ជីវភាពគ្រួសារខ្វះខាតមិនមែនជាឧបសគ្គរារាំងក្ដីស្រមៃឡើយ ជាក់ស្ដែង យុវសិស្ស ស៊ុយ ពិសី ជាសិស្សថ្នាក់វិទ្យាសាស្រ្ត មកពីវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ដែលមានឪពុកជាកសិករ និងម្ដាយជាកម្មការិនីរោងចក្រ បានខិតខំពុះពាររហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដោយទទួលបាននិទ្ទេស A ។
យុវសិស្ស ស៊ុយ ពិសី បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនេះ ដែលជាកាដូដ៏មានតម្លៃជូនខ្លួនឯង ក្រុមគ្រួសារ និងសាលារៀន។ ជោគជ័យមួយនេះ ពិសី និយាយថា រូបគេបានកំណត់គោលដៅដណ្ដើមយកនិទ្ទេស A តាំងពីដើមឆ្នាំថ្នាក់ទី១១ មកម៉្លេះ បន្ទាប់ពីបានឃើញគំរូជោគជ័យរបស់រៀមច្បងជំនាន់មុនៗ។
ដើម្បីសម្រេចគោលដៅ ស៊ុយ ពិសី បានរៀបចំកាលវិភាគសិក្សាយ៉ាងច្បាស់លាស់ ដោយក្រោកតាំងពីម៉ោង ៤ទៀបភ្លឺ ដើម្បីរំលឹកមេរៀន និងចំណាយពេល ៣ ម៉ោងជារៀងរាល់យប់សម្រាប់ដោះស្រាយលំហាត់ និងទន្ទេញមេរៀន ដោយបែងចែក ៣០ នាទីសម្រាប់មុខវិជ្ជានីមួយៗ ព្រមទាំងអនុវត្តវិញ្ញាសាចាស់ៗជាប្រចាំរហូតដល់ថ្ងៃប្រឡង។

សិស្សនិទ្ទេស A ឆ្នាំ២០២៦ រូបនេះ ក៏បញ្ជាក់ដែរថា កត្តាដែលជំរុញឱ្យរូបគេខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេស A គឺចែកចេញជា ៣កត្តា ទី១. កត្តាខ្លួនឯង ៖ ការខិតខំរៀនសូត្រឱ្យពូកែ និងយកនិទ្ទេស A ជូនខ្លួនឯង និងជូនឪពុកម្ដាយ, ទី២. កត្តាគ្រួសារ ៖ ឪពុកម្ដាយតែងលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងមិនប្រើឱ្យធ្វើការងារអ្វីច្រើនឡើយ គឺឱ្យផ្ដោតតែលើការសិក្សារៀនសូត្រ និងទី៣. កត្តាសាលារៀន និងសហគមន៍ ៖ លោកគ្រូ អ្នកគ្រូ តែងតែលើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រតាំងពីដើមឆ្នាំ ដើម្បីទទួលបាននិទ្ទេស A ប្រចាំភូមិ និងធ្វើជាគំរូដល់ក្មេងៗជំនាន់ក្រោយ។
«ឪពុកម្ដាយពុំមានអ្វីឱ្យកូនទេ មានតែខំឱ្យកូនរៀនសូត្របានខ្ពង់ខ្ពស់ ពាក្យសម្ដីនេះជំរុញខ្ញុំឱ្យខិតខំរៀនសូត្រ រហូតទទួលបាននិទ្ទេសA ហើយក្នុងថ្ងៃប្រឡង ឪពុកម្ដាយខ្ញុំក៏បានជូនទៅប្រឡង និងមើលថែ ដូច្នេះ គឺមានតែខិតខំប្រឡងឱ្យទទួលបាននិទ្ទេសA»
ចំពោះទិសដៅបន្តនៅថ្នាក់ឧត្តមសិក្សា ស៊ុយ ពិសី គ្រោងនឹងចាប់យកជំនាញ «ទំនាក់ទំនងអន្តរជាតិ» ដែលជាក្តីស្រលាញ់តាំងពីកុមារភាព។ ជាមួយគ្នា យុវសិស្សរូបនេះក៏បានផ្ញើសារលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ថា ជីវភាពក្រីក្រមិនមែនជាបន្ទាត់កំណត់ជោគជ័យឡើយ អ្វីដែលសំខាន់គឺការតាំងចិត្ត ឆន្ទៈ និងការខិតខំប្រឹងប្រែង ព្រោះ «និទ្ទេស A មិនកំណត់កម្រិតជីវភាពឡើយ បើគេធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា»៕














































































