រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ លើកឡើងថា នៅក្នុងយុគសម័យទំនើបនេះ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១។
ថ្លែងទៅកាន់លោកគ្រូអ្នកគ្រូ ក្នុងទិវាគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១” ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា នៅពេលគ្រូបង្រៀនស្គាល់ពីសិស្ស មានចំណេះដឹង និងបំណិនវិជ្ជាជីវៈ គ្រូបង្រៀនអាចជួយសិស្ស គាំទ្រសិស្ស ដើម្បីទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងក្លាយជាពលរដ្ឋល្អ។ ជាពិសេស នៅក្នុងយុគសម័យថ្មី នៅពេលដែលបញ្ញាសប្បនិម្មិត (AI) បាននិងកំពុងជ្រាបចូលនូវគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមជាតិ ការបណ្ដុះបណ្ដាលធនធានមនុស្សចាំបាច់ត្រូវប្រើប្រាស់នូវគរុកោសល្យទំនើប។

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់ថា គរុកោសល្យទំនើប មានន័យថា គ្រូបង្រៀនត្រូវបណ្ដុះឱ្យសិស្សមានបំណិនត្រិះរិះពិចារណា បំណិនធ្វើការងារជាក្រុម បំណិនដោះស្រាយបញ្ហា បំណិនភាពជាអ្នកដឹកនាំ បំណិនទំនាក់ទំនង បំណិននវានុវត្តន៍ បំណិនឌីជីថល ក៏ដូចជាបំណិនសម្របសម្រួលទៅនឹងស្ថានភាពដែលចេះតែវិវត្តទៅមុខ។ ឯកឧត្តមថា បំណិនទាំងអស់នេះហើយ ដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) មិនអាចជំនួសបាន។

គួរជំរាបជូនថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា នៅក្នុងការធ្វើបរិវត្តកម្មនៃការបណ្តុះបណ្តាលគ្រូបង្រៀន តាមរយៈការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ក្រោមហិរញ្ញប្បទានឥតសំណងពី ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ។ ក្រៅពីនេះ ក្រសួងក៏បានអនុវត្តកម្មវិធី គាំទ្រផ្សេងៗទៀត ដោយសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់សាលា គរុកោសល្យ និងការអភិវឌ្ឍគ្រូបង្រៀន៕












































































