ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍមូលធនមនុស្សក្នុងយុគសម័យថ្មី និងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសផ្តល់អាហារូបករណ៍ «ទេពកោសល្យឌីជីថលតេជោ» ចំនួន ២៥ កន្លែង ដល់សិស្សានុសិស្សដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សាថ្មីនេះ។
អត្ថប្រយោជន៍
និស្សិតដែលប្រឡងជាប់អាហារូបករណ៍នេះ នឹងទទួលបានការឧបត្ថម្ភ និងការគាំទ្រពេញលេញរួមមាន៖
- រ៉ាប់រងថ្លៃសិក្សា ១០០% រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ (រយៈពេល ៤ ឆ្នាំ)។
- ទទួលបានកុំព្យូទ័រយួរដៃ (Laptop) ១ គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា។
- ទទួលបានការសម្រួល និងជួយជ្រោមជ្រែងពី ក.ប.ទ. រហូតបញ្ចប់ការសិក្សាដោយជោគជ័យ។
- ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ ក្នុងក្រសួង ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនបច្ចេកវិទ្យានានាទាំងក្នុង និងក្រៅប្រទេស។
- ក្រោយបញ្ចប់បរិញ្ញាបត្រ មានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ទាំងក្នុង ឬក្រៅប្រទេស ក្រោមការរៀបចំរបស់ ក.ប.ទ.។
លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន-បេក្ខនារី ដែលមានបំណងដាក់ពាក្យប្រឡងប្រជែង ត្រូវបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
1. ជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដោយទទួលបាន និទ្ទេសរួម A ហើយត្រូវមាន និទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា (សម្រាប់សិស្សពូកែគណិតវិទ្យា និងរូបវិទ្យាថ្នាក់ជាតិ នឹងទទួលបានការលើកទឹកចិត្តពិសេស)។
2. ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសលើមុខវិជ្ជា គណិតវិទ្យា, រូបវិទ្យា និង ភាសាអង់គ្លេស (ករណីគ្មានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស)។

កាលបរិច្ឆេទ និងទីតាំងចុះឈ្មោះ
បេក្ខជន-បេក្ខនារី ត្រូវទៅចុះឈ្មោះប្រឡងដោយផ្ទាល់នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានអាសយដ្ឋាន៖ អគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ [មើលទីតាំង Google Maps]។
ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះ តទៅ រហូតដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ ឬ Telegram ទៅកាន់ 070 366 623 ៕














































































