រៀងរាល់ពេលធ្វើដំណើរ មិនថាជាការដើរកម្សាន្ត ធ្វើទស្សនកិច្ចសិក្សា ឬការជជែកការងារនោះទេ ការបរិភោគជាសកម្មភាពមួយដែលមនុស្សពុំអាចកាត់ផ្តាច់បាន ជាមួយគ្នានោះការជ្រើសរើសមុខម្ហូប ឬក៏ប្រភេទអាហារដែលគេនិយមទទួលទាននៅតាមតំបន់នីមួយៗ បានផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះអ្នកធ្វើដំណើរ និងអ្នករស់នៅក្នុងតំបន់?
តាមរយៈគេហទំព័រ Alwaystasting បានបង្ហាញគន្លឹះមួយចំនួនអំពីការបរិភោគម្ហូបអាហារតាមតំបន់ពេលធ្វើដំណើរ ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖
ការពង្រីកចំណេះដឹង ៖ មិនថាការធ្វើដំណើរទាំងនោះជាប្រភេទអ្វីនោះទេ ហើយមិនថា ការធ្វើដំណើរទាំងនោះជិតឬឆ្ងាយ ការមានទម្លាប់ជ្រើសរើសអាហារមកទទួលទានស្របតាមតំបន់ ឬក៏ស្របតាមរដូវកាល ជាឱកាសក្នុងការជំរុញឱ្យខ្លួនឯងបង្កើនការយល់ដឹងជាងមុន ព្រោះនៅពេលគិតអំពីអាហារតំបន់គឺតម្រូវឱ្យអាន ស្វែងយល់ពីគ្រឿងផ្សំ ក៏ដូចជារូបមន្ត និងការប្រៀបធៀបតម្លៃ ក៏ដូចជាទីតាំងជាដើម ដែលសកម្មភាពទាំងអស់នេះហើយ បានរួមចំណែកឱ្យការយល់ដឹងពីទីផ្សារ ពីវប្បធម៌ របៀបនៃការរស់នៅ និងរបៀបនៃការហូបចុកនៅតាមតំបន់នីមួយៗកាន់តែទូលាយជាងមុន។

យល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្រ្ត ៖ ការសាកល្បងទទួលទានអាហារក្នុងតំបន់ គឺជាទម្លាប់ក្នុងការស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ អំពីវប្បធម៌ ឬប្រវត្តិសាស្ត្រ និងប្រពៃណីរបស់តំបន់មួយ ឬប្រទេសមួយ។ បន្ថែមពីនោះ ក៏ជាឱកាសក្នុងការរៀនសូត្រអំពីរបៀបរស់នៅរបស់ប្រជាជន ទាំងការនិយាយស្តី ការទំនាក់ទំនង និងវិធីសាស្រ្តនៃការទទួលទានផងដែរ។
ភាពខុសប្លែកបង្កើននូវអារម្មណ៍រីករាយ ៖ ការសាកល្បងញ៉ាំម្ហូបក្នុងស្រុក ឬក្នុងតំបន់ បានផ្តល់នូវបទពិសោធន៍ធ្វើដំណើរមួយកាន់តែមានភាពសម្បូរបែប អ្នកធ្វើដំណើរច្រើន មានទំនោរប្រើប្រាស់ដំណើរជាការកម្សាន្តផង និងជាការសិក្សារៀនសូត្រផង ដូច្នេះការភ្លក់ម្ហូបតាមតំបន់ គឺជាសកម្មភាពមួយដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងតែម្តង ព្រោះសកម្មភាពប្លែកៗ រស់ជាតិប្លែកៗ ទោះបីជារស់ជាតិទាំងនោះមិនឆ្លើយតបទៅនឹងអ្វីដែលលោកអ្នកចង់បានទាំងស្រុងក៏ពិតមែន ប៉ុន្តែតាមរយៈបទពិសោធន៍ និងភាពខុសប្លែកគឺជាសកម្មភាពមួយដែលជំរុញឱ្យទទួលបាននូវអារម្មណ៍រីករាយ រួមទាំងការចង់សាកល្បងសកម្មថ្មីៗបន្ថែមទៀត។

ការគាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ឬសហគមន៍ ៖ អត្ថប្រយោជន៍ពីការបរិភោគម្ហូបតាមតំបន់ពេលធ្វើដំណើរមិនមែនផ្តល់តែចំពោះខ្លួនឯងនោះទេ ប៉ុន្តែផ្តល់ប្រយោជន៍ជារួម ជាពិសេសជាមួយអ្នកនៅក្នុងតំបន់តែម្តង។ ក្រៅពីធ្វើដំណើរកម្សាន្តប្រសិនបើលោកអ្នកមានបំណងចង់ឱ្យសេដ្ឋកិច្ចក្នុងតំបន់ទាំងនោះមានភាពរីកចម្រើន ការស្វែងរកហាងអាហារ ឬក៏ប្រភេទមុខម្ហូបដែលផលិតដោយគ្រឿងផ្សំពីអ្នកស្រុកអ្នកភូមិ ជាការបង្ហាញពីការគាំទ្រ និងជំរុញឱ្យសេដ្ឋកិច្ចក្នុងតំបន់ទាំងនោះកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត៕




























