បន្ទាប់ពីការប្រកួតបញ្ចេញគំនិតយ៉ាងស្វិតស្វាញ ទីបំផុតក្រុមបេក្ខជនជាប់ជ័យលាភីលេខ១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ បានទៅលើ សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ ខណៈជ័យលាភីលេខ២ បានទៅលើវិទ្យាល័យ ដំដែក ខេត្តសៀមរាប។
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ ក្រុមបេក្ខជនទាំងពីរក្រុម គឺវិទ្យាល័យ ដំដែក ខេត្តសៀមរាប (ក្រុមស្រប) និងសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ (ក្រុមបដិសេធ) ពួកគេប្រកួតគ្នាលើប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាទៅរកវិបុលភាព»។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការ នៃអគ្គនាយកដ្ឋានយុវជន និងដៃគូសហការទាំងអស់ ដែលបានគាំទ្រកម្មវិធីនេះ។ ជាពិសេស អរគុណបេក្ខជនទាំង ២ក្រុម ដែលបានចូលរួមក្នុងការប្រកួត ក៏ដូចជាគណៈកម្មការវាយតម្លៃ ដែលបានរួមចំណែកក្នុងការផ្ដល់ពិន្ទុដ៏សុក្រិតដល់បេក្ខជនទាំង ២ក្រុម។
រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ គុណភាពនៃការជជែកដេញដោលថ្នាក់ជាតិកាន់តែល្អប្រសើរឡើង។ បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ សិស្សានុសិស្សរៀននៅក្នុងសាលាជាផ្នែកមួយ ប៉ុន្តែកម្មវិធីនេះ នឹងជួយបណ្ដុះបំណិនសតវត្សទី២១ ជាសកម្មភាពក្រៅសាលាដល់យុវជន រួមមាន បណ្ដុះឱ្យចេះស្រាវជ្រាវ សហការ ដោះស្រាយបញ្ហា ចេះធ្វើការជាក្រុម ចេះត្រិះរិះពិចារណា និងមានភាពជាអ្នកដឹកនាំ ដែលទាំងនេះជាបំណិនសតវត្សទី២១។ ”ដូច្នេះ មានតែចំណេះមិនគ្រប់គ្រាន់ គឺត្រូវមានបំណិន មនសិការពលរដ្ឋល្អ ដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅរកវិបុលភាព!“។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងដែរថា សម្រាប់បេក្ខជនទាំង ២ក្រុម ទោះជាប់លេខ១ក្ដី ឬលេខ២ក្ដី មិនជាបញ្ហា ប៉ុន្តែឪពុកម្ដាយពិតជាមានមោទនភាព ទោះបីកូនរៀននៅខេត្ត ឬរៀននៅភ្នំពេញ សុទ្ធតែឈានមកដំណាក់កាលនេះ ហើយនេះជាកិត្តិយសធំមួយសម្រាប់បេក្ខជន គ្រួសារ គ្រូបង្រៀន និងសាលារៀនផងដែរ។

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំង ២ក្រុម ត្រូវមានសាមគ្គីភាពដើម្បីរីកចម្រើន ចេះផ្សំគំនិតគ្នា ហើយប្រើប្រាស់ចំណេះដឹង ដើម្បីកសាងសង្គមជាតិឱ្យមានការរីកចម្រើន។ ម៉្យាងវិញទៀត សូមកុំឱ្យមតិស្រប និងមតិបដិសេធ ធ្វើឱ្យមានការបំបែកបំបាក់គ្នា តែត្រូវរួមគ្នា ដើម្បីកសាងសង្គមជាតិ។
គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ រៀបចំឡើងស្របគ្នាទៅនឹង «ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា» ដែលឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា», ហើយគោលបំណងសំខាន់ នៃកម្មវិធីជជែកដេញដោលនេះ គឺផ្តល់ជូននូវវេទិកាសម្តែងមតិរបស់យុវជនកម្ពុជា និងជាសង្វៀនវោហារសព្ទដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រតិដ្ឋ ការវិភាគនិងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គមជាតិ។ សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រកួត មកពីជិត ៥០សាលាទូទាំងរាជធានី-ខេត្ត ដែលសុទ្ធសឹងជាសិស្សឆ្នើម៕














































































