មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា បានចេញសេចក្តីបំភ្លឺព័ត៌មាន ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវលើករណីបុគ្គលិកសុខាភិបាលម្នាក់ បម្រើការងារនៅមណ្ឌលសុខភាពសិត្បូ ដែលរងការរិះគន់នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការផ្តល់ការសង្គ្រោះបឋមដោយវិធី Cardiopulmonary Resuscitation (CPR) ដល់អ្នកជំងឺស្រីអាយុ ១៧ ឆ្នាំ។
ករណីនេះបានក្លាយជាប្រធានបទជជែកវែកញែក បន្ទាប់ពីវីដេអូមួយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដោយមានអ្នកប្រើប្រាស់មួយចំនួនអះអាងថា វិធីសាស្ត្រសង្គ្រោះបឋមដែលគ្រូពេទ្យអនុវត្ត មិនស្របតាមបច្ចេកទេសវេជ្ជសាស្ត្រ និងអាចប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
មន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម ក្រុមការងារជំនាញបានសហការជាមួយគណៈគិលានុបដ្ឋាក ចុះស្រាវជ្រាវ និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់។
បើតាមសេចក្តីបំភ្លឺដដែល ប្រសិនបើលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ការផ្តល់ការសង្គ្រោះបឋមពិតជាបានប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីមែន មន្ទីរសុខាភិបាលនឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិជាធរមាន។
វីដេអូដែលមានរយៈពេលប្រមាណ ១ នាទីកន្លះ និងត្រូវបានបង្ហោះដោយសាច់ញាតិអ្នកជំងឺ បង្ហាញពីសកម្មភាពរបស់គ្រូពេទ្យកំពុងធ្វើ CPR ដល់អ្នកជំងឺស្រី។ ក្រោយការផ្សព្វផ្សាយ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចោទសួរអំពីភាពត្រឹមត្រូវនៃទីតាំងដាក់ដៃ និងបច្ចេកទេស CPR ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់។
ជុំវិញករណីនេះ លោកបណ្ឌិត កែវ មាលា អ្នកតាមដានសង្គមមួយរូប បានលើកឡើងថា សាធារណជនគួររង់ចាំលទ្ធផលនៃការស៊ើបអង្កេតពីមន្ត្រីជំនាញ មុននឹងធ្វើការសន្និដ្ឋានលើករណីនេះ។ លោកបានបន្ថែមថា ប្រសិនបើការស៊ើបអង្កេតរកឃើញថា ពិតជាមានការប្រព្រឹត្តខុសវិជ្ជាជីវៈមែន អាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការតាមច្បាប់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ដោយឡែក លោកវេជ្ជបណ្ឌិត លី រតនា មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើករណីនេះទេ ដោយស្នើឱ្យទុកឱ្យមន្ត្រីជំនាញដោះស្រាយតាមនីតិវិធី និងវិជ្ជាជីវៈ។ ទោះជាយ៉ាងណា លោកបានពន្យល់ជាទូទៅថា ការធ្វើ CPR គឺជាវិធីសង្គ្រោះបន្ទាន់ដែលអាចអនុវត្តក្នុងករណីអ្នកជំងឺគាំងបេះដូង ដង្ហើមមិនប្រក្រតី លង់ទឹក ឆក់ខ្សែភ្លើង ឬស្ថានភាពបន្ទាន់ផ្សេងៗ ដែលបណ្តាលឱ្យបាត់បង់មុខងារបេះដូង និងសួត។

លោកបានបញ្ជាក់ថា ជាទូទៅ ការសង្គ្រោះមុខងារបេះដូង និងសួតមានពីរវិធី គឺ CPR ដោយសង្កត់ទ្រូងរួមជាមួយការផ្លុំខ្យល់ (Rescue Breathing) ដែលត្រូវបានណែនាំសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ កុមារ អ្នកលង់ទឹក អ្នកប្រើថ្នាំលើសកម្រិត អ្នកដែលគាំងដង្ហើមមុនគាំងបេះដូង និងករណីដែលអ្នកជួយសង្គ្រោះមានជំនាញអាចផ្លុំខ្យល់បាន។
CPR ដោយសង្កត់ទ្រូងតែប៉ុណ្ណោះ (Hands-only CPR) ដែលអាចអនុវត្តបាននៅពេលមានអ្នកជួយសង្គ្រោះតែម្នាក់ ឬអ្នកជួយមិនមានជំនាញ ឬមិនអាចផ្លុំខ្យល់បាន ជាពិសេសក្នុងករណីអ្នកជំងឺគាំងបេះដូងភ្លាមៗ៕












































































