សោភ័ណភាព នៃសំណង់អគារស្នាក់នៅ អគារសិក្សា ឬអគារការិយាល័យមានសណ្ដាប់ធ្នាប់ ផាសុកភាព ជាការបង្ហាញឱ្យឃើញពីយកចិត្តទុកដាក់របស់ស្ថាបត្យករក្នុងការកសាងស្នាដៃ និងផ្ដល់គុណភាពឱ្យទៅកាន់អតិថិជន។ សំណង់អគារផ្សេងៗក៏អាចរំលេចពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ នៅតាមតំបន់ ឬភូមិសាស្ត្រ នេះជាការលើកឡើងរបស់លោក សំ ភារុន អតីតសិស្សផ្នែកស្ថាបត្យកម្ម។
លោក សំ ភារុន ជាអតីតសិស្សផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) លើកឡើងថា លោកសម្រេចចិត្តសិក្សាជំនាញនេះព្រោះស្មារតីស្រឡាញ់ ក្ដីស្រមៃចង់ក្លាយជាស្ថាបត្យករ និងចង់បង្កើតស្នាដៃតាមរយៈអគារផ្សេងៗ។ ការសិក្សាជំនាញនេះ មិនមានភាពងាយស្រួលឡើយដោយពេលខ្លះសឹងតែបោះបង់ការសិក្សា ប៉ុន្តែ ភារុន មានកត្តាលើកទឹកចិត្តពីខ្លួនឯង និងគ្រួសារជាធំ។

លោក ភារុន បន្តថា ការសិក្សាជំនាញនេះជាការសិក្សាទាក់ទងទៅសិល្បៈផង វិទ្យាសាស្ត្រផង និងរួមបញ្ចូលជាមួយនឹងធម្មជាតិ ជាពិសេសអាចប្រើប្រាស់នូវគំនិតច្នៃប្រឌិតក្នុងការបង្កើតការរចនាថ្មីមួយតាមការស្រមើលស្រមៃរបស់ស្ថាបត្យករ។ ការសិក្សាមានរយៈពេលប្រាំឆ្នាំកន្លះ ដោយកន្លះឆ្នាំចុងក្រោយនិស្សិតត្រូវធ្វើនិក្ខេបទដើម្បីបញ្ចប់ការសិក្សា។ ការសិក្សារយៈពេល៥ឆ្នាំ មានមុខវិជ្ជាជាច្រើនដូចជា ស្ថាបត្យកម្មប្រវត្តិសាស្ត្រ, Computer Design(CAD), Structural design, design studio, construction Technologies។
អតីតសិស្សផ្នែកស្ថាបត្យកម្មរូបនេះបន្តថា ក្រោយបញ្ចប់ការសិក្សាជំនាញនេះ អ្នកសិក្សាក៏អាចស្វែងការងារបានជាច្រើនប្រភេទដូចជា Consultancy services, Architecture studios, Interior design, Landscape design, ឬជាសាស្ត្រាចារ្យបង្រៀនតាមវិទ្យាស្ថាន ឬសាកវិទ្យាល័យ ឬបម្រើការងារក្នុងក្របខណ្ឌរាជរដ្ឋាភិបាលជាដើម។
បើក្រឡេកទៅមើលជីវិតរបស់ ភារុន វិញ លោកបានជួបបញ្ហាប្រឈមជាច្រើនក្នុងការសិក្សាជំនាញមួយនេះ ព្រោះការសិក្សាត្រូវចំណាយថវិកាច្រើន ទាមទារពេលវេលាច្រើន និងទាមទារឱ្យមានសុខភាពល្អជានិច្ច។ លើសពីនេះ ត្រូវហ៊ានប្រឈមនូវបញ្ហាដែលមានទាំងការសិក្សា និងការងារ ជាពិសេសគឺការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ ទាំងការថែរក្សាសុខភាព និងការផ្គត់ផ្គង់ជីវភាពសិក្សារបស់ខ្លួនឯង។ ដើរចូលក្នុងវិស័យនេះ ភារុន បានចាប់ផ្ដើមរកការងារក្រៅម៉ោងកំឡុងពេលសិក្សាឆ្នាំទី៣ រហូតចប់ឆ្នាំទី៤ដែលបានសិក្សា និងធ្វើការជាមួយគម្រោងជាច្រើនដូចជា ផ្ទះវីឡា គម្រោងផ្ទះល្វែង ផ្ទះចំការ ការងារដេគ័រខាងក្នុង សិក្សាប្លង់ Master Plan ការកែលំអរហាងកាហ្វេ ការងារ Condo ការងារ Resort ជាដើម។ បច្ចុប្បន្ន លោក សំ ភារុន កំពុងធ្វើការងារជាស្ថាបត្យករឯករាជ្យលើផ្នែកស្ថាបត្យកម្មដូចជា ផ្ទះវីឡា ការកែលំអរផ្ទះល្វែង ផ្ទះវីឡាតឿ ផ្ទះល្វែងនៅតាមបណ្ដាខេត្ត ការដេគ័របន្ទប់គេង និងការិយាល័យការងារជាដើម។

«ជំនាញស្ថាបត្យកម្មនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិ ព្រោះការអភិវឌ្ឍទៅបានគឺមានការចូលរួមពីស្ថាបត្យកម្មដែលផ្ដល់នូវសណ្ដាប់ធ្នាប់ សោភ័ណភាព ផាសុកភាព និងការរស់នៅស្រួល»
លោក សំ ភារុន
យ៉ាងណាក៏ដោយ សម្រាប់ប្អូនៗសិស្សនិស្សិតដែលចង់សិក្សាជំនាញស្ថាបត្យកម្ម លោក សំ ភារុន បានផ្តល់អនុសាសន៍ថា គួរត្រៀមលក្ខណៈសម្បតិ្តឱ្យបានគ្រប់គ្រាន់ដូចជា ការស្វែងយល់ និងត្រូវស្គាល់អំពីខ្លួនឯងឱ្យបានច្បាស់លាស់ថាស្រលាញ់ជំនាញនេះពិតដែរឬទេ និងត្រូវត្រៀមថវិការមួយចំនួនសម្រាប់ចំណាយពេលចូលសិក្សាឆ្នាំដំបូង និងការបែងចែកពេលវេលា សម្រាប់ការសិក្សា និងការថែរក្សាសុខភាព។ លើសពីនេះ សិស្សានុសិស្សត្រូវខិតខំស្វ័យសិក្សាបន្ថែមអំពីជំនាញនេះឱ្យកាន់តែច្រើនតាំងពីឆ្នាំសិក្សាដំបូង៕































