អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលំហូរនៃ «មាតិកាពុល» និងការរិះគន់ក្នុងន័យជាន់ពន្លិចនៅលើបណ្តាញសង្គម ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ធរដល់កិត្តិយស កិត្យានុភាព និងកិច្ចខិតខំប្រឹងប្រែងកែទម្រង់វិស័យអប់រំនៅកម្ពុជា។
តាមរយៈការថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល ការបញ្ចេញមតិដែលពោរពេញដោយកំហឹង ការទម្លាក់កំហុស និងការប្រៀបធៀបដោយគ្មានមូលដ្ឋាន មិនត្រឹមតែបំបាក់ទឹកចិត្តលោកគ្រូអ្នកគ្រូដែលកំពុងលះបង់កម្លាំងកាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសិស្សានុសិស្សបាត់បង់ភាពជឿជាក់លើប្រព័ន្ធអប់រំជាតិទៀតផង។
ដើម្បីស្ដារ និងរក្សាបរិយាកាសអប់រំឱ្យមានភាពវិជ្ជមាន ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា បានបង្ហាញនូវចំណុចប្រឈម និងទស្សនៈអវិជ្ជមានចំនួន ៧ សំខាន់ៗ ដែលសាធារណជន និងអ្នកប្រៀបធៀបលើបណ្តាញសង្គមគួរផ្លាស់ប្តូរផ្នត់គំនិត៖
ទី១. ការយកចំណាត់ថ្នាក់អន្តរជាតិ (PISA) មកធ្វើជាអាវុធវាយប្រហារ ជំនួសឱ្យការអបអរសាទរ៖ ឯកឧត្តម សាន វឌ្ឍនា លើកឡើងថា ការយកលទ្ធផលអប់រំរបស់កម្ពុជា ទៅប្រៀបធៀបនឹងប្រទេសជិតខាងដែលសម្បូរធនធាន ដើម្បីបន្ទោសបង្អាប់ប្រព័ន្ធអប់រំខ្លួនឯង គឺជារឿងដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកអនុវត្តផ្ទាល់យ៉ាងខ្លាំង។ យើងត្រូវចងចាំពីប្រវត្តិសាស្ត្រ និងបរិបទរបស់យើង ដែលត្រូវកសាងវិស័យអប់រំពីបាតដៃទទេ។ ជំនួសឱ្យការប្រើប្រាស់តួលេខដើម្បីបំបាក់ទឹកចិត្ត យើងគួរតែស្ងើចសរសើរចំពោះវឌ្ឍនភាព ដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រើប្រាស់លទ្ធផលទាំងនេះជាត្រីវិស័យស្វែងរកចំណុចកែលម្អតាមបែបស្ថាបនា។

ទី២. ការជាន់ឈ្លីកិត្តិយសគ្រូបង្រៀននៅលើបណ្តាញសង្គម ៖ ឯកឧត្តមមានប្រសាសន៍ថា ការកាត់តវីដេអូខ្លីៗ ឬទាញយកតែមួយជ្រុងនៃបញ្ហាមកបង្ហោះលើបណ្តាញសង្គម ដើម្បីធ្វើឱ្យលោកគ្រូអ្នកគ្រូអាម៉ាស់ជាសាធារណៈ គឺជាទង្វើដ៏គ្រោះថ្នាក់។ គ្រូបង្រៀន គឺជាវិស្វករព្រលឹង និងជាបេះដូងនៃសង្គមជាតិ។ ការវាយប្រហារតាមបណ្តាញសង្គម មិនមែនជាដំណោះស្រាយនោះទេ តែវាជាការសម្លាប់ទឹកចិត្តអ្នកដែលកំពុងលះបង់។ យើងគួរតែប្តូរពីវប្បធម៌ “ចាប់កំហុស” ទៅជាវប្បធម៌ “ផ្តល់មតិស្ថាបនា” និងចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង (ដូចជាកង្វះខាតសម្ភារៈ ឬបន្ទប់រៀនចង្អៀត) ទើបជាការជួយជ្រោមជ្រែងពិតប្រាកដ។
ទី៣. សម្ពាធផ្លូវចិត្ត និងការវាស់វែងអនាគតយុវជនត្រឹម ”និទ្ទេសបាក់ឌុប” ៖ ការលើកតម្កើងជ្រុលហួសហេតុទៅលើនិទ្ទេសល្អ បានបង្កើតជាខ្លឹមសារបំពុល ដែលធ្វើឱ្យសិស្សានុសិស្សបាត់បង់ភាពជឿជាក់ និងរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ និទ្ទេសបាក់ឌុប ជារឿងសំខាន់ តែវាមិនមែនជាសេចក្តីសម្រេចចុងក្រោយនៃជីវិតនោះទេ។ តម្លៃ និងអនាគតរបស់យុវជនម្នាក់ មិនអាចវាស់វែងត្រឹមក្រដាសប្រឡងមួយសន្លឹកឡើយ។ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សហគ្រិនភាព និងជំនាញទន់ (Soft Skills) សុទ្ធសឹងតែជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិដូចគ្នា ដែលយើងត្រូវតែលើកទឹកចិត្តនិងអបអរគ្រប់ទម្រង់នៃភាពជោគជ័យ។
ទី៤. ការទម្លាក់កំហុសទាំងស្រុងលើសាលារៀន ចំពោះការវិវត្តនៃតម្លៃសង្គម ៖ ជារឿយៗ សាលារៀនបានក្លាយជាផ្ទាំងស៊ីបនៃការទម្លាក់កំហុស ពេលដែលយុវជនមានការប្រែប្រួលអាកប្បកិរិយា ឬទទួលឥទ្ធិពលពីវប្បធម៌បរទេស។ សាលារៀនមិនមែនជាកោះឯកកោ ដែលអាចទប់ទល់នឹងរលកនៃសកលភាវូបនីយកម្មតែឯងនោះទេ។ ការអប់រំគឺជា “ការទទួលខុសត្រូវរួម”។ ដើម្បីឱ្យយុវជនម្នាក់រីកលូតលាស់ប្រកបដោយសីលធម៌ និងសមត្ថភាព វាទាមទារឱ្យមានការចាប់ដៃគ្នាយ៉ាងស្អិតរមួត រវាងសាលារៀន ក្រុមគ្រួសារ សហគមន៍ និងអ្នកបញ្ចេញមតិនៅលើបណ្តាញសង្គម។ វិស័យអប់រំដ៏រឹងមាំមួយ កើតចេញពីការរួបរួមគ្នា មិនមែនការបំបែកបំបាក់នោះឡើយ។
ទី៥. ការមើលរំលងតម្លៃនៃ “ជម្រើស និងសមធម៌” តាមរយៈការវាយប្រហារសាលាឯកជន ៖ ជារឿយៗ យើងតែងឃើញមានការរិះគន់ប្រៀបធៀបថា ការរីកដុះដាលនៃសាលាឯកជននិងអន្តរជាតិ គឺជាអាជីវកម្មដែលបង្កើតឱ្យមានគម្លាតសង្គម រវាងអ្នកមាននិងអ្នកក្រ។ ជំនួសឱ្យការចោទប្រកាន់ យើងគួរគិតក្នុងផ្លូវវិជ្ជមានថា នេះគឺជាការផ្តល់ “ជម្រើស” ដ៏សម្បូរបែបសម្រាប់មាតាបិតា និងជាការជួយរំលែកបន្ទុកដ៏ធំពីសាលារដ្ឋ។ ប្រព័ន្ធអប់រំមួយដែលរឹងមាំ ត្រូវការការចូលរួមពីគ្រប់ភាគីដើម្បីជំរុញគុណភាពអប់រំរួម និងឈានទៅរកការបង្កើតបរិយាកាសសិក្សាមួយដែលល្អប្រសើរសម្រាប់កុមារកម្ពុជាគ្រប់ៗរូប។

ទី៦. ការបន្ទាបតម្លៃ “សង្គមវិទ្យា” ក្នុងខណៈពេលដែលយើងសម្រុកទៅរកការអប់រំផ្នែក STEM ៖ នៅក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ៤.០ វោហាសព្ទប្រៀបធៀបនិងជាន់ពន្លិចនិស្សិតផ្នែកសង្គមវិទ្យា សិល្បៈ និងមនុស្សសាស្ត្រ ថាជារបស់ហួសសម័យ បានលេចឡើងយ៉ាងផុសផុល។ ការជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជារឿងចាំបាច់បំផុត ប៉ុន្តែយើងមិនត្រូវបំបាក់ទឹកចិត្តអ្នកសិក្សាវិទ្យាសាស្រ្តសង្គមឡើយ។ កម្ពុជាកំពុងអភិវឌ្ឍ យើងមិនត្រឹមតែត្រូវការ “វិស្វករ” ដើម្បីសាងសង់ស្ពាន និងផ្លូវថ្នល់ប៉ុណ្ណោះទេ តែយើងក៏ត្រូវការ “អ្នកសង្គមវិទ្យា អ្នកតាក់តែងគោលនយោបាយ និងអ្នកអប់រំ” ដើម្បីកសាងស្ពាននៃសន្តិភាព ការយល់ចិត្ត និងថែរក្សាអត្តសញ្ញាណជាតិផងដែរ។
ទី៧. ការជេរប្រមាថសិស្សដែលមានកំហុស ដោយភ្លេចថា “ការជេរប្រមាថនោះឯង គឺជាឫសគល់នៃអសីលធម៌” ៖ ជារឿយៗ នៅពេលឃើញសិស្សានុសិស្សមានកំហុសឆ្គងផ្នែកសីលធម៌ ឬអាកប្បកិរិយា មហាជនលើបណ្តាញសង្គមមួយចំនួនតែងតែសម្រុកចូលទៅបញ្ចេញមតិជេរប្រមាថ ប្រើពាក្យអសុរោះ និងជាន់ពន្លិចយ៉ាងចាស់ដៃ។ អ្នកបញ្ចេញមតិទាំងនោះតែងតាំងខ្លួនជាអ្នកការពារសីលធម៌ ដោយភ្លេចគិតថា ពាក្យសម្តីអសីលធម៌ ការប្រមាថ និងការគុំកួនដែលពួកគេកំពុងសរសេរនោះហើយ គឺជាគំរូអាក្រក់ និងជាប្រភពដ៏ធំមួយដែលកំពុងបំពុលសីលធម៌សង្គមផ្ទាល់តែម្តង។ យើងមិនអាចយក “ទឹកស្មោកគ្រោក” ទៅលាងសម្អាតក្អែលបានឡើយ។ យុវជនដែលធ្វើខុស ត្រូវការ “ការអប់រំ និងឱកាសកែប្រែ” មិនមែន “ការកាត់ក្តីសម្លាប់កិត្តិយស” នោះទេ។ ក្នុងនាមជាមនុស្សពេញវ័យ យើងគួរតែបង្ហាញភាពជាគំរូតាមរយៈការណែនាំប្រកបដោយធម៌មេត្តា ប្រើប្រាស់ភាសាស្ថាបនា និងជួយទាញពួកគេឱ្យដើរមកផ្លូវត្រូវវិញ ទើបហៅថា ការចូលរួមលើកស្ទួយសីលធម៌សង្គមពិតប្រាកដ។
ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា បានស្នើដល់សាធារណជនទាំងអស់ ជៀសវាងការយកវិស័យអប់រំធ្វើជាវេទិការិះគន់បង្កើតទស្សនៈអវិជ្ជមាន។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការរិះគន់ដើម្បីស្ថាបនាគឺជាកម្លាំងរុញច្រានឱ្យមានការរីកចម្រើន ប៉ុន្តែការប្រើប្រាស់បណ្តាញសង្គមដើម្បីផលិតមាតិកាពុល វាយប្រហារ ជាន់ពន្លិច និងទម្លាក់កំហុស គឺជាការបំផ្លាញទៅវិញទេ។ ដូច្នេះ ដល់ពេលដែលប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាផ្លាស់ប្តូរវប្បធម៌នៃការបញ្ចេញមតិ ដោយចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ តាមរយៈការផ្តល់កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មដើម្បីកសាងសង្គមមួយដែលពោរពេញដោយចំណេះដឹង សីលធម៌ និងក្តីសង្ឃឹម៕











































































