នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សិស្សពូកែកម្ពុជាចំនួន ១៥២នាក់ បានធ្វើដំណើរឆ្ពោះទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ – Singapore International Math Olympiad Challenge 2026 (SIMOC 2026) ។ នេះជាឱកាសដែលសិស្សពូកែកម្ពុជា អាចបង្ហាញសមត្ថភាពលើឆាកអន្តរជាតិជាមួយសិស្សពូកែ ២២៨៤នាក់ទៀតមកពី ៤០ ប្រទេសជុំវិញពិភពលោក។
លោក សាន គឹមស័ង នាយកសាលាមេគុណ និងជានាយករងនៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ប្រាប់ AMS ថា សម្រាប់ឆ្នាំនេះ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី សហការជាមួយ SMCC សិង្ហបុរី បានដឹកនាំកូនសិស្សពូកែកម្ពុជាចំនួន ១៥២នាក់ ទៅចូលរួមប្រកួត SIMOC 2026 នៅប្រទេសសិង្ហបុរី។ ការដឹកនាំសិស្សទៅប្រកួតក្នុងកម្មវិធីនេះ គឺមានគោលបំណងឱ្យសិស្សខំរៀន និងប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យា ដោយសារគណិតវិទ្យាមានសារៈសំខាន់សម្រាប់ការលូតលាស់ និងការគិតរបស់ក្មេង ក៏ដូចជាការប្រឡងយកអាហារូបករណ៍ ឬធ្វើតេស្តសមត្ថភាពផ្សេងៗ គឺគណិតវិទ្យាជាមុខវិជ្ជាគោល។ ទន្ទឹមគ្នាការចូលរួមប្រកួតនេះ ក៏ជួយឱ្យសិស្សអាចមានភាពក្លាហាន អាចអនុវត្តនូវចំណេះជំនាញគណិតវិទ្យា ក៏ដូចជាការប្រាស្រ័យទាក់ទងផ្សេងៗ ក្នុងការធ្វើការ ឬប្រឡងប្រកួតប្រជែងជាមួយសិស្សបរទេសផ្សេងៗទៀតផងដែរ។

នាយករង នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី បញ្ជាក់ថា ការប្រឡង SIMOC 2026 មានសិស្សចូលរួមពីជាង ៤០ប្រទេសមកពីជុំវិញពិភពលោក, លោកយល់ថា នេះជាឱកាសមួយដែលសិស្សកម្ពុជាឡើងទៅប្រកួតយកជ័យជម្នះជាមួយសិស្សមកពីបណ្ដាប្រទេសជុំវិញពិភពលោក។
យើងអាចធ្វើការវាស់ស្ទង់សមត្ថភាពកូនខ្មែរបច្ចុប្បន្ននៅកម្រិតណា កូនសិស្សប្រទេសគេនៅកម្រិតណា ដើម្បីប្រៀបធៀបខ្លួនឯងនិងពិភពលោក ហើយយើងដើរទាន់សម័យកាល
លោក សាន គឹមស័ង មានជំនឿជាក់ថា តាមរយៈសន្ទុះនៃការខិតខំប្រឹងប្រែងរបស់សិស្សកម្ពុជា ភាពពូកែ ភាពឈ្លាសវៃរបស់ពួកគេ លោករំពឹងខ្ពស់ថា សិស្សកម្ពុជានឹងទទួលបានមេដាយច្រើន ចាប់ពី ១៣០ ឬ១៤០មេដាយ នៅក្នុងការប្រកួត SIMOC 2026 នៅប្រទេសសិង្ហបុរី។



កុមារា គុណវឌ្ឍ ជាសិស្សថ្នាក់ទី៦ និយាយថា រូបគេសប្បាយចិត្តដែលបានទៅប្រកួត SIMOC 2026 នៅប្រទេសសិង្ហបុរី។ គុណវឌ្ឍ បន្តថា រូបគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅប្រកួតលើកនេះ ដោយសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ ហើយចង់បានមេដាយមាសត្រឡប់មកកម្ពុជាវិញ។
ជាមួយគ្នានេះ កុមារា វឌ្ឍនៈ មង្គលជេស្ដា ជាសិស្សថ្នាក់ទី៦ ដូចគ្នា ក៏បានប្រាប់ដែរថា រូបគេមានអារម្មណ៍រំភើប និងសប្បាយរីករាយដែលបានទៅប្រកួតនៅប្រទេសសិង្ហបុរី។ មង្គលជេស្ដា បន្តថា សម្រាប់ការប្រកួតនេះ រូបគេបានហ្វឹកហាត់ធ្វើលំហាត់នៅសាលា និងយល់ច្បាស់ពីការប្រកួតរួចហើយ។ មង្គលជេស្ដា ប្ដេជ្ញាចិត្តថា នឹងយកមេដាយជូនឪពុកម្ដាយពេលត្រឡប់មកប្រទេសកម្ពុជាវិញ។
សម្រាប់យុវសិស្ស វឌ្ឍនៈ មង្គលវឌ្ឍន៍ ជាសិស្សថ្នាក់ទី១០ លើកឡើងថា រូបគេមានអារម្មណ៍រំភើបដែលបានទៅប្រកួតនៅប្រទេសសិង្ហបុរី ដោយសារវាជាការប្រឡងមួយដ៏ធំនៅលើពិភពលោក។ មង្គលវឌ្ឍ មានក្ដីរំពឹងទុកថា នឹងយកមេដាយមាស និងមេដាយប្រាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ។
អ្នកស្រី សេរី ជាម្ដាយមួយរូប ដែលជូនកូនទៅប្រកួត SIMOC 2026 នៅប្រទេសសិង្ហបុរី លើកឡើងថា អ្នកស្រីមានអារម្មណ៍រំភើប និងមានកិត្តិយសដែលបាននាំកូនទៅប្រកួតលើឆាកអន្តរជាតិ ហើយនេះក៏ជាឆ្នាំទី២របស់កូនដែលចូលរួមប្រកួតផងដែរ។

អ្នកស្រីបន្ថែមថា នៅពេលសិស្សកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ អ្វីដែលទទួលបានធំបំផុត គឺកិត្តិយស និងលើកមុខមាត់ដល់ប្រទេសជាតិ ហើយក៏ជាការរួមចំណែកមួយ ដើម្បីលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ មានកម្លាំងចិត្ត និងចង់ទៅចូលរួមប្រកួត ដើម្បីលើកមុខមាត់ប្រទេសជាតិ។
គួរជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៦នេះ កម្មវិធីប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ (SIMOC) ធ្វើឡើងចំនួន ១១លើកហើយ ដោយកម្ពុជាចូលរួមបានចំនួន ៨លើក។ កាលពីឆ្នាំ២០២៥កន្លងទៅ មានសិស្សពូកែកម្ពុជាចំនួន ១៥៩នាក់ បានចូលរួមកម្មវិធីប្រកួត SIMOC នៅប្រទេសសិង្ហបុរី ដោយដណ្ដើមបានមេដាយចំនួន ១២៣មេដាយ និងពានចំនួន ៤៕











































































