ភ្នំពេញ – កម្លាំងពលកម្មជំនាញ ឬគេហៅថា កម្មករបច្ចេកទេស ដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈត្រឹមត្រូវ បច្ចុប្បន្នកំពុងតែមានតម្រូវការខ្លាំង នៅក្នុងទីផ្សារការងារបច្ចុប្បន្ន។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦។
តាមប្រសាសន៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត បច្ចុប្បន្ននេះ ក្នុងមួយឆ្នាំកម្ពុជាបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសបានប្រមាណជិត ៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈទីផ្សារការងារត្រូវការរហូតដល់ ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការផ្គត់ផ្គង់កម្លាំងពលកម្មបន្ថែមទៀត។
ឯកឧត្តមអគ្គនាយកបញ្ជាក់ថា ទីផ្សារការងារបច្ចុប្បន្ន គឺត្រូវការអ្នកបច្ចេកវិទ្យា អ្នកបច្ចេកទេស និងអ្នកមានជំនាញ ។ ឯកឧត្តមបានលើកឧទាហរណ៍ពីប្រទេសសឹង្ហបុរី ក៏ដូចជាប្រទេសស្វីស ដែលជាប្រទេសកំពុងមានការរីកចម្រើន អត្រាយុវជន ឬសិស្សនិស្សិតចុះឈ្មោះចូលរៀនក្នុងវិស័យ TVET គឺមានចំនួនច្រើនជាងសិស្សដែលចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ពោលគឺសិស្សដែលរៀន TVET គឺមានចំនួន២ភាគ៣ ខណៈសិស្សដែលចុះឈ្មោះរៀនសាកលវិទ្យាល័យ គឺមានត្រឹមតែ ១ភាគ៣ប៉ុណ្ណោះ។ តាមឯកឧត្តម ហ៊ីង ស៊ីដេត ទៅថ្ងៃមុខ សាកលលោកនឹងលែងគិតលើសញ្ញាបត្រហើយ ដោយគេគិតទៅលើសញ្ញាឃើញវិញ។

ឯកឧត្តម ហ៊ីង ស៊ីដេត ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬ TVET ដោយថា ការរៀន TVET គឺប្រើរយៈពេលខ្លី រៀនចប់មានប្រាក់ចំណូល។
“អញ្ចឹងរៀន TVET ប្រៀបដូចជាធនាគារមួយ គ្រាន់តែចេះជំនាញ យើងដើរទៅដល់ណាក៏យើងមានលុយដាក់ក្នុងហោប៉ៅដែរ…“
ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ២០២២កន្លងទៅនេះ សិស្សនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៨៩ ៨៧៨នាក់ ក្នុងនោះកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១,២,៣ ចំនួន ១៦ ៧១៩នាក់, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ឯកទេសចំនួន ៥៦៦៦នាក់ និងបរិញ្ញាបត្របច្ចេកទេស/ឯកទេស/វិស្វករ ចំនួន ៦៦០៣នាក់ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីចំនួន ២៤ ៧៣៥នាក់ និងការបណ្តុះបណ្តាលនៅតាមកន្លែងធ្វើការចំនួន ៣៦ ១៥៥នាក់៕































