់នោះទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយសារថ្នាក់វិទ្យាសាស្រ្តសង្គម មានអត្រាជាប់ខ្ពស់ជាងថ្នាក់វិទ្យាសាស្រ្តពិត ទើបធ្វើឱ្យសិស្សថ្នាក់វិទ្យាសាស្រ្តសង្គមកើនឡើង។ ក៏ប៉ុន្តែអត្ថប្រយោជន៍សិស្សរៀនថ្នាក់វិទ្យាសាស្រ្តពិត គឺអាចមានសមត្ថភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យធំៗ ដូចជា ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានសិស្សជាង ៣ម៉ឺននាក់អាចមានលទ្ធភាពចូលរៀន ចាប់យកមុខវិជ្ជាវិទ្យាសាស្រ្ត ហើយអាចចេញទៅវិញមានការងារធ្វើល្អ។ សម្រាប់សិស្សរៀនថ្នាក់វិទ្យាសាស្រ្តសង្គម ក៏អាចរកការងារល្អធ្វើបានដែរ ប៉ុន្តែគ្រាន់តែមិនអាចក្លាយជាវិស្វករបានដូចសិស្សថ្នាក់វិទ្យាសាស្រ្តពិត។  

«ខ្ញុំជឿជាក់ថា ចំនួនប៉ុណ្ណឹងយើងនឹងបន្តខិតខំប្រឹងប្រែងតទៅទៀត បុន្តែសំខាន់គឺគុណភាព សិស្សវិទ្យាសាស្រ្តពិត ៣០%មែន ប៉ុន្តែធានាគុណភាព។»

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ផ្អែកលើព័ត៌មានជាក់ស្ដែងដែលទទួលបានតាមរយៈការធ្វើស្ថិតិពីសិស្ស គឺសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្តសង្គម មិនមែនមកពីស្រឡាញ់ផ្នែកសង្គមនោះទេ គឺដោយសារការប្រឡងថ្នាក់សង្គមមានភាពងាយស្រួល ចំណែកការប្រឡងថ្នាក់វិទ្យាសាស្រ្តពិត មានការលំបាក រហូតដល់ប្រឡងជាប់បាក់ឌុបហើយ ទើបសិស្សត្រឡប់ចូលរៀនផ្នែកវិទ្យាសាស្រ្តពិតនៅសាកលវិទ្យាល័យវិញ។ លោកថា នេះជាបញ្ហា និងជាការព្រួយបារម្ភ ដោយស្តង់ដានៃការប្រឡងទាំងពីរមិនដូចគ្នា គឺការប្រឡងថ្នាក់វិទ្យាសាស្រ្តពិតលំបាកក្នុងការជាប់ ចំណែកការប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គមងាយក្នុងការជាប់ ដែលជំរុញឱ្យសិស្សដាក់ពាក្យប្រឡង ឬរៀនផ្នែកសង្គម ដើម្បីជាប់បាក់ឌុប។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា សិស្សថ្នាក់វិទ្យាសាស្រ្តសង្គមមួយចំនួនយល់ថា មិនបាច់ខំប្រឹងរៀនក៏ប្រឡងជាប់ដែរ គឺទៅថ្ងៃអនាគតមិនល្អនោះទេ ដោយសារសិស្សខ្សោយ មិនសូវមានគុណភាពខ្លាំង។ ក្នុងនោះ ក៏មានការជំរុញពីសាលាឱ្យសិស្សរៀនផ្នែកវិទ្យាសាស្រ្តសង្គម ព្រោះខ្លាចសិស្សធ្លាក់ ដោយសារផ្នែកសង្គមងាយប្រឡងជាប់ជាង។ ប៉ុន្តែផ្ទុយមកវិញ បើសិស្សរៀនផ្នែកសង្គម ដោយសារពួកគាត់ស្រឡាញ់មុខវិជ្ជាផ្នែកសង្គម ខិតខំប្រឹងប្រែងរៀនសូត្រ គុណភាពវិញ្ញាសាល្អទាល់តែចេះទើបជាប់ដូចថ្នាក់វិទ្យាសាស្រ្តពិត នោះនឹងល្អប្រសើរវិញ។

លោក គីម ដារ៉ា យល់ឃើញថា ដើម្បីជំរុញសិស្សចាប់យកមុខវិជ្ជាវិទ្យាសាស្រ្ត ក៏ដូចជាបង្កើនចំនួនសិស្សថ្នាក់វិទ្យាសាស្រ្តពិត គឺក្រសួងអប់រំ ត្រូវពង្រឹងវិញ្ញាសាប្រឡងបាក់ឌុបឡើងវិញ ពោលគឺស្តង់ដាវិញ្ញាសាថ្នាក់វិទ្យាសាស្រ្តសង្គមប្រហាក់ប្រហែលថ្នាក់វិទ្យាសាស្រ្តពិត នោះនឹងនាំឱ្យសិស្ស និងសាលានឹងចាប់ផ្ដើមគិតឡើងវិញថា ថ្នាក់វិទ្យាសាស្រ្តសង្គម ក៏មិនងាយប្រឡងដែរ ហើយបើមើលទៅពិបាកដូចគ្នា សាលានឹងជំរុញសិស្សឱ្យបកមកថ្នាក់វិទ្យាសាស្រ្តពិតវិញ ព្រោះថ្នាក់វិទ្យាសាស្រ្តងាយស្រួលបង្រៀនជាងថ្នាក់សង្គម ឱ្យតែសិស្សខំប្រឹងយកចិត្តទុកដាក់ មិនបាច់ត្រូវចាំច្រើនគឺព្យាយាមយល់នឹងធ្វើបាន។ ទន្ទឹមគ្ននេះ សិស្សខ្លួនឯងក៏គិតដែរថា ទន្ទេញច្រើនពេក អានច្រើនពេកហត់ មិនមែនជារឿងងាយ នោះគាត់នឹងចាប់ផ្ដើមគិតឡើងវិញថា មិនគួររៀនថ្នាក់សង្គមដើម្បីតែប្រឡងជាប់ទៀតទេ ព្រោះដើម្បីជាប់មិនមែនដោយសាររើសផ្នែកសង្គមនោះទេ ដើម្បីប្រឡងជាប់ទាល់តែប្រឹងរៀន ហើយបើបានមកពីការប្រឹងរៀន គាត់នឹងជ្រើសរើសផ្នែកវិទ្យាសាស្រ្តពិត ពេលនោះគុណភាពថ្នាក់វិទ្យាសាស្រ្តនឹងកើនឡើង។

ស្ថាបនិកសាលាបង្វឹក Startup Community បន្តថា នៅពេលមានការពង្រឹងវិញ្ញាសា ពេលនោះគេ​នឹងរកឃើញ សម្រាប់សិស្សដែលជ្រើសរើសរៀនថ្នាក់វិទ្យាសាស្រ្តសង្គម គឺសុទ្ធសឹងតែអ្នកដែលស្រឡាញ់ផ្នែកសង្គមពិតប្រាកដ មិនមែនអ្នកទៅរៀនចង់តែប្រឡងជាប់នោះទេ ហើយ​សិស្សទាំងនោះពេលប្រឡងបាក់ឌុបរួច នឹងទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យទាក់ទងមុខជំនាញផ្នែកសង្គម។ ដូច្នេះ អ្នកដែលចង់ត្រឹមជាប់បាក់ឌុបនឹងកាត់បន្ថយចំនួន ហើយនៅសល់តែមនុស្សដែលមានគោលដៅច្បាស់លាស់ថា ស្រឡាញ់ផ្នែកវិទ្យាសាស្រ្ត រៀនថ្នាក់វិទ្យាសាស្រ្តពិត និងស្រឡាញ់ផ្នែកសង្គម គឺរៀនថ្នាក់វិទ្យាសាស្រ្តសង្គម។ ប៉ុន្តែប្រសិនបើការពង្រឹងគុណភាពវិញ្ញាសាធ្វើមិនទាន់បាន គឺត្រូវបែងចែកគុណតម្លៃសញ្ញាបត្រ ដោយសញ្ញាបបត្រថ្នាក់វិទ្យាសាស្រ្តសង្គម រៀនបានតែមុខវិជ្ជាផ្នែកសង្គមប៉ុណ្ណោះ ចំណែកសញ្ញាបបត្រថ្នាក់វិទ្យាសាស្រ្តពិត អាចជ្រើសរើសរៀនមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តពិតក៏បាន និងមុខវិជ្ជាផ្នែកសង្គមក៏បាន។ លោក គីម ដារ៉ា បញ្ជាក់ថា ការកំណត់បែបនេះ សិស្សនឹងបកមករៀនផ្នែកវិទ្យាសាស្រ្តពិត, តែយ៉ាងណាការកំណត់គុណភាពវិញ្ញាប្រឡងថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម ឱ្យស្មើគ្នាគឺមានប្រសិទ្ធភាពជាង ព្រមទាំងផ្លាស់ប្ដូរការគិតរបស់គ្រូ សិស្ស និងសាលាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *