យុវតីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ មកពីគ្រួសារកសិករក្រីក្រនៅខេត្តហឺណាន បានក្លាយជាចំណាប់អារម្មណ៍ទូទាំងប្រទេស បន្ទាប់ពីទទួលបាន ៦៩៩ ពិន្ទុ ក្នុងចំណោម ៧៥០ ពិន្ទុ នៅក្នុងការប្រឡងកៅខោវ (Gaokao) ឆ្នាំ២០២៦ ដែលជួយឱ្យនាងទទួលបានការផ្តល់ជូនអាហារូបករណ៍ពេញលេញពីសាកលវិទ្យាល័យកំពូលពីររបស់ចិន គឺ សាកលវិទ្យាល័យ Tsinghua និង សាកលវិទ្យាល័យ Peking។
យោងតាមសារព័ត៌មាន VN Express យុវតី ហាន យ៉ាពីង (Han Yaping) បានធំធាត់ក្នុងគ្រួសារដែលមានជីវភាពខ្វះខាត។ ម្តាយរបស់នាងបានទទួលរងជំងឺរលាកសន្លាក់ឆ្អឹងខ្នងអស់រយៈពេលជាង ១០ឆ្នាំ ខណៈឪពុកប្រកបរបរកសិកម្ម និងធ្វើការសំណង់ ដើម្បីផ្គត់ផ្គង់គ្រួសារ និងឱ្យកូនស្រីទាំងពីរបានបន្តការសិក្សា។
នៅក្នុងស្ថានភាពលំបាកនេះ ហាន យ៉ាពីង មិនដែលចូលរៀនថ្នាក់បំប៉ន ឬថ្នាក់បន្ថែមដូចសិស្សភាគច្រើននៅចិនឡើយ។ នាងសិក្សាដោយខ្លួនឯង តាមរយៈការខ្ចីឯកសារពីមិត្តភក្តិ និងកត់ត្រាលំហាត់ដែលមិនទាន់យល់។ នាងក៏មិនមានស្មាតហ្វូនប្រើប្រាស់ដែរ ខណៈប្រាក់ចាយប្រចាំសប្តាហ៍ដែលឪពុកផ្តល់ឱ្យ ភាគច្រើនត្រូវបាននាងសន្សំទុក ដើម្បីជួយទិញថ្នាំព្យាបាលម្តាយ។
ក្រោយប្រកាសលទ្ធផលប្រឡង សាកលវិទ្យាល័យ Tsinghua និង Peking បានទាក់ទងនាង និងផ្តល់អាហារូបករណ៍ពេញលេញ ព្រមទាំងការគាំទ្រចំណាយសម្រាប់ការរស់នៅ។ ហាន យ៉ាពីង មានគម្រោងសិក្សាផ្នែកវេជ្ជសាស្ត្រ ហើយបន្តធ្វើការក្រៅម៉ោង ដើម្បីជួយទ្រទ្រង់គ្រួសារ។

ក្នុងបទសម្ភាសន៍មួយ នាងបាននិយាយថា «ប្រសិនបើអ្នកមិនលំបាកក្នុងការសិក្សាទេ អ្នកនឹងជួបការលំបាកក្នុងជីវិត» ដែលជាសារលើកទឹកចិត្តដល់សិស្សដទៃឱ្យខិតខំប្រឹងប្រែងសម្រេចគោលដៅរបស់ខ្លួន។
យោងតាមក្រសួងអប់រំចិន សិស្សប្រមាណ ១២,៩ លាននាក់ បានចុះឈ្មោះប្រឡង Gaokao ឆ្នាំ២០២៦។ ទោះចំនួនបេក្ខជនបានថយចុះបន្តិចពីឆ្នាំមុនក៏ដោយ ការប្រឡងនេះនៅតែជាការប្រឡងចូលសាកលវិទ្យាល័យដែលមានបេក្ខជនចូលរួមច្រើនជាងគេបំផុតមួយនៅលើពិភពលោក។
សូមបញ្ជាក់ថា Gaokao គឺជាការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ជាតិរបស់ប្រទេសចិន ដែលត្រូវបានចាត់ទុកថាជាចំណុចសម្រេចអនាគតសិក្សារបស់សិស្ស។ ជារៀងរាល់ឆ្នាំ សិស្សរាប់លាននាក់ត្រូវប្រឡង Gaokao ដើម្បីមានឱកាសចូលរៀននៅសាកលវិទ្យាល័យ ខណៈស្ថាប័នឧត្តមសិក្សាល្បីៗជ្រើសរើសតែបេក្ខជនដែលមានលទ្ធផលល្អឥតខ្ចោះប៉ុណ្ណោះ៕











































































