សម្រាប់អ្នករស់នៅទីក្រុង កង់មួយគ្រឿងអាចគ្រាន់តែជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ឬជាមធ្យោបាយសាមញ្ញមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សិស្សដែលរស់នៅតំបន់ជនបទ និងដាច់ស្រយាល កង់មួយគ្រឿងអាចក្លាយជា «ស្ពាន» ដ៏សំខាន់ ដែលនាំពួកគេទៅដល់សាលារៀន កាត់បន្ថយការបោះបង់ការសិក្សា និងបង្កើនឱកាសឆ្ពោះទៅរកអនាគតកាន់តែប្រសើរ។
លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានប្រាប់ AMS ថា សម្រាប់កុមារដែលរស់នៅតំបន់ដាច់ស្រយាល កង់មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏សំខាន់ដែលនាំមកនូវក្តីសង្ឃឹម និងជាស្ពានឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
លោកបានបញ្ជាក់ថា កង់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបោះបង់ការសិក្សា ដោយជួយឱ្យសិស្សានុសិស្សអាចទៅរៀនបានទៀងទាត់។ លើសពីនេះ ការទទួលបានកង់ថ្មីក៏ជួយបង្កើនទំនុកចិត្ត លើកទឹកចិត្តឱ្យកុមារខិតខំរៀនសូត្រ និងកាត់បន្ថយបន្ទុកជីវភាពរបស់គ្រួសារងាយរងគ្រោះផងដែរ។
«កង់មួយគ្រឿងអាចផ្លាស់ប្តូរលទ្ធផលសិក្សា និងអនាគតរបស់កុមារនៅតំបន់ជនបទ។ កង់មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានដ៏សំខាន់ដែលជួយសម្រាលការលំបាករបស់អាណាព្យាបាល និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ»
លោក នី សុផារ៉ាន់
លោកបានបន្ថែមថា កង់ក៏ជួយឱ្យសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រមទាំងតំបន់ដាច់ស្រយាលផ្សេងទៀត អាចធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។

លោកបានអះអាងថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្នុងការគាំទ្រកុមារងាយរងគ្រោះ ធានាឱ្យកុមារគ្រប់រូបទទួលបានឱកាសអប់រំដោយស្មើភាព និងរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព។
ក្នុងឆ្នាំ២០២៥ តាមរយៈគម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសដល់កុមារបាត់បង់ឱកាសនៅកម្ពុជា» (CCOSC) អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា និងម្ចាស់ជំនួយ បានចែកជូនកង់ចំនួន ៥,០២៦ គ្រឿង រួមជាមួយសម្ភារសិក្សាផ្សេងៗ ដល់កុមារមកពីគ្រួសារក្រីក្រ និងរស់នៅឆ្ងាយពីសាលារៀន ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ កណ្តាល និងតាកែវ។
ទោះជាយ៉ាងណា លោក នី សុផារ៉ាន់ បានឱ្យដឹងថា កង់នៅតែជាតម្រូវការអាទិភាពសម្រាប់សិស្សដែលរស់នៅតំបន់ដាច់ស្រយាល ហើយអង្គការនឹងបន្តកៀរគរធនធាន និងការគាំទ្របន្ថែម ដើម្បីឱ្យកុមារកាន់តែច្រើនអាចបន្តការសិក្សា និងកសាងអនាគតរបស់ខ្លួនតាមរយៈការទទួលបានកង់មួយគ្រឿង។

អ្នកគ្រូ លុយ ម៉ាលីម គ្រូបង្រៀននៅសាលាបឋមសិក្សាស្រះម្លិះ គាត ឈន់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ AMS ថា កង់គឺជាមធ្យោបាយដ៏មានតម្លៃសម្រាប់សិស្សនៅជនបទ ព្រោះជួយឱ្យពួកគេអាចមករៀនបានទៀងទាត់ ទោះបីផ្ទះស្ថិតនៅឆ្ងាយពីសាលាក៏ដោយ។ «កង់ជាមធ្យោបាយមានតម្លៃណាស់សម្រាប់សិស្សនៅជនបទ ព្រោះសាលាខ្លះស្ថិតនៅឆ្ងាយពីផ្ទះ ហើយនៅតាមជនបទក៏មិនសម្បូរមធ្យោបាយធ្វើដំណើរដូចនៅទីក្រុងដែរ។ កង់គឺជាមធ្យោបាយដែលនាំកុមារមកទទួលការអប់រំ និងជួយឱ្យពួកគេបន្តក្តីស្រមៃរបស់ខ្លួន»៕













































































