ឯកឧត្តម សាន វឌ្ឍនា ៖ មជ្ឈមណ្ឌល​អាស៊ានសម្រាប់​ការ​អប់រំឌីជីថល ​ផ្សារភ្ជាប់បរិវត្តកម្មអប់រំទៅកាន់គ្រឹះស្ថានផ្សេងនៅក្នុងអាស៊ាន

ភ្នំពេញ – ស្ថិតក្នុងបរិបទនៃការវិវត្តឥតឈប់ឈររបស់បច្ចេកវិទ្យា ទាមទារឱ្យគ្រប់វិស័យទាំងអស់ពង្រីកវិសាលភាពរបស់ខ្លួនចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់ស្ថានភាពនៃការរីកចម្រើនដ៏ឆាប់រហ័សនេះ។ ទន្ទឹមគ្នានេះ ក្រោយវិបត្តិកូវីដ-១៩ វិស័យអប់រំបានដើរតួនាទីសំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការរៀន និងការបង្រៀនផងដែរ។

ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់សិស្សានុសិស្ស គ្រូបង្រៀន គណៈគ្រប់គ្រងសាលា អាណាព្យាបាលសិស្ស និងសហគមន៍ជាដើម ក្រសួងអប់រំ យុវជន និងកីឡា បានសម្ភោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល កាលពីថ្ងៃទី០១ ខេវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ តើ​មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការ​អប់រំឌីជីថល មាន​តួនាទីធ្វើអ្វីខ្លះ?

ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ AMS ដោយ​បង្ហាញ​អំពីគោលបំណង និងដំណើរការ​មួយចំនួនរបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ៖

១. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលបង្កើតឡើងក្នុងគោលបំណងអ្វី?

នៅក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដែលបានធ្វើជាប្រធានប្ដូរវេនអាស៊ាន និងភ្ជាប់ជាមួយកិច្ចប្រជុំអាស៊ានលើកទី៤០-៤១ ព្រមទាំងបង្កើតឱ្យមានជាសេចក្ដីណែនាំអាស៊ានសម្រាប់ការបើកឡើងវិញនៃការអប់រំក្រោយពេលកូវីដ-១៩ និងការផ្ដួចផ្ដើមឱ្យមានជាសេចក្ដីថ្លែងការអាស៊ានស្ដីពី បរិវត្តកម្មឌីជីថលក្នុងការអប់រំ។ ជាមួយសកម្មភាពទាំងអស់នេះ ហើយទើបក្រសួងអប់រំ យុវជន និងកីឡា បានផ្ដួចផ្ដើមរៀបចំឱ្យមានការសម្ភោធមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ជាព្រឹត្តិការអមមួយនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំសំខាន់ៗដទៃទៀត។

ឯកឧត្តម សាន វឌ្ឍនា បន្ថែមថា គោលដៅសំខាន់នៃការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល គឺ ទី១. ចង់ផ្សារភ្ជាប់បរិវត្តកម្មអប់រំទៅកាន់គ្រឹះស្ថានផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អប់រំទៅវិញទៅមករវាងស្ថាប័ន និងស្ថាប័ន។ ទី២. ចង់ពង្រឹងការអប់រំឌីជីថលឱ្យមានប្រសិទ្ធភាព និងមានភាពស័ក្តសិទ្ធិកាន់តែខ្លាំងជាងមុនជាមួយគ្រឹះស្ថានអបរំផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ទី៣. បង្ហាញពីការឈានមុខរបស់វិស័យអប់រំនៅកម្ពុជា ឬហៅថា ការប្រែមុខមាត់ថ្មីនៃវិស័យអប់រំ (Transforming) ដែលក្នុងនោះ មានការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំឌីជីថល និងការអប់រំយុវជនផ្សេង។

២. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ដំណើរការដោយរបៀបណា?

ចំពោះដំណើរការនៅក្នុងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ១.គឺយើងផ្ដោតទៅលើការផលិតមាតិកាឌីជីថល ដែលក្នុងនោះ មានប្រភេទវីដេអូជាច្រើនប្រភេទ មានវីដេអូបែបចម្រុះមានភាពច្នៃប្រឌិត ធនធានសិក្សាជាសៀវភៅអំណាន និងធនធានដែលមានអន្តរកម្ម អាចគាំទ្រទៅដល់ការរៀនតាមបែបថ្មីរបស់សិស្សានុសិស្សនៅកម្ពុជា។ ក្នុងនោះរួមមាន ការរៀនដោយឯករាជ្យ (Independent Learning), ការរៀនតាមចំណូលចិត្ត (Personal Life Learning), ការរៀនទៅតាមល្បឿនរបស់សិស្ស (Self-Pace Leering), និងការរៀនតាមបែបសហការ (Collaborative Learning)។

ប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល បញ្ជាក់បន្ថែមថា លក្ខណៈនៃការរៀនទាំងអស់នេះ ត្រូវការវីដេអូជាច្រើនប្រភេទ ព្រោះសិស្សខ្លះត្រូវការវីដេអូវែង សិស្សខ្លះត្រូវការវីដេអូខ្លី និងសិស្សខ្លះទៀតត្រូវការវីដេអូបែបសង្ខេប។ ដូចនេះ តួនាទីរបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល គឺការផលិតវីដេអូដោយអញ្ជើញគ្រូដែលមានបទពិសោធន៍ និងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាមកផលិតវីដេអូដើម្បីបង្រៀនសិស្សានុសិស្ស។

បន្ថែមពីនេះ  ២.មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ ជាមជ្ឈមណ្ឌលទិន្នន័យ (Data Center) ធំជាងគេក្នុងវិស័យអភិវឌ្ឍសង្គមនៅកម្ពុជា ដែលអាចផ្ទុកទិន្នន័យ និងមានមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យផងដែរ។ សម្រាប់ទិន្នន័យទាំងអស់ បានរក្សាទុកនៅក្នុងប្រទេសកម្ពុជា ដែលអាចឱ្យសិស្សានុសិស្សអាចមើលវីដេអូបានលឿនជាងវីដេអូក្នុងយូធូប (YouTube)។

ទី៣. ផ្ដល់នូវវេទិកាឌីជីថលស្រាប់ការសិក្សារបស់សិស្ស ហើយបច្ចុប្បន្នក្រសួងអប់រំមានវេបសាយ និងអេបមួយឈ្មោះថា ទូរសិក្សា/Duraseksa ដែលជាការសិក្សាពីចម្ងាយ សម្រួលដល់សិស្ស និងសាលាឆ្ងាយៗ ហើយនៅកន្លែងណាក៏ដោយក៏អាចប្រើវេទិកាឌីជីថលថ្មីមួយដែលអាចហៅថា ថ្នាក់រៀនត្រឡប់ (Flip classroom)។

ទី៤. វិភាគ ស្វែងយល់ និងកែលម្អទៅលើវិធីសាស្រ្តបង្រៀន និងគរុកោសល្យនៃការអប់រំឌីជីថល ដោយមានការចូលរួមពីស្ថាប័នបណ្ដុះបណ្ដាលគ្រូ និងគ្រូដែលមានចំណេះដឹងថ្មីៗមកណែនាំ ពន្យល់បន្ថែម ហើយក៏ជាកន្លែងដែលគូ្របង្រៀន សមគមន៍អ្នកសិក្សាវិជ្ជាជីវៈ អាចផ្លាស់ប្ដូរយោបល់។

ទី៥. ការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតវីដេអូ ដោយនៅកន្លែងនេះ មានស្ទូឌីយោ ឧបករណ៍ទំនើបៗ រួមទាំងប្រព័ន្ធប្រតិបត្តិការជាច្រើនផងដែរ។

៣. តើមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ មានសារៈសំខាន់ និងលក្ខណៈពិសេសអ្វីខ្លះ?

នៅក្នុងគោលនយោបាយថ្មីរបស់ក្រសួងអប់រំបានបង្ហាញពីចក្ខុវិស័យរបស់ បរិវត្តកម្មវិស័យអប់រំ គឺចាប់ពីពេលនេះតទៅយើងផ្ដោតទៅលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដោយផ្ដោតទៅលើលទ្ធផលនៃការសិក្សារបស់សិស្ស។ ទន្ទឹមគ្នានេះ ការអប់រំឌីជីថល ជាចំណុចមួយនៅក្នុងចំណោមចក្ខុវិស័យទាំង ៨ចំណុចរបស់ក្រសួងអប់រំ ។

ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់បន្ថែមថា យើងអាចប្រើពាក្យ បរិវត្តកម្មឌីជីថលនៅក្នុងអ៊ីកូស៊ីស្ទែមនៃការអប់រំ មានន័យថា ធំទូលាយ ដោយមានអ្នកចូលលរួមទាំងគ្រូបង្រៀន សិស្ស សហគមន៍ មាតាបិតា សាលារៀន និងគណៈនាយកសាលាជាដើម ដែលតួអង្គនីមួយមានសកម្មភាព និងមានសារៈសំខាន់ដូចៗគ្នានៅក្នុងវិស័យអប់រំ។ ដូច្នេះ ការធ្វើ​បរិវត្តកម្មឌីជីថល គឺដើម្បីឱ្យតួអង្គនីមួយៗកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន មិនមែនប្រើប្រាស់ដើម្បីជំនួសតួអង្គ ឬក៏បច្ចេវិទ្យាមិនអាចជំនួសបាន ប៉ុន្តែអាចជំនួយទៅដល់តួអង្គនីមួយៗនៅក្នុងការអប់រំ។

មជ្ឈមណ្ឌលនេះ ដើរតួនាទីយ៉ាងសំខាន់ ទី១. ទិដ្ឋភាពផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ទំនើបកម្មសម្រាប់សិស្សានុសិស្សប្រកបដោយសមធម៌ សមភាព និងបរិយាបន្នពេញមួយជីវិត ទី២.បង្ហាញតួអង្គនីមួយៗមានភាពចាំបាច់ មានសារៈសំខាន់ដូចគ្នា និងកាន់តែប្រសើរជាងមុននៅក្នុងការលើកកម្ពស់វិស័យអបរំ។

៤. តើការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលបានជួបបញ្ហាប្រឈមដែរឬទេ?

ក្នុងនាមជាប្រធានលេខាធិកាដ្ឋានមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ឯកឧត្តម សាន វឌ្ឍនា មិនបានគិតថាការបង្កើតមជ្ឈមណ្ឌលនេះ បង្កជាបញ្ហាប្រឈមនោះទេ ប៉ុន្តែឯកឧត្តមមើលឃើញថាជាឱកាសទៅវិញ ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការងារថ្មីច្រើនទៅៗ។

ឧទាហរណ៍៖ កាលពេលដែលយើងចាប់ផ្ដើមដំណើរការផលិតវីដេអូសម្រាប់ការរៀន គឺយើងគិតថា ថតវីដេអូឱ្យហើយដាក់នៅលើយូថូប (YouTube) និងហ្វេសប៊ុកសិស្សអាចមើលបាន។ ផុតពីនេះទៅ យើងបានមើលឃើញថា សិស្សត្រូវការអ៊ីនធឺណិតដែលមានល្បឿន មើលវីដេអូបានខ្លះ មានគុណភាពខ្ពស់ ហើយយើងក៏បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទដៃ ដើម្បីចរចារសុំការអនុគ្រោះ ចុះថ្លៃ ឬសម្រួលការបង់ថ្លៃសម្រាប់អ្នកសិក្សា។ បន្ទាប់មកទៀត យើងចាប់ផ្ដើមបង្កើតមាតិកាឌីជីថលជាអេប ជាវេបសាយផ្សេងៗ ព្រមទាំងបន្តផលិតវីដេអូប្លែកៗ ។ បច្ចុប្បន្ននេះ យើងកំពុងផលិតវីដេអូទាក់ទងនឹងការបង្កើតគម្រោង តាមរយៈគ្រូបង្រៀនច្បិចយកខ្លឹមសារសំខាន់ៗក្នុងមេរៀន ដើម្បីឱ្យសិស្សចេះបង្កើតគម្រោងដោះស្រាយបញ្ហា ។ មួយវិញទៀត វីដេអូពិសោធន៍លើមុខវិជ្ជារូបវិទ្យា គីមីវិទ្យា គឺសិស្សភាគច្រើនចូលចិត្ត។ ក្រុមការងាររៀបចំរបស់ក្រសួងអប់រំ តែងតែស្វែងរកដំណោះស្រាយផ្នែកបច្ចេកវិទ្យានេះ ដើម្បីបម្រើសេចក្ដីត្រូវការរបស់សិស្សានុសិស្សយើងឱ្យទទួលបានលទ្ធផលនៃការសិក្សាខ្ពស់ជាងមុន។

៥. តើឯកឧត្តមមានការរំពឹងទុកអ្វីខ្លះចំពោះមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះនៅថ្ងៃអនាគត?

សម្រាប់ការរំពឹងទុក មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលនេះ នឹងជាទីកន្លែងមួយ ដែលយើងអាចស្វែងរកដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីថលនៅក្នុងការរៀន និងកាបង្រៀនឱ្យបានប្រសើរជាមុន ។ ខ្ញុំសង្ឃឹមថា មាតាបិតានៅតាមផ្ទះលោកពង្រឹងតួនាទីកាន់តែខ្លាំងជាងមុនសម្រាប់អនាគតបុត្រធីតា ដើម្បីផ្ដល់ឱវាទ ការណែនាំប្រៀនប្រដៅ ឱ្យកូនៗមកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ សម្រាប់រៀននៅផ្ទះ ហើយផ្ដល់ជាបរិស្ថានសមរម្យសម្រាប់កូនរៀននៅផ្ទះឱ្យបានប្រសើរជាងមុន។ លើសពីនេះ លើកទឹកចិត្តកូន និងផ្ដល់ភាពកក់ក្ដៅដល់កូនដើម្បីរៀនឱ្យបានច្រើនជាងមុនជាមួយបច្ចេកវិទ្យាឌីជីថលនេះ។

ឯកឧត្តម សាន វឌ្ឍនា បន្ថែមថា ប្រសិនយើងមើលឃើញបច្ចេកវិទ្យាឌីជីថលជាឧបសគ្គ ឬជាកត្តាប្រឈមយើងនឹងមើលឃើញវាជាបញ្ហា ហើយប្រសិនបើកូនៗពិបាក គឺត្រូវខិតខំតស៊ូប្រឹងប្រែបន្ថែមទៀត នោះយើងនឹងក្លាយជាម្ចាស់ នៃបច្ចេកវិទ្យា។ សម្រាប់សិស្សនុសិស្សវិញ ត្រូវឆក់ឱកាសនេះឱ្យខ្លាំងជាងមុនដើម្បីប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពក្នុងការរៀន និងបង្រៀន។ ខ្ញុំសូមបញ្ជាក់បន្ថែមថា កម្មវិធីទូរសិក្សា បានតម្លើងជាអេប និងវេបសាយ ដែលមានមេរៀន និងវីដេអូគ្រប់ប្រភេទ សម្រាប់សិស្សអាចរៀនដោយខ្លួនឯងនៅផ្ទះ។ លោកគ្រូអ្នកគ្រូក៏អាចប្រើប្រាស់ធនធានទាំងអស់នេះ សម្រាប់ជំនួយដល់ការបង្រៀនកាន់តែប្រសើរផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...