ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឱ្យបេក្ខជន និងគណៈមេប្រយោគរក្សាសុខភាព និងត្រៀមសម្ភារៈការពារភ្លៀងនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ការរំលឹករបស់ក្រសួងអប់រំនេះ ធ្វើឡើងក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ សីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។
ចំណែកនៅតំបន់ខ្ពង់រាបវិញ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
សម្រាប់តំបន់មាត់សមុទ្រ ក្នុងនោះមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៦នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១១៣៧៩៣នាក់៕
អត្ថបទ ៖ សេង បារាំង AMS













































































