ពីភាពភ័យខ្លាច ទៅជាអ្នកដឹកនាំក្នុងសហគមន៍ កញ្ញា ស៊ាត ឈុនឡាយ ទីប្រឹក្សាជាន់ខ្ពស់នៅ DS Education និងជាទីប្រឹក្សានៃ UNYAP បាននិយាយថា កាលពីនាងនៅក្មេង នាងជាក្មេងម្នាក់ដែលតែងឱ្យតម្លៃទាបលើសមត្ថភាពខ្លួនឯង រហូតដល់ថ្នាក់ចង់បោះបង់ខ្លួនឯងចោល។ ប៉ុន្តែដោយសារក្ដីសង្ឃឹមសម្រាប់គ្រួសារនាងបានខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពស់ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ។
ឈុនឡាយ បន្តថា តាមរយៈការចូលរួមការងារស្ម័គ្រចិត្តនៅ UNYAP នាងប្រែជាមានភាពក្លាហាន ហ៊ាននិយាយពីបញ្ហាដែលបានជួបប្រទះ និងទទួលបានដំណោះស្រាយ ព្រមទាំងអាចស្វែងរកគោលបំណងក្នុងជីវិតរបស់ខ្លួន។
ឡើងនិយាយនៅលើវេទិកា ក្នុងពិធីអបអរសាទរ «ទិវាអន្តរជាតិយុវជន ឆ្នាំ២០២៦» និង «ខួប ២០ឆ្នាំនៃការបង្កើតក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNYAP)» កាលពីថ្ងៃអាទិត្យ (៣០ សីហា) កញ្ញា ស៊ាត ឈុនឡាយ បញ្ជាក់ថា នាងចូលរួមធ្វើការងារស្ម័គ្រចិត្ត ព្រោះចង់ប្រើសំឡេងរបស់ខ្លួន ដើម្បីចូលរួមចំណែកផ្ដល់ជាដំណោះស្រាយទៅដល់យុវជនក្នុងសហគមន៍ទាក់ទងទៅនឹងបញ្ហារបស់យុវជន ការសិក្សា និងសុខភាពបន្តពូជ ដែលគួរតែលើកយកមកនិយាយឱ្យបានច្រើន។
ដោយឡែក កញ្ញា នុ ឌីរ៉ា ប្រធានយុវជនមិត្តអប់រំមិត្ត មកពីខេត្តរតនគិរី បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០២៣ នាងបានបន្តរៀនជំនាញធ្វើនំ នៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET), នាងបានចូលរួមក្នុងគម្រោងទប់ស្កាត់ការរៀបការវ័យក្មេង ដែលគាំទ្រដោយ UNFPA។ ទោះជាការងារស្ម័គ្រចិត្តគ្មានប្រាក់ខែ ប៉ុន្តែការលះបង់ និងការចុះផ្សព្វផ្សាយពីភូមិមួយទៅភូមិមួយរបស់នាង បានធ្វើឱ្យប្រជាជនក្នុងសហគមន៍ជិត ៥០% យល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង និងការបោះបង់ការសិក្សា។ នៅថ្ងៃអនាគត ឌីរ៉ា មានបំណងចង់បន្តសិក្សាផ្នែកគ្រប់គ្រងសហគមន៍បន្ថែមទៀត។

សម្រាប់យុវជន សល់ រ៉ាន់ ជាយុវជនជនជាតិដើមភាគតិច មកពីខេត្តរតនគិរី បានឆ្លងកាត់ជីវិតគ្រួសារជួបការលំបាករហូតត្រូវបោះបង់ការសិក្សា។ ប៉ុន្តែក្រោយពេលបានត្រឡប់មកសិក្សាវិញ និងបានចូលរួមការងារស្ម័គ្រចិត្ត រូបគេបានជម្នះភាពភ័យខ្លាច រហូតក្លាយជាប្រធានដឹកនាំយុវជនក្នុងសហគមន៍ ដើម្បីអប់រំ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការរៀបការវ័យក្មេង និងការបោះបង់ការសិក្សា។
ទិវាអន្ដរជាតិយុវជន ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នាតែមួយ»។ ប្រធានបទនេះបង្ហាញ ថាទោះបីជាយុវជនរស់នៅក្នុងស្ថានភាពសង្គម សេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រខុសៗគ្នាក៏ពួកគេមានក្តីប្រាថ្នារួម គឺចង់ បានអនាគតដែលមានសុវត្ថិភាព មានស្ថិរភាព និងមានន័យសម្រាប់ជីវិត។
លោកស្រី វ៉ូដាន់កា អាន់ឌវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា យុវជនមិនត្រឹមតែជាអ្នកទទួលផលពីការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏ជាដៃគូអ្នកដឹកនាំ និងជាអ្នកបង្កើតការផ្លាស់ប្តូរផងដែរ។ លោកស្រីថា អនាគតរបស់ប្រទេសកម្ពុជា ត្រូវតែកសាងឡើងជាមួយពួកគេ និងដឹកនាំដោយពួកគេ។ លោកស្រី វ៉ូដាន់កា បន្តថា អង្គការសហប្រជាជាតិនៅតែប្តេជ្ញាដើរជាមួយយុវជន គាំទ្រសិទ្ធិរបស់ពួកគេ ពង្រីកសំឡេងរបស់ពួកគេ និងវិនិយោគទៅលើពួកគេនៅថ្ងៃនេះដោយមិនចាំថ្ងៃស្អែកនោះទេ។

លោក ប៉ាច បញ្ញាវ័ន្ត តំណាងយុវជន UNYAP លើកឡើងដែរថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ UNYAP បានផ្ដល់ឱកាសឱ្យយុវជនលើកឡើងពីក្តីកង្វល់ ភាពជាអ្នកដឹកនាំនិងចូលរួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមាន។ ការវិនិយោគលើយុវជនមានន័យថាការស្តាប់សំឡេងរបស់យើង ជឿទុកចិត្តលើគំនិតរបស់យើង និងបង្កើតឱកាសពិតប្រាកដសម្រាប់យើងក្នុងការបង្កើតអនាគតដែលយើងចង់បាន។ ទោះបីប្រឈមនឹងបញ្ហាជាច្រើនក៏ដោយ យុវជននៅតែមានក្តីសង្ឃឹមនិងក្តីប្រាថ្នាចំពោះអនាគត។
បើតាមរបាយការណ៍ស្ទង់មតិអនាគតប្រជាសាស្ត្រ ឆ្នាំ២០២៦ របស់ UNFPA ដែលបានសិក្សាពីយុវជនជាង១០ម៉ឺននាក់ អាយុពី១៨ ដល់៣៩ឆ្នាំ នៅក្នុងប្រទេសនិងតំបន់ចំនួន៧៣ បង្ហាញថា សន្តិសុខសេដ្ឋកិច្ច សុខភាព និងសុខុមាលភាព គឺជាអាទិភាពសំខាន់ៗរបស់យុវជន។ ទន្ទឹមនឹងនេះ យុវជនក៏មានការព្រួយបារម្ភកាន់តែខ្លាំងអំពីវិសមភាពសេដ្ឋកិច្ច ជម្លោះពិភពលោក បញ្ហាបរិស្ថាន និងការផ្លាស់ប្ដូរបច្ចេកវិទ្យា។ ក្នុងនោះ យុវជនប្រមាណ ២ភាគ៣នៃអ្នកដែលបានចូលរួមស្ទង់មតិមានអារម្មណ៍វិជ្ជមានចំពោះអនាគត។ នេះបង្ហាញថា ទោះបីពួកគេមានការព្រួយបារម្ភអំពីបញ្ហានានានាពេលបច្ចុប្បន្នក៏ដោយ ក៏ពួកគេនៅតែជឿថា អនាគតដ៏ល្អប្រសើរនៅតែអាចកើតមានបាន៕













































































