សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានប្រកាសលទ្ធផលនៃការប្រឡងនិស្សិតអាហារូបករណ៍ឆ្នាំ ២០២៦ ជាផ្លូវការ និងបានអបអរសាទរជាមួយជ័យលាភីដែលមានទេពកោសល្យ។ ការប្រឡងយកអាហារូបករណ៍ប្រចាំឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសកម្ពុជា។
ស្របពេលដែលតម្រូវការធនធានមនុស្សបន្តកើនឡើង មាតាបិតាជាច្រើនកំពុងស្វែងរកគ្រឹះស្ថានឧត្ដមសិក្សាដែលអាចរៀបចំកូនៗរបស់ពួកគាត់ឱ្យទទួលបានជោគជ័យទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានរួមចំណែកលើការផ្តល់ការអប់រំលំដាប់ថ្នាក់អន្តរជាតិតាមរយៈកម្មវិធីសិក្សាទំនើប គណៈសាស្ត្រាចារ្យអន្តរជាតិ កម្មវិធីសិក្សាស្របតាមតម្រូវការទីផ្សារការងារ និងបរិបទសិក្សាដ៏រស់រវើកដែលជំរុញការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

បន្ទាប់ពីការប្រកាសលទ្ធផល សិស្សានុសិស្ស និងមាតាបិតាជាច្រើនបានមកទទួលយកអាហារូបករណ៍ នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។ ក្នុងនោះផងដែរ យុវតី គីម កែវសុគន្ធពិដោរ ដែលជាសិស្សកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី ទទួលបានអាហារូបករណ៍ ១០០% លើជំនាញស្ថាបត្យកម្មខាងក្នុង (Interior Architecture) បានចែករំលែកអារម្មណ៍រំភើបរបស់នាងថា៖
«ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនេះ។ ការប្រឡងគឺមានភាពប្រកួតប្រជែងខ្លាំង ដោយមានសំណួរស្មុគស្មាញជាច្រើនដែលទាមទារការគិតបែបគណិតវិទ្យា និងតក្កវិទ្យាខ្ពស់ ប៉ុន្តែខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលទទួលបាននេះ។»
ម្តាយរបស់ពិដោរក៏បានចែករំលែកនូវក្តីរីករាយរបស់កូនស្រីគាត់ផងដែរ ដោយបានបញ្ជាក់ថា សមិទ្ធផលដ៏សំខាន់នេះមានអត្ថន័យធំធេងណាស់សម្រាប់គ្រួសារ «ខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់កូនស្រី។ ការជាប់បានអាហារូបករណ៍នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលនឹងជួយសម្រាលបន្ទុកយ៉ាងច្រើនក្នុងការឈានចូលសិក្សាកម្រិតឧត្តមសិក្សារបស់គាត់ ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ។ ខ្ញុំគ្មានអ្វីក្រៅពីការជូនពរឱ្យគាត់ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការសិក្សា ដើម្បីអាចលូតលាស់ក្លាយជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើងនាពេលអនាគត។»

បេក្ខជនជ័យលាភីម្នាក់ទៀតឈ្មោះ វឌ្ឍនៈ ដែលជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលអាហារូបករណ៍ ៧៥% លើជំនាញវិស្វកម្មសំណង់ស៊ីវិល (Civil Engineering)។ សម្រាប់រូបគេ និងក្រុមគ្រួសារ ដំណឹងនេះគឺជាការភ្ញាក់ផ្អើលដ៏រីករាយបំផុត។
«ខ្ញុំរំពឹងថាទទួលបានអាហារូបករណ៍ត្រឹមតែ ៥០% ប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការសម្ភាសន៍ ហើយខ្ញុំពិតជាមានអារម្មណ៍ភ័យអន្ទះសារយ៉ាងខ្លាំងក្នុងអំឡុងពេលរង់ចាំលទ្ធផល។ នៅពេលលទ្ធផលចេញមក ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជំនាញវិស្វកម្មសំណង់ស៊ីវិល គឺជាជំនាញក្នុងក្តីស្រមៃរបស់ខ្ញុំតាំងពីចាប់ផ្ដើមកម្រិតវិទ្យាល័យមកម្ល៉េះ ហើយខ្ញុំពិតជារីករាយចំពោះឱកាសនេះ។»
គំនិតផ្តួចផ្តើមអាហារូបករណ៍របស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន គឺស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យុទ្ធសាស្រ្តថ្នាក់ជាតិ ក្នុងការបង្រួបបង្រួមមូលធនមនុស្ស និងបង្កើតសមធម៌អប់រំកាន់តែប្រសើរឡើងសម្រាប់យុវជន យុវនារី។ តាមរយៈការគាំទ្រដល់សិស្សានុសិស្ស សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងធនធានមនុស្សដែលមានជំនាញខ្ពស់សម្រាប់ប្រទេសកម្ពុជា៕














































































