អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា ដែលមានបំណង និងកំពុងត្រៀមខ្លួនមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ផ្តើមបើកទទួលចាប់ពីពេលនេះតទៅ រហូតដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសារចំនួនកន្លែងមានកំណត់ គណៈកម្មការនឹងបិទការទទួលពាក្យភ្លាមៗនៅពេលគ្រប់ចំនួន។
អត្ថប្រយោជន៍ទទួលបានពីកម្មវិធីអាហារូបករណ៍
បេក្ខជនដែលទទួលបានជោគជ័យក្នុងការជ្រើសរើស នឹងទទួលបានអត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍសមត្ថភាពជាច្រើនដូចជា៖
- ទទួលបានការស្នាក់នៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព និងផាសុកភាព។
- វគ្គសិក្សាស្តីពី «ភាពជាអ្នកដឹកនាំ» និង «បំណិនជីវិត» ព្រមទាំងវគ្គបំប៉នជំនាញបន្ថែមពីអង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍។
- ឱកាសទទួលបានបទពិសោធន៍អនុវត្តការងារជាក់ស្តែង និងការបង្កើតបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ។
- រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈការចូលរួមសកម្មភាពស្ម័គ្រចិត្តផ្សេងៗ។
លក្ខខណ្ឌនៃការដាក់ពាក្យ
ដើម្បីមានសិទ្ធិដាក់ពាក្យស្នើសុំ អាហារូបករណ៍នេះតម្រូវឱ្យបេក្ខជនបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
១. ជាសិស្សទើបបញ្ចប់ថ្នាក់ទី១២ (ឬសិស្សថ្នាក់ទី១២ ដែលរំពឹងថានឹងប្រឡងជាប់ ហើយត្រៀមមកសិក្សានៅភ្នំពេញ) និស្សិតឆ្នាំទី១ ឬនិស្សិតត្រៀមចូលរៀនឆ្នាំទី២។
២. ជាបេក្ខជនមកពីបណ្តាខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។
៣. មានជីវភាពខ្វះខាត និងត្រូវការជំនួយគាំទ្រផ្នែកកន្លែងស្នាក់នៅជាចាំបាច់។
៤. មានចក្ខុវិស័យ បំណងប្រាថ្នាក្លាយជាអ្នកដឹកនាំប្រកបដោយសក្តានុពល និងមានឆន្ទៈចូលរួមសកម្មភាពស្ម័គ្រចិត្ត និងសកម្មភាពសង្គម។

ឯកសារភ្ជាប់ជាចាំបាច់ និងកាលបរិច្ឆេទ
បេក្ខជនត្រូវរៀបចំឯកសារសំខាន់ៗចំនួន ៣ រួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, រូបថតបេក្ខជនថតជាមួយអាណាព្យាបាលនៅខាងមុខផ្ទះរបស់ខ្លួនផ្ទាល់។
អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះអនឡាញបានតាមរយៈតំណភ្ជាប់ ៖ https://forms.gle/229tyuG562hRLZyr6 ចាប់ពីពេលនេះតទៅ រហូតដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕














































































