រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ផ្តោតសំខាន់លើគុណភាព ការស្រាវជ្រាវ និងក្រមសីលធម៌វិទ្យាសាស្ត្រ ជាជាងផ្តោតតែលើការផ្តល់សញ្ញាបត្រ ខណៈបេក្ខបណ្ឌិតម្នាក់ៗត្រូវឆ្លងកាត់នីតិវិធីសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃជាច្រើនដំណាក់កាល មុននឹងអាចបញ្ចប់ការសិក្សា។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ AMS ថា ក្នុងរយៈពេលប្រមាណ ២០ឆ្នាំកន្លងមក និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជាមានចំនួនប្រមាណ ១៥៥នាក់ ឬជាមធ្យមប្រមាណ ៦ ទៅ ៧នាក់ក្នុងមួយឆ្នាំ ហើយឆ្នាំខ្លះអាចមានដល់ ៩នាក់ ខណៈអ្នកចុះឈ្មោះចូលរៀនប្រចាំឆ្នាំមានប្រមាណ ៧០ ទៅ ៨០នាក់។
លោកបណ្ឌិតបានពន្យល់ថា ចំនួនអ្នកបញ្ចប់ការសិក្សាមានភាពខុសគ្នាពីចំនួនអ្នកចុះឈ្មោះចូលរៀន ដោយសារនិស្សិតត្រូវអនុវត្តតាមគោលការណ៍សិក្សា និងស្តង់ដារវិទ្យាសាស្ត្រដែលបានកំណត់យ៉ាងច្បាស់លាស់។
លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា ផ្អែកលើគោលការណ៍វិទ្យាសាស្ត្រដែលមានលក្ខណៈជាសកល ហើយនិស្សិតត្រូវអាន និងសិក្សាឯកសារស្រាវជ្រាវជាច្រើន ដើម្បីបំពេញកិច្ចការសិក្សា និងអភិវឌ្ឍសមត្ថភាពស្រាវជ្រាវរបស់ខ្លួន។

សម្រាប់និស្សិតថ្នាក់បណ្ឌិត ត្រូវរៀបចំនិក្ខេបបទ និងឆ្លងកាត់ការការពារស្នាដៃស្រាវជ្រាវនៅចំពោះមុខគណៈកម្មការជំនាញជាច្រើនដំណាក់កាល។ គណៈកម្មការវាយតម្លៃមានសមាជិកចាប់ពី ៣នាក់ រហូតដល់ ៧នាក់ ដើម្បីពិនិត្យ និងផ្តល់មតិកែលម្អលើស្នាដៃស្រាវជ្រាវ។
ក្រៅពីនេះ បេក្ខបណ្ឌិតត្រូវមានស្នាដៃស្រាវជ្រាវចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រចំនួន ២ដង និងត្រូវធ្វើសិក្ខាសាលាបង្ហាញស្នាដៃរបស់ខ្លួនចំនួន ២ដងផងដែរ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នីតិវិធីទាំងនេះមិនអាចរំលងបានឡើយ ហើយការឈានដល់ដំណាក់កាលការពារនិក្ខេបបទ ក៏មិនមានន័យថា បេក្ខបណ្ឌិតនឹងទទួលបានការអនុម័តដោយស្វ័យប្រវត្តិនោះដែរ។ បេក្ខបណ្ឌិតត្រូវឆ្លងកាត់ការរិះគន់ ការសួរនាំ ការវាយតម្លៃ និងការតម្រង់ទិសពីគណៈកម្មការជំនាញ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា គុណភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត គឺផ្អែកលើការគោរពក្រមសីលធម៌សិក្សា និងក្រមសីលធម៌វិទ្យាសាស្ត្រ ព្រមទាំងការអនុវត្តនីតិវិធីសិក្សាឱ្យបានពេញលេញ ដោយមិនរំលងដំណាក់កាលណាមួយឡើយ។

រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៥ និងមានបេសកកម្មសំខាន់ក្នុងការសិក្សា និងស្រាវជ្រាវទាំងផ្នែកវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋាភិបាល ព្រមទាំងចូលរួមបណ្តុះបណ្តាលធនធានមនុស្សចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រហូតដល់ថ្នាក់បណ្ឌិត៕











































































