នៅក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្តូរយ៉ាងលឿនដូចបច្ចុប្បន្ន យុវជនជាច្រើនតែងតែចោទសួរថា «តើសញ្ញាបត្រសាកលវិទ្យាល័យតែមួយមុខ គ្រប់គ្រាន់សម្រាប់ធានាឱកាសការងារ និងអនាគតដ៏ភ្លឺស្វាងហើយឬនៅ?» ចម្លើយយ៉ាងខ្លីគឺ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ទោះបីជាការសិក្សាក្នុងប្រព័ន្ធមានសារៈសំខាន់ ប៉ុន្តែអ្វីដែលនឹងធ្វើឱ្យអ្នកលេចធ្លោជាងគេនៅក្នុងទីផ្សារការងារ និងការរស់នៅ គឺ «សមត្ថភាពក្នុងការស្វែងយល់ និងរៀនសូត្រអ្វីៗថ្មីៗដោយខ្លួនឯង» ឬហៅថា ស្វ័យសិក្សា (Self-Education)។
ហេតុអ្វីបានជាយុវជនត្រូវតែមានជំនាញ «ស្វ័យសិក្សា»?
កាលពីមុន ការមានសញ្ញាបត្របរិញ្ញាបត្រមួយ គឺគ្រប់គ្រាន់អាចឱ្យយើងរកការងារល្អមួយបាន។ ប៉ុន្តែបច្ចុប្បន្ន ចំនួននិស្សិតបញ្ចប់ការសិក្សាមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។ នៅក្នុងបទសម្ភាសន៍ការងារ អ្វីដែលអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មចង់ឃើញបំផុត គឺភាពម្ចាស់ការ និងការលើកទឹកចិត្តខ្លួនឯងក្នុងការអភិវឌ្ឍសមត្ថភាព។ ការដែលអ្នកអាចបង្ហាញថា អ្នកបានរៀនចេះជំនាញណាមួយ (ដូចជា កាត់តវីដេអូ ឌីហ្សាញ ឬភាសាបរទេស) ដោយការស្រាវជ្រាវខ្លួនឯង គឺជាចំណុច ដែលធ្វើឱ្យអ្នកលេចធ្លោជាងបេក្ខជនដទៃ។
បង្កើតឧត្តមភាពប្រកួតប្រជែងក្នុងយុគសម័យបច្ចេកវិទ្យា
ទោះបីជាមានការព្រួយបារម្ភថាបច្ចេកវិទ្យា ឬបញ្ញាសិប្បនិម្មិត (AI) អាចនឹងដណ្តើមការងារមនុស្ស ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញថា បច្ចេកវិទ្យាថ្មីតែងតែបង្កើតឱកាសការងារថ្មីៗជានិច្ច។ ការសិក្សាក្នុងថ្នាក់រៀនជួនកាលមានល្បឿនយឺតជាងការប្រែប្រួលនៃបច្ចេកវិទ្យាជាក់ស្តែង។ បច្ចុប្បន្នមានឱកាសការងារថ្មីៗជាច្រើន ដូចជា អ្នកកាត់តវីដេអូសម្រាប់ YouTube/TikTok, អ្នកផលិតកម្មវិធីសំឡេង (Podcast Producer), អ្នកគ្រប់គ្រងមាតិកា (Content Manager) ឬ អ្នកជំនាញគ្រប់គ្រងបណ្តាញសង្គម (Social Media Manager) ជាដើម។ ការងារទាំងនេះ សុទ្ធសឹងតែជាអ្វីដែលអ្នកអាចសិក្សា និងអនុវត្តបានដោយខ្លួនឯង ដោយមិនចាំបាច់ចំណាយពេល ឬថវិកាច្រើនក្នុងសាលាឡើយ។

ជំហានក្នុងការកសាងផ្លូវស្វ័យសិក្សាឱ្យមានប្រសិទ្ធភាព
ការរៀនសូត្រដោយខ្លួនឯងអាចនឹងពិបាកនៅពេលចាប់ផ្តើមដំបូង ប៉ុន្តែប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រជាប្រព័ន្ធខាងក្រោមនេះ វានឹងក្លាយជារឿងងាយស្រួល៖
១. កំណត់គោលដៅឱ្យច្បាស់លាស់ និងជាក់លាក់ ៖ កុំកំណត់គោលដៅទូលំទូលាយពេក ដូចជា «ចង់រៀនលេងព្យាណូ» ឬ «ចង់ចេះឌីហ្សាញ»។ ផ្ទុយទៅវិញ ត្រូវកំណត់ឱ្យចំដូចជា «ចង់រៀនលេងបទចម្រៀងដែលខ្លួនចូលចិត្តឱ្យបាន ៣ បទ» ឬ «ចង់ចេះប្រើប្រាស់កម្មវិធី Photoshop ថ្នាក់មូលដ្ឋានដើម្បីកាត់រូបភាព»។ ជាមួយគ្នានេះ ត្រូវដឹងពីហេតុផល (Why) ថា ហេតុអ្វីបានជាអ្នកចង់រៀនវា ដើម្បីរក្សាកម្លាំងចិត្ត។
២. ស្វែងយល់ពីរបៀបរៀនដែលត្រូវនឹងខ្លួនឯង ៖ មនុស្សម្នាក់ៗមានវិធីសាស្ត្រទទួលបានចំណេះដឹងខុសៗគ្នា។ អ្នកខ្លះរៀនពូកែតាមរយៈការអានសៀវភៅ អ្នកខ្លះចូលចិត្តមើលវីដេអូណែនាំ (Tutorials) ចំណែកអ្នកខ្លះទៀតចូលចិត្តបង្កើតជាគម្រោងសាកល្បងផ្ទាល់ខ្លួន។ ចូលជ្រើសរើស និងបន្សំវិធីសាស្ត្រទាំងនោះទៅតាមប្រភេទជំនាញដែលអ្នកកំពុងរៀន។
៣. ចាប់ផ្តើមពីប្រភពធនធានដែលត្រឹមត្រូវ ៖ សម្រាប់អ្នកចាប់ផ្តើមដំបូង គួរស្វែងរកមេរៀន ឬសៀវភៅណាដែលពន្យល់ពីកម្រិតមូលដ្ឋានគ្រឹះបំផុត (Absolute Beginners) ដើម្បីកុំឱ្យរំលងចំណុចសំខាន់ៗ ឬបង្កើតជាទម្លាប់ខុសឆ្គង។ ប្រសិនបើជាជំនាញផ្នែកកាយសម្បទា ឬតន្ត្រី ការមានគ្រូណែនាំ (ទោះជាតាមអនឡាញ) គឺជារឿងល្អដើម្បីទទួលបានការកែតម្រូវទាន់ពេល។

៤. បែងចែកការរៀនជាវគ្គខ្លីៗ (Learning Sprints) ៖ ជំនួសឱ្យការរៀបចំផែនការវែងឆ្ងាយរាប់ខែ ដែលងាយនឹងធ្វើឱ្យធុញទ្រាន់ គួរងាកមកប្រើវិធីសាស្ត្រ «រៀនក្នុងរយៈពេល ២ សប្តាហ៍»។ ក្នុងរយៈពេល ២ សប្តាហ៍នេះ ត្រូវផ្តោតលើចំណុចតូចមួយនៃជំនាញនោះឱ្យបានច្បាស់លាស់ រួចសឹមផ្លាស់ប្តូរទៅចំណុចមួយទៀតនៅក្នុងវគ្គបន្ទាប់។
៥. អនុវត្តដោយការផ្ដោតអារម្មណ៍ខ្ពស់ ៖ ការចំណាយពេលរាប់ពាន់ម៉ោងនឹងគ្មានន័យឡើយ ប្រសិនបើការអនុវត្តនោះធ្វើឡើងដោយគ្មានការផ្ដោតអារម្មណ៍។ នៅពេលអនុវត្ត ត្រូវមានគោលបំណងច្បាស់លាស់ ហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួន និងស្វែងរកវិធីកែលម្អវាជាប្រចាំ៕






























