ក្រសួងទេសចរណ៍ កាលពីដើមសប្តាហ៍នេះ បានប្រកាសអំពីការរៀបចំ “ចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២៦” ដោយអនុញ្ញាតឱ្យសិស្សនិស្សិតទាំងអស់ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចូលរួម តាមរយៈអត្ថបទស្រាវជ្រាវរបស់ខ្លួន។
បើតាមក្រសួងទេសចរណ៍ ចលនាប្រឡងប្រណាំងស្នាដៃនេះ ធ្វើឡើងក្នុងបំណងលើកកម្ពស់សមត្ថភាពស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងការបង្កើតគំនិតនវានុវត្តន៍របស់សិស្សនិស្សិត តាមរយៈការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង សំដៅគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពវៃឆ្លាត ភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមនិន្នាការសកល និងបរិការណ៍ឌីជីថល។
សិស្សនិស្សិតដែលមានសិទ្ធិក្នុងការចូលរួមប្រកួតនេះ ត្រូវជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រ, មានសញ្ជាតិខ្មែរ, អាចចូលរួមជាលក្ខណៈបុគ្គល ឬជាក្រុម, រៀបចំអត្ថបទស្រាវជ្រាវក្នុងវិស័យទេសចរណ៍ចំនួន ១ និងវីដេអូខ្លីចំនួន ១។
ក្នុងនោះអត្ថបទស្រាវជ្រាវ ត្រូវមានខ្លឹមសារពី១០ ទៅ១៥ទំព័រ ដែលជាអត្ថបទស្រាវជ្រាវបែបសកម្មភាព ឬអនុវត្ត ថ្មី មិនមានការចម្លងស្នាដៃដើម។ ដោយឡែកការផលិតវីដេអូខ្លី ត្រូវបង្ហាញពីខ្លឹមសារអត្ថបទស្រាវជ្រាវដែលដាក់ចូលរួមប្រកួត មានរយៈពេលមិនលើសពី ៣នាទី និងត្រូវបង្ហោះវីដេអូនោះជាសាធារណៈនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន (Facebook, Youtube ឬ TikTok)។

សម្រាប់ប្រធានបទវិញ បេក្ខជនអាចជ្រើសរើសឱ្យស្របទៅនឹងមូលបទ ”ការគ្រប់គ្រងវិបត្តិ និងការពង្រឹងភាពធន់ក្នុងវិស័យទេសចរណ៍កម្ពុជា”។
ការចុះឈ្មោះចូលរួមចលនាប្រឡងប្រណាំង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦, ការដាក់បញ្ជូន អត្ថបទស្រាវជ្រាវ និងតំណភ្ជាប់វីដេអូខ្លី ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ៤លាន រៀល ជ័យលាភីលេខ ២ ថវិកាចំនួន ៣លាន រៀល និង ជ័យលាភីលេខ ៣ ទទួលបានថវិកាចំនួន ២លាន រៀល៕













































































