ភ្នំពេញ- ភ្លាមៗក្រោយពីក្រសួងអប់រំយុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ ១គ្រឿង (HONDA BEAT) ជូនដល់សិស្សនិទ្ទេស A ដែលខេត្តនេះមានជាប់ចំនួន២២រូប។
ក្នុងពេលអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមអបអរសាទរជាមួយក្មួយៗដែលសិស្សជ័យលាភីថ្នាក់ទី១២ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ទាំងអស់ ជាពិសេសសូមកោតសរសើរចំពោះក្មួយៗដែលទទួលបាននិទ្ទេស A។ ដោយឡែកដើម្បីលើកទឹកចិត្តដល់ក្មួយៗ ឯកឧត្តម វ៉ី សំណាង នៅតែរក្សារង្វាន់ម៉ូតូម្នាក់មួយដដែលសម្រាប់សិស្សនិទេស A។

សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជនប្រឡងក្នុងខេត្តកមពង់ស្ពឺមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។

គួរជម្រាបជូនថា បើតាមក្រសួងអប់រំ យុវជនណិងកីឡា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានបេក្ខជនសរុបចំនួន ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះ បេក្ខជនជាប់និទ្ទេសA ចំនួន ១០៤៩នាក់, និទ្ទេសB ចំនួន ៧២៣២នាក់, និទ្ទេសC ចំនួន ១៩០៥៣នាក់, និទ្ទេសD ចំនួន ៧១១៦៦នាក់ និងនិទ្ទេសE ចំនួន ៣២៤៥០នាក់៕































