ភ្នំពេញ — លោក អ៉ីង វន្នី អ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ បានចំណាយពេលតស៊ូ និងស្រាវជ្រាវអស់រយៈពេលជាង ៨ឆ្នាំ ដើម្បីចងក្រង និងបោះពុម្ពផ្សាយសៀវភៅមួយក្បាលដ៏មានតម្លៃសម្រាប់ឪពុកម្តាយគ្រប់រូប មានចំណងជើងថា “ជំនាញចិញ្ចឹមអប់រំកូន៖ ការវិនិយោគដែលមិនអាចកាត់ថ្លៃបាន” ។ គោលបំណងចម្បងនៃសៀវភៅនេះ គឺដើម្បីជំរុញការចិញ្ចឹមអប់រំកូនសម័យថ្មី និងរួមចំណែកកសាងគ្រួសារខ្មែរឱ្យមានសុភមង្គល និងសង្គមស៊ីវិល័យកម្ពុជាឱ្យកាន់តែរីកចម្រើន។
ហេតុអ្វីត្រូវរៀនជំនាញចិញ្ចឹមអប់រំកូន?
ក្នុងនាមជាឪពុកដែលមានកូនស្រី ២នាក់ និងមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យបណ្តុះបណ្តាលជំនាញទន់ លោក អ៉ីង វន្នី បានលើកឡើងថា ពាក្យ “ជំនាញ” ត្រូវបានរំលេចក្នុងចំណងជើងសៀវភៅនេះ ពីព្រោះឪពុកម្ដាយភាគច្រើនមិនបានគិតថា ការចិញ្ចឹមអប់រំកូនគឺជាជំនាញដែលត្រូវរៀននោះទេ ពោលគឺពួកគាត់គ្រាន់តែធ្វើតាមអ្វីដែលធ្លាប់ឃើញ ឬយល់ឃើញប៉ុណ្ណោះ។
លោក អ៉ីង វន្នី បានសង្កត់ធ្ងន់ថា «ប្រសិនបើឪពុកម្ដាយអត់រៀនពីជំនាញចិញ្ចឹមអប់រំកូន គឺអត់ចេះ បើអត់ចេះ ចិញ្ចឹមកូនអត់បានល្អទេ។ ហើយយើងមិនអាចពឹងផ្អែកលើសំណាង ឬចៃដន្យទៀតទេ យើងត្រូវតែមានប្រព័ន្ធរួម ពោលគឺជំនាញចិញ្ចឹមអប់រំកូនឱ្យបានត្រឹមត្រូវ»
ការមើលឃើញពីគម្លាតនៃការអប់រំកុមារតូចនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទស្សនៈវិស័យចង់ឃើញកុមារកម្ពុជាក្លាយជា «ទំពាំងដ៏ល្អ» នេះ បានជំរុញទឹកចិត្តលោក វន្នី សរសេរសៀវភៅនេះឡើង ហើយលោកជឿជាក់ថា ប្រសិនបើយើងមិនចង់ឃើញអ្នកជំនាន់ក្រោយពិបាកដូចយើង ការចិញ្ចឹមអប់រំកុមារតូច គឺសំខាន់បំផុត។
សៀវភៅកើតចេញពីបេះដូង និងបទពិសោធន៍
សៀវភៅ «ជំនាញចិញ្ចឹមអប់រំកូន» នេះមានកម្រាស់ ២៧០ទំព័រ ចែកចេញជា ១០ជំពូក និង ៤៨មេរៀន។ មេរៀនទាំងអស់ក្នុងសៀវភៅនេះ ត្រូវបានបំប្លែងពីបទពិសោធន៍ដែលផ្អែកលើលក្ខណៈវិទ្យាសាស្រ្ត ឱ្យទៅជាភាសាដ៏សាមញ្ញបំផុតសម្រាប់ឪពុកម្ដាយ និងសាធារណជនទូទៅងាយយល់។
លោក អ៉ីង វន្នី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ដោយចាត់ទុកសៀវភៅនេះ មិនមែនជាសៀវភៅធម្មតានោះទេ ប៉ុន្តែជា «ផលិតផលបញ្ញា» ដែលកើតចេញពីបេះដូង បទពិសោធន៍ និងបេសកកម្មរបស់លោកក្នុងការកសាងគ្រួសារដោយសុភមង្គល និងជួយឱ្យកុមារមានបញ្ញាខាងអារម្មណ៍ និងគុណភាពនៃការគិតខ្ពស់។
ពិន្ទុវិជ្ជមានពីអ្នកអាន
សៀវភៅ “ជំនាញចិញ្ចឹមអប់រំកូន” បានបោះពុម្ពផ្សាយជាលើកដំបូងកាលពីប៉ុន្មានខែមុននេះ ហើយទទួលបានការឆ្លើយតបជាវិជ្ជមានពីអ្នកអានដែលជាឪពុកម្ដាយភាគច្រើន។ ពួកគាត់លើកឡើងថា សៀវភៅនេះបានជួយកាត់បន្ថយស្រ្តេស ដោយបង្រៀនពួកគាត់ឱ្យក្លាយជា «ឪពុកម្ដាយធម្មតា» ដែលចេះបន្តរៀន មិនចាំបាច់ជាឪពុកម្ដាយល្អឥតខ្ចោះនោះទេ។ សៀវភៅនេះ ក៏ជួយឪពុកម្ដាយឱ្យយល់ពីគោលដៅវែងឆ្ងាយ ក្នុងការអប់រំកូនឱ្យបានល្អ ដោយឈប់ប្រើវិធីសម្លុត ឬគំរាមកូន។
លោក អ៉ីង វន្នី រីករាយបំផុតនៅពេលឪពុកម្ដាយចាប់ផ្ដើមយល់ថា ការសម្លុតកូន ដើម្បីចង់ឱ្យកូនមានទំនុកចិត្ត ភាពក្លាហាន និងស្មោះត្រង់ គឺមិនមែនជាវិធីល្អនោះទេ។ ដូច្នេះ ឪពុកម្ដាយភាគច្រើនបានកែប្រែមកជាការរស់នៅធ្វើជាគំរូល្អសម្រាប់កូន គោរពកូន និងមិនកុហកកូនវិញ ទើបអាចជួយបណ្ដុះកូនឱ្យមានទំនុកចិត្ត ភាពក្លាហាន ស្មោះត្រង់ និងក្លាយជាធនធានមនុស្សល្អសម្រាប់សង្គម។

យ៉ាងណាក៏ដោយ លោក អ៉ីង វន្នី រំពឹងថា សៀវភៅ “ជំនាញចិញ្ចឹមអប់រំកូន” នឹងក្លាយជាមគ្គុទ្ទេសក៍ ដ៏មានប្រយោជន៍សម្រាប់សាធារណៈជនទូទៅ ជាពិសេស អ្នកដែលត្រៀមយកគ្រួសារ និងមានកូន, ឪពុកម្ដាយថ្មីថ្មោង ឬយូរឆ្នាំ, គ្រូបង្រៀន និងអ្នកថែទាំកុមារ។ លោកក៏សង្ឃឹមដែរថា សៀវភៅនេះ ក៏នឹងទៅដល់ដៃមនុស្សគ្រប់រូប ទាំងសៀវភៅធម្មតា និងសៀវភៅសំឡេង ដើម្បីឱ្យពួកគាត់អាចបន្ថែមជំនាញចិញ្ចឹមអប់រំកូន យល់ពីចិត្តសាស្រ្តកុមារ និងការអប់រំកូនដោយសេចក្ដីស្រឡាញ់ ដើម្បីកសាងមនុស្សជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋដ៏មានគុណភាពសម្រាប់សង្គមជាតិ និងពិភពលោក៕
































