នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលគ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី១៥-១៦ មិថុនា ខាងមុខនេះ នឹងមានការបង្ហាញស្នាដៃបង្កើតថ្មី ទំនើប និងប្រកបដោយភាពច្នៃប្រឌិត បង្កើតឡើងដោយសិស្ស និស្សិត TVET សរុបចំនួន ២២៣ស្នាដៃ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ស្នាដៃបង្កើតថ្មីទាំង ២២៣ស្នាដៃនោះ គឺបង្កើតឡើងដោយយុវជនកម្ពុជា មានដូចជា ដ្រូន រ៉ូបូតឆុងកាហ្វេ រថយន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មផ្សេងជាច្រើនទៀត។

បើតាមលោក ស៊ុន មេសា ស្នាដៃទាំងនេះ គឺជាសមិទ្ធផលរបស់យុវជនកម្ពុជាក្នុងសតវត្សរ៍ទី២១ ដែលមានសមត្ថភាពក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានឱ្យដឹងថា ITI ក៏មានដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិតចំនួន៥ស្នាដៃដែរនៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដោយរួមមានដូចជា ម៉ាស៊ីនផលិតទឹកកក, រថយន្តអគ្គិសនីសម្រាប់បូមសំរាម, ប្រព័ន្ធស្មាតស៊ីធី, ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ និងឧបករណ៍សម្ភារៈសម្រាប់ការបណ្តុះបណ្តាលលើជំនាញឯកទេសកម្មជាដើម។
ដោយឡែកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ក៏បានឱ្យដឹងដែរថា ត្រៀមនឹងយកស្នាដៃនិស្សិតចំនួន២ ទៅដាក់បង្ហាញដល់សាធារណៈជនក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ដែលរួមមាន ម៉ាស៊ីនចិតដូងស្វ័យប្រវត្តិ និងម៉ាស៊ីនសម្រួងផ្លែឈើ។ យុវជន លឿត វិសាល និស្សិតជំនាញវិស្វកម្មអគ្គិសនី ជាម្ចាស់ស្នាដៃម៉ាស៊ីនសម្ងួតផ្លែឈើនិយាយថា ម៉ាស៊ីនដែលខ្លួនបង្កើតឡើងនេះ គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀត ដែលបញ្ជាក់ពីសមត្ថភាព និងគុណភាពសិក្សារបស់និស្សិត TVET។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣៤ ស្មើនឹង ២០៥ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗដូចជា កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន», ការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និងកម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពីប្រទេសចិន, ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា, ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់។
ជាមួយគ្នានៅក្នុងទិវានោះ អ្នកចូលរួមក៏អាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំៗ ដោយមានឱកាសការងារប្រមាណជាង ៦ម៉ឺន៣ពាន់កន្លែង៕





























