បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard សម្រាប់អនុបណ្ឌិតទី២លើជំនាញវិភាគគោលនយោបាយអប់រំ កញ្ញា សេង រ័ត្នសេដ្ឋាមុនីបានជ្រើសរើសត្រឡប់មកកម្ពុជា ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការរួមចំណែក ក្នុងវិស័យអប់រំ។ ក្នុងឆ្នាំ២០២៦ នេះ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលជាអគ្គនាយិកា និងសហស្ថាបនិក បំណង (Bamnang) នឹងបន្តរៀបចំកម្មវិធី Meet & Greet with Mony ជាលើកទី៦ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងបើកឱកាសថ្មីៗសម្រាប់សិស្សានុសិស្សកម្ពុជា ក្នុងការរៀបចំអនាគតសិក្សារបស់ពួកគេ។
ក្រោយពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានបញ្ចប់ បំណង (Bamnang) រៀបចំកម្មវិធី “Meet & Greet with Mony 2026” ដើម្បីផ្តល់ការណែនាំ និងពង្រឹងសមត្ថភាពសិស្សវិទ្យាល័យកម្ពុជាតាមរយៈឱកាសសិក្សានៅសាកលវិទ្យាល័យ អាហារូបករណ៍ទៅសិក្សានៅបរទេស កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងជម្រើសកន្លែងស្នាក់នៅសម្រាប់និស្សិត។
កម្មវិធី Meet & Greet with Mony ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ ២០២១ ហើយបានរីកចម្រើនក្លាយជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការគាំទ្រ និងពង្រឹងសមត្ថភាពយុវជនកម្ពុជា ដោយបានផ្សារភ្ជាប់ និងជួយតម្រង់ទិសសិស្សានុសិស្សជាង ១០,០០០ នាក់ ទូទាំងប្រទេសក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ឈានចូលដល់ឆ្នាំទី៦ កម្មវិធីនេះនៅតែបន្តបេសកកម្មក្នុងការផ្តល់ការប្រឹក្សាផ្ទាល់ ការតម្រង់ទិសផ្នែកសិក្សា អាហារូបករណ៍សម្រាប់កន្លែងស្នាក់នៅ និងដំណោះស្រាយការរស់នៅជាក់ស្តែង ដល់សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។
ការសម្រេចចិត្តក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់យុវជនកម្ពុជា ចាប់តាំងពីការជ្រើសរើសសាកលវិទ្យាល័យ និងមុខជំនាញដែលសមស្រប ការដាក់ពាក្យយកអាហារូបករណ៍អន្តរជាតិ រហូតដល់ការស្វែងរកកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងតម្លៃសមរម្យនៅភ្នំពេញ។ ដោយហេតុនេះហើយ ទើបកម្មវិធី Meet & Greet with Mony 2026 បានប្រមូលផ្តុំនូវវាគ្មិនល្បីៗ ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ តំណាងសាកលវិទ្យាល័យ និងតំណាងស្ថានទូត ដើម្បីផ្តល់ព័ត៌មាន និងចូលរួមដោះស្រាយបញ្ហាសំខាន់ៗទាំងនេះ។




កម្មវិធីនេះនឹងផ្តោតសំខាន់លើចំណុចធំៗចំនួន ៤ ដូចជា៖
១. ព័ត៌មានកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៖ ផ្តល់ព័ត៌មានលម្អិតអំពី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ (Techo Digital Talent Scholarship) និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលថ្នាក់ជាតិ។
២. ការរៀបចំដាក់ពាក្យទៅសាកលវិទ្យាល័យ Ivy League និងគន្លឹះក្នុងការសិក្សា ៖ ចែករំលែក យុទ្ធសាស្ត្រក្នុងការរៀបចំប្រវត្តិរូបដាក់ពាក្យទៅសាកលវិទ្យាល័យកំពូលៗ ព្រមទាំងគន្លឹះសិក្សានៅថ្នាក់មហាវិទ្យាល័យដើម្បីទទួលបានលទ្ធផលល្អ។
៣. ការរស់នៅទីក្រុង និងដំណោះស្រាយកន្លែងស្នាក់នៅ៖ ផ្តល់ការណែនាំអំពីការសម្របខ្លួនទៅនឹងជីវិតសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងការបង្ហាញពីជម្រើសកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពនិងផាសុកភាពពី Bamnang Housing រួមជាមួយឱកាសអាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្សដែលចូលរួមកម្មវិធី។
៤. យល់ដឹងពីឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិក និងអន្តរជាតិ ៖ ផ្តល់ការណែនាំអំពីការទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក និងស្វែងយល់ពីឱកាសសិក្សានៅស្ថាប័នអប់រំជុំវិញពិភពលោក។
«ចាប់តាំងពីយើងចាប់ផ្តើមកម្មវិធីនេះនៅឆ្នាំ២០២១ ពួកយើងពិតជារំភើបក្រោយបានឃើញសិស្សរាប់ពាន់នាក់ទទួលបានភាពជឿជាក់ និងទិសដៅច្បាស់លាស់សម្រាប់អនាគតរបស់ពួកគាត់… ពួកយើងសង្ឃឹមថា កម្មវិធីឆ្នាំ២០២៦ នេះ នឹងបន្តផ្តល់នូវបទពិសោធន៍ និងទស្សនៈថ្មីៗដ៏មានតម្លៃសម្រាប់ប្អូនៗ។ សូមប្អូនៗទាំងអស់បន្តក្តីស្រមៃ និងភាពប្ដេជ្ញាចិត្ត ដោយជឿជាក់ថា អនាគតដ៏ភ្លឺស្វាងចាប់ផ្តើមពីជំហានតូចៗនៅថ្ងៃនេះ។»
កញ្ញា សេង រ័ត្នសេដ្ឋាមុនី
កម្មវិធី Meet & Greet with Mony 2026 ត្រូវបានទទួលស្គាល់ជាផ្លូវការពី ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) គាំទ្រដោយ ស្ថានទូតអាមេរិកប្រចាំកម្ពុជា (U.S. Embassy), Exchange Alumni, EducationUSA, និង American Corner ដោយមាន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដៃគូសាកលវិទ្យាល័យផ្លូវការ។ ដៃគូផ្សព្វផ្សាយ (Media Partners) រួមមាន BizKhmer Media, B2B Cambodia, Apsara Media Services (AMS), Kiripost, Cambodia Investment Review (CIR), អាឡាដាំង (Ahladang), និង ដើមអម្ពិល (DAP News)។
ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួម៖
- ឈ្មោះកម្មវិធី៖ Meet & Greet with Mony 2026 (”Scholarship & Study Tips”)
- តម្លៃសំបុត្រ៖ ចូលរួមដោយឥតគិតថ្លៃ (តម្រូវឱ្យចុះឈ្មោះទុកជាមុន ព្រោះកន្លែងមានកំណត់)
- តំណភ្ជាប់ចុះឈ្មោះ https://app.bamnang.com/event/meet-and-greet-with-mony-abc-2026
- តំណភ្ជាប់ Telegram Group (បន្ទាប់ពីចុះឈ្មោះរួច)៖ https://t.me/+MhI5R4eDD3Y5OTdl
- សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ Telegram @bamnangbott ឬ +855 92 232 523












































































