ការលេងសើចដោយប្រើពាក្យសម្ដីបៀតបៀន (Verbal bullying) ដូចជាការសើចចំអកលើរូបរាង (Body Shaming), ការហៅឈ្មោះក្រៅ (Name-calling), ការប្រៀបធៀបសមត្ថភាពកូនៗ ឬការយកចំណុចខ្សោយរបស់ក្មេងមកនិយាយលេងសើចក្នុងពិធីជួបជុំគ្រួសារ ឬក្នុងចំណោមក្រុមមនុស្ស ដែលមនុស្សធំគិតថា «ជារឿងធម្មតា» ប៉ុន្តែវាអាចបង្កើតជាស្នាមរបួសផ្លូវចិត្ត (Childhood Trauma) ដល់កុមាររហូតដល់ពួកគេពេញវ័យ។
លោក អុីង វន្នី អ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ មានប្រសាសន៍ថា ការលេងសើច ដែលបង្កឱ្យអ្នកដទៃមានរបួសផ្លូវចិត្ត ឬហៅថា Bully អាចបង្ហាញចេញតាមរយៈពាក្យសម្ដី កាយវិការ ដែលអាចឱ្យប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តអ្នកដទៃ។

តើការលេងសើចច្រើន ការស្ដីឱ្យ ឬការបង្អាប់ អាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកុមារ និងវ័យជំទង់អ្វីខ្លះ?
ឆ្លើយនឹងសំណួរនេះ លោក អុីង វន្នី លើកឡើងថា របួសផ្លូវចិត្ត អាចធ្វើឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំងដល់កុមារ និងមនុស្សវ័យជំទង់ ព្រោះពួកគេមិនដឹងថា ពាក្យសម្ដីទាំងនោះ ជាពាក្យលេងសើចទេ ដូច្នេះវាធ្វើឱ្យពួកគេឈឺចាប់ ហើយពាក្យដែលចូលក្នុងខួរក្បាលរបស់គេ នឹងបង្កើតឱ្យមានអ័រម៉ូនម៉្យាង ដែលធ្វើឱ្យពួកគេស្រ្តេស តានតឹងចិត្ត ជាដើម។ ពាក្យសម្ដីទាំងនោះ ប្រៀបដូចជា ការយកដៃទៅច្របាច់កកូនក្មេង ឬយកកាំបិតទៅចាក់គេ ឬលៀនអណ្ដាតដូចខ្មោចឆៅ ដែលវាធ្វើឱ្យពួកគេភ័យខ្លាច និងឈឺចាប់។
លោក អុីង វន្នី បន្ថែមថា នៅក្នុងបរិបទស្រុកខ្មែរ ច្រើននិយាយថា បើមិនធ្វើបែបនេះ ធ្វើម៉េចសប្បាយ? ចំណុចនេះ ចង់បង្ហាញថា បើគេស្ដីឱ្យ គេជេរ គេថាឱ្យ មានន័យថា គេចង់រាប់រក គេសរសើរ គេឱ្យតម្លៃទើបគេលេងជាមួយ។ ផ្ទុយទៅវិញ ការធ្វើបែបនេះ នឹងធ្វើឱ្យជនដែលចង់ធ្វើបាបគេ មានលេសថា ការធ្វើបែបនេះ ជារឿងល្អ។ ដូច្នេះ នៅពេលពួកគេធ្វើទង្វើទាំងនោះ អ្នកដទៃទៀតគួរតែសប្បាយ ប៉ុន្តែអ្នកទទួលខំប្រឹងញញឹម ខំប្រឹងធ្វើមិនអី ប៉ុន្តែក្នុងចិត្តគ្នាគ្រាំគ្រា ខ្ទិចខ្ទាំអស់ហើយក្នុងបេះដូង។
អ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ រូបនេះ បញ្ជាក់ថា បើតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលត្រូវបានគេ Bully ប្រាកដជាប៉ះពាល់ដល់ផ្លូវចិត្ត ហើយប៉ះពាល់ដល់ការសិក្សា ធ្វើឱ្យពួកគេពិបាកឱ្យតម្លៃលើខ្លួនឯង ពិបាកគ្រប់គ្រងអារម្មណ៍ ហើយមានបញ្ហាសង្គម មិនចង់ចូលក្នុងសង្គម ព្រោះមានសំឡេងក្នុងខ្លួនប្រាប់ថា ពួកគេមិនល្អគ្រប់គ្រាន់ មិនសមចូលរួមជាមួយអ្នកដទៃ។ លោក អុីង វន្នី បន្តថា មានករណីខ្លះឈានដល់ការសម្លាប់ខ្លួន ឬធ្វើបាបខ្លួនឯង។

បើតាម លោក អុីង វន្នី ដើម្បីការពារកុមារ និងវ័យជំទង់ពីការលេងសើចដោយប្រើពាក្យសម្ដីអវិជ្ជមាន (Bullying) គឺទី១. ក្នុងនាមជាឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវប្រាប់កូនៗ ឬកុមារ ឱ្យដឹងថា ការនិយាយថាឱ្យគេ និយាយបង្អាប់គេ បង្ហាញកាយវិការឌឺដងដាក់គេ ពុំមែនជាការបង្ហាញពីការស្រលាញ់ ឬទង្វើល្អនោះទេ ប៉ុន្តែបង្កការលំបាកដល់អ្នកដទៃ។ លើសពីនេះ ក្នុងនាមជាមនុស្សចាស់ ត្រូវតែខំប្រឹងទប់ខ្លួនឯងក្នុងការនិយាយជាមួយកុមារ ឬវ័យជំទង់ ដើម្បីកសាងសង្គម និងគ្រួសារមួយដែលវិជ្ជមាន។ ទី២. ចាប់ផ្ដើមដឹងថាអ្វីខុសអ្វីត្រូវ ហើយទប់ស្កាត់ និងរៀបចំជាគោលនយោបាយ ដោយដាក់ចេញជាច្បាប់ ដូចគ្នានឹងការមានច្បាប់ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ ជាក់ស្ដែង នៅបណ្ដាប្រទេសជឿនលឿន គេអាចប្ដឹងបានទាក់ទងនឹងការបៀតបៀន (Harassment) ដោយគ្រាន់តែនិយាយពាក្យមិនល្អ ឬគ្រាន់តែមើលរាងកាយអ្នកដទៃ (Emotional Harassment)។
លោក អ៊ីង វន្នី បញ្ជាក់បន្ថែមថា ប្រសិនបើយើងរាល់គ្នា ពីបុគ្គលម្នាក់ៗ បើមានអារម្មណ៍មិនល្អ មិនយល់ព្រម ឈឺចាប់ចំពោះពាក្យសម្ដីលេងសើចរបស់អ្នកដទៃ គឺត្រូវតែហ៊ាននិយាយថា ខ្ញុំមិនពេញចិត្តទេ! វាមិនធ្វើឱ្យខ្ញុំសប្បាយចិត្តទេ ពេលអ្នកបង្អាប់ខ្ញុំ, បង្អាប់ខ្ញុំហើយ ធ្វើឱ្យបរិយាកាសរីករាយ មិនត្រឹមត្រូវទេ ខ្ញុំមិនចូលចិត្តទេ! កុំលេងសើចបែបនេះ ជាមួយខ្ញុំទៀត!។ នៅពេលយើងធ្វើបែបនេះ ដោយម៉ឹងមាត់ តែទន់ភ្លន់ នោះគេនឹងគោរពយើង ហើយឈប់ធ្វើទៀត។
បើតាមអ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ រូបនេះ ប្រសិនយើងចង់បានសង្គមមួយដែលមានសុខដុមនីយកម្ម អ្វីដែលសំខាន់ គឺយើងប្ដូរពាក្យអវិជ្ជមានទាំងអស់ ឱ្យទៅជាវិជ្ជមាន និងផ្ដើមចេញពីពាក្យវិជ្ជមាន ទៅជាសកម្មភាពវិជ្ជមាន៕











































































