បញ្ហាការមាក់ងាយ (Bullying) និងការរើសអើងចំពោះកុមារដែលមានតម្រូវការពិសេស ជាពិសេសកុមារមានបញ្ហាអូទីស្សឹម នៅតែបន្តកើតមានក្នុងសង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបើកឱកាសឱ្យពួកគេទទួលបានការអប់រំស្មើភាពគ្នានៅតាមសាលារៀនទូទៅ។ នេះបើតាមការគូសបញ្ជាក់របស់ លោក ហឿ សេធុល អ្នកជំនាញប្រឹក្សាផ្លូវចិត្ត និងជានាយកប្រតិបត្តិនៃសាលាអប់រំពិសេស KCPS។
លោក ហឿ សេធុល លើកឡើងថា ទោះបីជាបច្ចុប្បន្នការយល់ដឹងអំពីបញ្ហាអូទីស្សឹមមានការកើនឡើងក្តី ប៉ុន្តែការរើសអើងនៅតែមានកម្រិតខ្ពស់។ បញ្ហានេះបណ្តាលមកពីសាលារៀនមួយចំនួនពុំទាន់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយគាំទ្រ ដែលជាហេតុធ្វើឱ្យកុមារទាំងនោះ សូម្បីតែកុមារដែលមានបញ្ហាអូទីស្សឹមកម្រិតស្រាល ត្រូវបាត់បង់ឱកាសចូលរួមរៀនសូត្រ និងធ្វើសមាហរណកម្មជាមួយសង្គម។ ការណ៍នេះ មិនត្រឹមតែប៉ះពាល់ដល់អនាគតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់កុមារ និងក្រុមគ្រួសារទាំងមូលផងដែរ។

ដើម្បីលុបបំបាត់បញ្ហាប្រឈមទាំងនេះ លោក ហឿ សេធុល បានស្នើឡើងនូវដំណោះស្រាយគន្លឹះចំនួន ៣ ចំណុច៖
ការយល់ដឹង និងការទទួលយករបស់ក្រុមគ្រួសារ ៖ ឪពុកម្តាយត្រូវទទួលយកការពិតពីស្ថានភាពរបស់កូន ចៀសវាងការដាក់សម្ពាធឱ្យកូនរៀនដូចកុមារធម្មតាជ្រុលហួសហេតុ ឬបញ្ជូនកូនទៅកាន់មជ្ឈដ្ឋានដែលមិនសមស្របនឹងការរីកលូតលាស់របស់ពួកគេ។
ការលើកកម្ពស់ការយល់ដឹងក្នុងសង្គម៖ ជំរុញការផ្សព្វផ្សាយជាសាធារណៈឱ្យកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយការមាក់ងាយ និងទស្សនៈរើសអើងមកលើកុមារអូទីស្សឹម។
គោលនយោបាយ និងការគាំទ្រពីរាជរដ្ឋាភិបាល ៖ រៀបចំផែនការដាក់បញ្ចូលកុមារមានតម្រូវការពិសេសទៅក្នុងប្រព័ន្ធអប់រំទូទៅ ជំរុញសាលាឯកជនឱ្យទទួលយកពួកគេ ព្រមទាំងបង្កើនការបណ្តុះបណ្តាលធនធានគ្រូជំនាញអប់រំពិសេសឱ្យបានកាន់តែច្រើន។
យោងតាមទិន្នន័យពីអង្គការយូនីសេហ្វ (UNICEF) បច្ចុប្បន្នប្រទេសកម្ពុជាមានសិស្សមានពិការភាពជាង ៣ម៉ឺននាក់ កំពុងចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធអប់រំទូទៅទូទាំងប្រទេស ខណៈប្រមាណ ១.២០០ នាក់ទៀត កំពុងសិក្សានៅតាមសាលារៀនចំនួន ៦ ដែលផ្តល់កម្មវិធីអប់រំពិសេស។

ទោះជាយ៉ាងណា របាយការណ៍បានកត់សម្គាល់ថា កុមារជាច្រើននៅតែប្រឈមនឹងការបាត់បង់ឱកាសចូលរៀន ដោយសារកត្តាមាក់ងាយ ការខ្មាសអៀន កង្វះការយល់ដឹងរបស់អាណាព្យាបាល ក៏ដូចជាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ សម្ភារសិក្សាឯកទេស និងសមត្ថភាពរបស់គ្រូបង្រៀនក្នុងការសម្របសម្រួលវិធីសាស្ត្របង្រៀន។
ឆ្លើយតបនឹងបញ្ហានេះ អង្គការ UNICEF កំពុងបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមូលនិធិភាពជាដៃគូដើម្បីអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ (CDPF) ដើម្បីពង្រឹងវិសាលភាពនៃការអប់រំបរិយាបន្ន។ ជាលទ្ធផលចាប់តាំងពីឆ្នាំ ២០១៨ មក គ្រូបង្រៀននៅតាមសាលារៀនទូទៅចំនួន ៥.០០០ នាក់ ទទួលបានការបណ្តុះបណ្តាលស្តីពីការអប់រំបរិយាបន្ន (ក្នុងនោះ ១.០០០ នាក់ ទទួលបានការបណ្តុះបណ្តាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយ)។ លើសពីនេះ គ្រូបង្រៀនចំនួន ១៤៦ នាក់ បានបញ្ចប់វគ្គសិក្សាជំនាញកម្រិតសញ្ញាបត្ររយៈពេលមួយឆ្នាំ ពីវិទ្យាស្ថានជាតិអប់រំពិសេស លើជំនាញកម្សោយគំហើញ កម្សោយការស្តាប់ និងពិការភាពសតិបញ្ញានិងអូទីស្សឹម ដើម្បីត្រៀមខ្លួនចុះជួយគាំទ្រដល់សិស្សានុសិស្សនៅតាមសាលារៀនគោលដៅនានា៕













































































