នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង បេក្ខជនច្បាស់ជាមានអារម្មណ៍ភ័យ ព្រួយបារម្ភ ឬតានតឹងចិត្ត ប៉ុន្តែសូមកុំឱ្យបញ្ហាទាំងនេះក្លាយជាឧបសគ្គរារាំងភាពជោគជ័យឡើយ។ ដើម្បីជួយប្អូនៗជាបេក្ខជនជំនះបញ្ហាទាំងនេះ លោក ហឿ សេធុល អ្នកជំនាញចិត្តសាស្រ្ត បានចែករំលែកគន្លឹះមួយចំនួន ក្នុងការថែរក្សាផ្លូវចិត្ត ដើម្បីកុំឱ្យបេក្ខជនមានអារម្មណ៍តានតឹងពេក។
លោក ហឿ សេធុល អ្នកជំនាញចិត្តសាស្រ្ត មានប្រសាសន៍ថា ជាធម្មតា នៅពេលជិតដល់ថ្ងៃប្រឡង មនុស្សគ្រប់គ្នានឹងមានភាពតានតឹងផ្នែកផ្លូវចិត្ត (Stress) កើតឡើង។ មានពេលខ្លះ សម្ពាធពីសង្គមជុំវិញខ្លួន ការដាក់សម្ពាធលើខ្លួនឯង និងការរំពឹងទុកពីឪពុកម្ដាយខ្លាំងពេក ក៏អាចជះឥទ្ធិពលដល់បេក្ខជនប្រឡងបាក់ឌុបឱ្យមានសម្ពាធផងដែរ។ លោកមានប្រសាសន៍ថា «ក្នុងនាមយើងជាបេក្ខជនប្រឡងបាក់ឌុប ប្អូនៗមិនអាចគ្រប់គ្រងពាក្យសម្ដីអ្នកជុំវិញយើងដែលដាក់សម្ពាធយើងទេ ប៉ុន្តែយើងអាចគ្រប់គ្រងខ្លួនយើង ហើយដឹងខ្លួនយើង តើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ខ្លួនឯង? តើខ្ញុំបានត្រៀមអ្វីខ្លះសម្រាប់ខ្លួនឯង? ហើយអ្វីជាការរំពឹងទុករបស់ខ្លួនខ្ញុំផ្ទាល់?»។
បើតាមអ្នកជំនាញចិត្តសាស្រ្ត រូបនេះ រយៈពេល៣សប្ដាហ៍មុនថ្ងៃប្រឡងដល់ ប្អូនៗដែលជាបេក្ខជនប្រឡងគួរចាត់ជាអាទិភាពមេរៀន ផ្នែកណាមួយនៃមេរៀនអាចចេញប្រឡងច្រើន និងព្យាយាមផ្ដល់លំនឹងផ្នែកផ្លូវចិត្តឱ្យបានច្រើនវិញ តាមរយៈការគេងឱ្យបានគ្រប់គ្រាន់ តាមរយៈការញ៉ាំឱ្យបានគ្រប់គ្រាន់ និងលេងកីឡាជាដើម។ លោក លោក ហឿ សេធុល មិនលើកទឹកចិត្តឱ្យប្អូនៗមើលមេរៀននៅសប្ដាហ៍ចុងក្រោយ ឬមួយថ្ងៃចុងក្រោយមុនការប្រឡងមកដល់ទេ ព្រោះមិនសូវជាបានលទ្ធផលល្អទេ។
លោក ហឿ សេធុល បន្ថែមទៀតថា នៅក្នុងការប្រឡងតាមមុខវិជ្ជានីមួយៗ ក្នុងមួយវិញ្ញាសាប្រឡងអាចមានសំណួរ ឬលំហាត់ច្រើន ដូច្នេះ នៅពេលទទួលបានក្រដាសវិញ្ញាសាប្រឡង ប្អូនៗត្រូវមើលវិញ្ញាសានោះឱ្យអស់ជាមុនសិន បន្ទាប់មកជ្រើសរើសធ្វើសំណួរ ឬលំហាត់ណាដែលចេះជាមុនសិន ដោយកំណត់ម៉ោង ហើយបន្ទាប់មកនៅសល់ពេល អាចផ្ដោតធ្វើលំហាត់ធំណាមួយដែលមានភាពស្មុគស្មាញ។ លោក ហឿ សេធុល បន្តថា ប្រសិនបើផ្ដោតលើភាពស្មុគស្មាញមុន នៅពេលដែលគាំងគំនិត នឹងនាំឱ្យគាំងទាំងអស់ ដែលនេះជាលក្ខណៈផ្លូវចិត្តម៉្យាង ព្រោះនៅពេលយើងជាប់ស្ទះទៅលើអ្វីមួយ នឹងធ្វើឱ្យយើងចាប់ផ្ដើមបាត់បង់ការជំរុញទឹកចិត្តឱ្យធ្វើបន្តទៀត។ ដូច្នេះ បើធ្វើអ្វីមួយដែលយើងធ្វើបានៗ នោះនឹងជំរុញទឹកចិត្តឱ្យយើងធ្វើបន្តទៀត។

បើតាមអ្នកជំនាញចិត្តសាស្រ្ត នៅអំឡុងពេលប្រឡង ប្រសិនដល់ដំណាក់កាលដែលជាប់គាំង ប្អូនៗត្រូវ ព្យាយាមរម្ងាប់អារម្មណ៍ខ្លួនឯង កុំបង្ខំខ្លួនឯងខ្លាំងពេក ប៉ុន្តែគួរចំណាយរយៈពេលត្រឹម ៣០វិនាទីដើម្បីធ្វើលំហាត់ដង្ហើម ដោយព្យាយាមដកដង្ហើមមួយៗ វែងៗ ពីព្រោះនៅពេលដែលយើងមានភាពតាមតឹងផ្នែកផ្លូវចិត្ត អារម្មណ៍របស់យើងអាចច្របូលច្របល់ ដកដង្ហើមខ្លីហើយញាប់ បេះដូងលោតញាប់ អាចស្ពឹកដៃស្ពឹកជើង។ ដូច្នេះ ការដកដង្ហើមមួយៗ វែងៗ អាចជួយឱ្យរាងកាយរបស់យើងត្រឡប់មករកប្រក្រតីភាពវិញ។
លោក ហឿ សេធុល ក៏បានលើកទឹកចិត្តប្អូនៗជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ សូមព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបានទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ ហើយសូមបន្តខិតខំប្រឹងប្រែងរៀនសូត្រ។ លោកទទួលស្គាល់ថា បាក់ឌុបសំខាន់សម្រាប់យើងទាំងអស់គ្នា ប៉ុន្តែបាក់ឌុបតែមួយមិនបានកំណត់ជោគវាសនា និងអនាគតយើងទាំងមូលទេ ព្រោះប្អូនៗនៅដល់ពេលច្រើនទៀតក្នុងការបន្តដំណើរទៅមុខ និងសូមប្អូនៗមានការអត់ធ្មត់ និងតស៊ូ៕













































































