យោងតាមប្រភពពី CNN Science បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រទើបរកឃើញស្វាប្រភេទថ្មីមួយដែលមានលក្ខណៈពិសេសគឺ បបូរមាត់ពណ៌ទឹកក្រូច និងមានសំឡេងស្រែកគ្រហឹមខ្លាំងរបស់វានៅក្នុងប្រទេសកុងហ្គោ។
ស្វាប្រភេទនេះមានឈ្មោះវិទ្យាសាស្ត្រថា Colobus congoensis ប៉ុន្តែអ្នកស្រុកហៅថា វា Likweli។ នេះគឺជាស្វាប្រភេទថ្មីទីប្រាំប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅតំបន់អាហ្វ្រិកក្នុងរយៈពេល ៧៥ ឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Florida Atlantic (FAU) និងសាកលវិទ្យាល័យ City University of New York (CUNY) ពិពណ៌នាថា ស្វានេះមានទម្ងន់ប្រហែល ៦.៨ គីឡូក្រាម មានរោមពណ៌ខ្មៅរលោងក្រាស់វែង កន្ទុយវែងបោសដី និងកំណត់សម្គាល់ពណ៌ទឹកក្រូចលើផ្ទៃមុខវា។
លើសពីនេះ វាមានទម្រង់លលាដ៍ក្បាល ធ្មេញ និងគ្រោងឆ្អឹងខុសប្លែកពីស្វាអំបូរ Colobus អាហ្វ្រិកដទៃទៀតទាំងអស់។ តាមរយៈភស្តុតាងហ្សែនបង្ហាញថា ស្វាប្រភេទថ្មីនេះបានបំបែកអំបូរចេញពីសាច់ញាតិជិតស្និទ្ធបំផុតរបស់វាកាលពី ៤ ទៅ ៥ លានឆ្នាំមុន។
ដំណើរការសិក្សាស្វែងរកការពិតនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ នៅពេលដែលអ្នកស្រាវជ្រាវថតបានរូបភាពស្វាចម្លែកនេះជាលើកដំបូង។ បើគិតចាប់ពីឆ្នាំ ២០១៨ ដល់ ២០២២ ក្រុមការងារបានប្រទះឃើញវាចំនួន ១១៤ លើកមកហើយ និងចំណាយពេលវិភាគយ៉ាងលម្អិតទៅលើសំណាកក្នុងសារមន្ទីរ គ្រោងឆ្អឹង ពន្ធុវិទ្យា ព្រមទាំងរួមបញ្ចូលជាមួយចំណេះដឹងផ្នែកអេកូឡូស៊ីពីប្រជាជនក្នុងតំបន់ ដើម្បីបញ្ជាក់ឱ្យប្រាកដថា វាពិតជាស្វាប្រភេទថ្មីដែលមិនធ្លាប់កត់ត្រាពីមុនមកពិតប្រាកដមែន។

អ្នកជំនាញខាងសិក្សាពីអំបូរសត្វស្វា លើកឡើងថា ការរកឃើញនេះពិតជាកម្រណាស់ ព្រោះមានតែ ៨ ភូមិប៉ុណ្ណោះក្នុងចំណោម ៥២ ភូមិនៅក្នុងតំបន់នោះដែលស្គាល់ និងអាចពណ៌នាពីសត្វស្វានេះបាន។ មូលហេតុដែលអ្នកស្រាវជ្រាវចំណាយពេលរាប់ឆ្នាំទើបអាចកត់ត្រាជាវិទ្យាសាស្ត្របាន គឺដោយសារតែព្រៃទឹកភ្លៀងកុងហ្គោមានទំហំធំធេងពេក ហើយតំបន់ភាគច្រើនមិនទាន់ត្រូវបានចូលទៅរុករកនៅឡើយទេ។
បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវស្នើឱ្យចាត់ថ្នាក់ស្វា Likweli នេះ ចូលជាប្រភេទសត្វកំពុងរងការគំរាមកំហែងឈានទៅរកការដាច់ពូជ ដោយសារទីជម្រករបស់វាតូចក្នុងរង្វង់ផ្ទៃដីប្រមាណ ១.៧០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ភាគច្រើននៅក្នុងឧទ្យានជាតិ Lomami។ សម្រាប់សត្វព្រៃ ទំហំផ្ទៃដីនេះចាត់ទុកថាជា ទីជម្រកដ៏តូចចង្អៀតបំផុត ដែលធ្វើឱ្យពួកវាប្រឈមមុខនឹងហានិភ័យខ្ពស់ដូចជា ការប្រមាញ់ និងការបាត់បង់ជម្រក៕
ប្រែសម្រួល ៖ យឿន ពុធធីតា






























