ដំណើរទស្សនកិច្ចរបស់លោកស្រី Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ព្រីតថេនមកកាន់កម្ពុជា បានផ្តល់ឱកាសសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាពិសេសវិស័យឧត្តមសិក្សា តាមរយៈជំនួប និងកិច្ចពិភាក្សាសំខាន់ៗចំនួន៣។
ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ជំនួបសំខាន់ៗទាំង៣នេះ មានសារៈសំខាន់ក្នុងការស្វែងរកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យអប់រំកម្ពុជា ជាពិសេសការលើកកម្ពស់គុណភាពឧត្តមសិក្សា និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជំនួបទី១ គឺការពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងព្រីតថេន និងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ Baroness Winterton។ កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឧត្តមសិក្សា។
ជំនួបទី២ គឺការពិភាក្សាការងារជាមួយ DICHI Academy ដើម្បីស្វែងរកលទ្ធភាពក្នុងការដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការជំនាញថ្មីៗក្នុងទីផ្សារការងារ។
ចំណែកជំនួបទី៣ គឺការពិភាក្សាការងារជាមួយក្រុមហ៊ុន Study International (Cambodia) Co., Ltd. ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកការទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិសម្រាប់កម្មវិធីសិក្សាថ្នាក់ជាតិ ដែលអាចរួមចំណែកលើកកម្ពស់ស្តង់ដារអប់រំកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងនៅកម្រិតអន្តរជាតិ។

លោកជំទាវ Baroness Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានលើកឡើងថា ព្រីតថេននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអប់រំ ក្នុងការចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ ភាគីកម្ពុជា និងព្រីតថេន រំពឹងថា នឹងអាចបន្តពង្រឹងទំនាក់ទំនងក្នុងវិស័យអប់រំ ជំរុញការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ព្រមទាំងបង្កើនឱកាសសិក្សា និងការទទួលស្គាល់គុណភាពអប់រំកម្ពុជានៅកម្រិតអន្តរជាតិ៕












































































