អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោក ជុន សំណាង ដែលទើបប្រឡងជាប់អាហារូបករណ៍ផ្នែកឯកទេស វិស្វកម្មអវកាស និងលំហរអាកាស ទៅសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ បានលើកឡើងគន្លឹះអនុវត្តន៍ចំនួន ៩ ដែលអាចជួយរូបលោកទទួលបានលទ្ធផលជោគជ័យ។
តាមការរៀបរាប់របស់ លោក ជុន សំណាង ដំណើរការនៃការដាក់ពាក្យអាហារូបករណ៍ផ្នែក ឯកទេស វិស្វកម្មអវកាស និងលំហរអាកាស គឺទាមទារឱ្យបេក្ខជនត្រូវមានប្រវត្តិការសិក្សាល្អ គួបផ្សំនឹងព្រឹត្តិបត្តិពិន្ទុប្រចាំឆ្នាំសិក្សាបរិញ្ញាបត្រ ជាពិសេសត្រូវមានចំណេះដឹងភាសាបរទេសជាអាទិ៍ មានភាសាអង់គ្លេស ដើម្បីយកមកប្រកួតប្រជែង។
តាមបទពិសោធន៍ លោក ជុន សំណាង បានបង្ហាញគន្លឹះ ៩ ចំណុច ដើម្បីជោគជ័យក្នុងការប្រឡងអាហារូបករណ៍នេះ មានដូចជា ៖ ទី១. ត្រូវមានចំណេះដឹងសមរម្យជាមួយនឹងពិន្ទុល្អ ជាកត្តាមួយដ៏ចាំបាច់ដែលគណៈកម្មការចង់បាន, ទី២. ត្រូវប្រុងប្រៀប និងរៀបចំខ្លួនជានិច្ចមុននិងសម្រេចចិត្តដាក់ពាក្យ ឬចូលរួមការប្រឡងអាហារូបករណ៍នានា មានន័យថាយើងមានអ្វីដែលគេចង់បាន ទាំងចំណេះវិជ្ជាជីវៈ ចំណេះដឹងភាសាបរទេស (លើកទឹកចិត្ត ឱ្យមានលទ្ធផលខ្ពស់), ទី៣. ត្រូវរៀបចំឯកសារឱ្យបានល្អ អាចរកមើលគម្រូតាមអ៊ិនធើណេត ពិនិត្យឱ្យបានម៉ត់ចត់នូវរាល់ឯកសារនីមួយៗទៅតាមតម្រូវការនិងលក្ខន្តិកៈ។
ទី៤. កំណត់គោលដៅឱ្យបានច្បាស់លាស់មិនចំពោះតែថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទេ ពោល គឺត្រូវស្គាល់ខ្លួនឯងជាមុនទើបយើងមានក្តីស្រមៃ និងចង់សម្រេចវាឱ្យបាន, ទី៥. រៀបចំផែនការ និងកាលវិភាគឱ្យបានច្បាស់លាស់មុននិងដល់ថ្ងៃបិទទទួលពាក្យ យើងបានត្រៀមខ្លួន អ្វីខ្លះ ត្រូវចោទជាសំណួរសួរខ្លួនឯងថា «តើបានរៀបចំ និងសម្រេចអ្វីខ្លះ អាចមានសៀវភៅ ឬការសរសេរ កំណត់ហេតុទុកជៀសវាងការភ្លេច និងធ្វេសប្រហែស», ទី៦. ត្រូវមានភាពក្លាហានសាកសួរអំពីបទពិសោធន៍ពីសិស្សច្បងនានាដែលធ្លាប់ទទួលបានភាពជោគជ័យ រៀន និង សិក្សាឈ្វេងយល់ពីគន្លឹះសំខាន់ៗពីពួកគាត់ដែលយើងអាចយកមកប្រើប្រាស់ជាប្រយោជន៍។

ទី៧. ត្រូវមានភាពសកម្មក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍជំនាញបន្ថែមក្រៅម៉ោងសិក្សា , ទី៨. ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា និងភាសាបរទេសឱ្យបានល្អ ដើម្បីបង្កើនឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និង ទី ៩. ត្រូវមានទំនុកចិត្តលើខ្លួនឯង និងជឿជាក់ថា ការខិតខំប្រឹងប្រែងនឹងនាំទៅរកភាពជោគជ័យ។
ពាក់ព័ន្ធនឹងផែនការនាពេលអនាគត ម្ចាស់អាហារូបករណ៍រូបនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសចិន លោកនឹងនាំយកចំណេះដឹង និងជំនាញឯកទេសនេះ មកចូលរួមអភិវឌ្ឍវិស័យលំហអាកាសនៅកម្ពុជា តាមរយៈការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យាផ្កាយរណប និងវិស្វកម្មលំហអាកាស។ លើសពីនេះ លោកក៏មានបំណងចែករំលែកចំណេះដឹងដល់វិស្វករវ័យក្មេងកម្ពុជា តាមរយៈការបង្រៀន និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកបង្កើតមូលដ្ឋានគ្រឹះបច្ចេកវិទ្យាអាវកាសសម្រាប់ប្រទេសជាតិក្នុងរយៈពេលវែង។
ជាមួយគ្នានេះដែរ លោក ជុន សំណាង ក៏បានផ្ញើសារលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តលើវិស័យបច្ចេកវិទ្យា ឱ្យខិតខំពង្រឹងសមត្ថភាពលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ព្រមទាំងអភិវឌ្ឍជំនាញដោះស្រាយបញ្ហា ការគិតវិភាគ និងការធ្វើការជាក្រុម ដោយប្រកាន់ខ្ជាប់នូវវិន័យ ភាពអត់ធ្មត់ និងចំណង់ចំណូលចិត្តក្នុងការច្នៃប្រឌិត ដើម្បីត្រៀមខ្លួនស្រូបយកឱកាសថ្មីៗនៅលើឆាកអន្តរជាតិ៕














































































