ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា នាពេលបច្ចុប្បន្ន ដែលបានដាក់លក់នៅលើទីផ្សារកម្ពុជា ហាក់មានតម្លៃទាបជាងមុន ដែលបញ្ហានេះ អាចបង្កើនបន្ទុកលើវិស័យសុខាភិបាលកម្ពុជា និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់ AMS ថា ដ្បិតអត្រាអ្នកជក់បារីមាននិន្នាការថយចុះពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកជក់បារីនៅមានចំនួនច្រើននៅឡើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់នៅឆ្នាំ២០២៦។ ចំណែកអ្នកប្រើប្រាស់គ្រឿងស្រវឹងវិញ ក៏កាន់តែមានការកើនឡើងដែរ ដែលជាការព្រួយបារម្ភសម្រាប់សង្គមជាតិ។
សម្រាប់លោកវេជ្ជបណ្ឌិត មុំ គង់ ចំនួនច្រើននៃអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹង គឺជាការបង្កើនបន្ទុកសម្រាប់វិស័យសុខាភិបាលកម្ពុជា។
“នៅពេលដែលបារីឡើងថ្លៃ គឺយើងអាចកាត់បន្ថយអ្នកដែលកើតជំងឺ អ្នកពិការភាពដោយសារជក់បារី ហើយក៏រួមចំណែកកាត់បន្ថយការចំណាយ ប.ស.ស របស់រដ្ឋាភិបាលលើការព្យាបាល។ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ក៏ដូចគ្នា”
បច្ចុប្បន្ន ថ្លៃបារី ដែលដាក់លក់នៅលើទីផ្សារកម្ពុជា មានតម្លៃទាបបំផុតត្រឹមតែ ១៥០០រៀលក្នុងមួយកញ្ចប់ ដែលធ្វើឱ្យកុមារ និងយុវជនអាចទិញបារីបានយ៉ាងងាយស្រួល។ ចំណែកគ្រឿងស្រវឹងលើទីផ្សារនាពេលបច្ចុប្បន្នវិញ ក៏មានតម្លៃទាបជាងមុន បើធៀបទៅនឹងមុនពេលរាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ទាំងស្រុងចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៦។
លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទាំងការជក់បារី និងការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ ជាពិសេសយុវជនតែម្ដង។ លោកបង្ហាញការព្រួយបារម្ភថា បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសុខាភិបាលកម្ពុជា។
ស្រដៀងគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកវិទ្យាសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ក៏បានកត់សម្គាល់ឃើញថា ការជក់បារី និងការទទួលគ្រឿងស្រវឹង ហាក់កំពុងក្លាយជាទម្លាប់ ដែលបង្កជាហានិភ័យសម្រាប់ប្រជាពលរដ្ឋមួយចំនួននៅកម្ពុជា។ លោកបានកត់សម្គាល់ឃើញថា បញ្ហាសង្គមជាច្រើន ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សារក្នុងគ្រួសារ និងជំងឺជាច្រើននៅកម្ពុជា សុទ្ធតែកើតឡើងដោយសារការជក់បារី ការទទួលគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ជាដើម។

បើតាមបណ្ឌិត ញិល រដ្ឋា ជាមធ្យម ពលរដ្ឋកម្ពុជា បានចំណាយប្រាក់ចន្លោះពី ១០ភាគរយ ទៅ២០ភាគរយ នៃប្រាក់ចំណូលប្រចាំខែ ទៅលើថ្លៃគ្រឿងស្រវឹង បារី និងភេសជ្ជៈផ្អែម។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា មានពលរដ្ឋកម្ពុជា ចំនួន៥០ភាគរយ ដែលមានអាយុពី១៨ឆ្នាំ ដល់ ៦៩ឆ្នាំ បានទទួលទានគ្រឿងស្រវឹង ក្នុងនោះ បុរសមានជាង៧១ភាគរយ និងស្រ្តីជាង ២៧ភាគរយ។
យោងតាមការប៉ាន់ស្មានរបស់លោកជំទាវ ឱ វណ្ណឌីន ពលរដ្ឋខ្មែរក្នុងមួយឆ្នាំៗ បានចំណាយថវិកាយ៉ាងសម្បើមលើការទិញគ្រឿងស្រវឹង និងថែទាំសុខភាពបង្កឡើងដោយឥទ្ធិពលនៃគ្រឿងស្រវឹង។ ពោលនៅក្នុងមួយឆ្នាំៗ ពលរដ្ឋកម្ពុជា ម្នាក់អាចចំណាយថវិកាខ្ទង់ ៤៨៦ដុល្លារ លើការទិញគ្រឿងស្រវឹង៕
អត្ថបទ ៖ ខន ណារី AMS












































































