ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង ស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
តាមក្រសួងអប់រំ ចំពោះនិស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា សាធារណៈតាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សា ត្រូវមានលក្ខណសម្បត្តិមួយចំនួនដូចខាងក្រោមទើបអាចទទួលបានកន្លែងស្នាក់នៅនេះ។
លក្ខខណ្ឌជ្រើសរើស
- ជានិស្សិតនារីក្រីក្រ អាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា សាធារណៈក្នុងរាជធានីភ្នំពេញ
- ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីដែលមានពិការភាព (សូមភ្ជាប់លិខិតបញ្ជាក់ពីមេឃុំ)
- ជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។
កាលបរិច្ឆេទ និងទីកន្លែងដាក់ពាក្យ បេក្ខជន ត្រូវយកពាក្យស្នើសុំមកដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

ចំពោះការប្រកាសលទ្ធផល ក្រសួងនឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការ របស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើស នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ចំពោះព័ត៌មានបន្ថែមផ្សេងៗ សិស្ស និស្សិតអាចទំនាក់ទំនងលេខទូរសព្ទ ០៨៩ ៦៧៧ ៨៨៧ និង ០៧៧ ៤៨៦ ៧៨៧៕














































































