វិទ្យាល័យតាវែង ខេត្តរតនគិរី ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកជាសាលារៀនគំរូមួយ បន្ទាប់ពីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦ របស់សាលានេះជាប់ទាំងអស់ ១០០% ខណៈសិស្សភាគច្រើនជាជនជាតិដើមភាគតិច។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានប្រកាសតាមទំព័រ Facebook ដោយចូលរួមអបអរសាទរវិទ្យាល័យតាវែង ដែលទទួលបានលទ្ធផលជាប់ ១០០% ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៦។
តាមក្រសួងអប់រំ វិទ្យាល័យតាវែង ស្ថិតនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ សាលាបច្ចុប្បន្នមានសិស្សសរុប ៥៧៣នាក់ ក្នុងនោះស្រី ៣១៣នាក់ ហើយប្រមាណ ៩៥% ជាសិស្សជនជាតិដើមភាគតិច។
លោក ម៉ិល ចាន់ថន នាយកវិទ្យាល័យតាវែង បានប្រាប់ AMS ថា លោកមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលសាលារបស់លោកទទួលបានលទ្ធផលជាសាលាគំរូ។ លោកថា លទ្ធផលជាប់ ១០០% នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ការយកចិត្តទុកដាក់រៀនសូត្ររបស់សិស្ស និងការជំរុញបន្ថែមពីអាណាព្យាបាល។
សិស្សភាគច្រើននៅវិទ្យាល័យតាវែង ជាជនជាតិដើមភាគតិច។ មួយរយៈចុងក្រោយនេះ ឃើញថា សិស្សជនជាតិដើមភាគតិចខិតខំរៀន និងអាណាព្យាបាលយល់ដឹង ជំរុញឱ្យកូនៗរៀនបានខ្ពស់ៗ រៀនដល់ថ្នាក់ទី១២ មិនបោះបង់ការសិក្សា
លោក ម៉ិល ចាន់ថន នាយកវិទ្យាល័យតាវែង
លោកនាយកក៏បានកត់សម្គាល់ថា សិស្ស និងអាណាព្យាបាលបច្ចុប្បន្ន កាន់តែយល់ដឹងអំពីតម្លៃនៃការអប់រំ និងសញ្ញាបត្រ ព្រោះពួកគេយល់ថា ការសិក្សាខ្ពស់អាចបង្កើនឱកាសទទួលបានការងារធ្វើ។ កត្តានេះបានជំរុញឱ្យសិស្សខិតខំប្រឹងប្រែងរៀនសូត្រកាន់តែខ្លាំង។
សម្រាប់លទ្ធផលបាក់ឌុបឆ្នាំ២០២៦ លោក ម៉ិល ចាន់ថន បញ្ជាក់ថា វិទ្យាល័យតាវែងមានបេក្ខជនចូលប្រឡងសរុប ៤៦នាក់ ក្នុងនោះជាប់ទាំង ៤៦នាក់ រួមមានសិស្សស្រី ២៣នាក់ ស្មើនឹងអត្រាជាប់ ១០០%។
ក្នុងចំណោមសិស្សជាប់ទាំង ៤៦នាក់ មាននិទ្ទេស B ចំនួន ១នាក់, និទ្ទេស C ចំនួន ១០នាក់, និទ្ទេស D ចំនួន ២៦នាក់ និងនិទ្ទេស E ចំនួន ៩នាក់។



សូមជម្រាបថា លទ្ធផលបាក់ឌុបឆ្នាំ ២០២៦ មានសិស្សជាង ១២ម៉ឺននាក់ជាប់ទូទាំងប្រទេស ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ២,០២២នាក់។ បច្ចុប្បន្ន សិស្សដែលទើបប្រឡងជាប់កំពុងស្វែងរកឱកាសអាហារូបករណ៍ ខណៈសិស្សមួយចំនួនទៀតកំពុងស្វែងរកជំនាញសិក្សា និងសាកលវិទ្យាល័យដែលសមស្របសម្រាប់ការសិក្សាបន្ត៕












































































