ក្មេងជំទង់ជនជាតិចិនអាយុ ១៣ឆ្នាំម្នាក់ មកពីទីក្រុង Hangzhou ភាគខាងកើតប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម បន្ទាប់ពីបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រចាំថ្ងៃ និងទទួលបានពានរង្វាន់ពីការប្រកួត Hackathon ជាច្រើន រហូតត្រូវបានអ្នកសរសេរប្លុកផ្នែកបច្ចេកវិទ្យាមួយចំនួនដាក់រហស្សនាមថា «Elon Musk នាពេលអនាគត»។
ក្មេងជំទង់រូបនេះមានឈ្មោះ Yang Xizhe ជាសិស្សថ្នាក់ទី៨ នៅសាលាមធ្យមសិក្សា Fuchun ក្នុងស្រុក Fuyang នៃទីក្រុង Hangzhou។

យោងតាមសារព័ត៌មានចិន Dushi Express ចុះផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ថា Yang បានទាក់ទាញអ្នកតាមដានប្រមាណ ៥០០,០០០នាក់ បន្ទាប់ពីវីដេអូមួយបង្ហាញពីរបៀបដែលគាត់ប្រើ AI ដើម្បីជួយដល់ការរៀន និងទន្ទេញពាក្យភាសាអង់គ្លេស ទទួលបានអ្នកទស្សនាប្រមាណ ២០លានដង។
សម្រាប់ការរៀនភាសាអង់គ្លេស Yang ប្រើកម្មវិធី AI Doubao របស់ក្រុមហ៊ុន ByteDance ដើម្បីបញ្ចូលពាក្យថ្មីៗទៅក្នុងរឿងរ៉ាវ បង្កើតលំហាត់សរសេរតាមអាន កែតម្រូវកំហុស និងបង្កើតសំណួរដើម្បីសាកល្បងចំណេះដឹងរបស់ខ្លួន។
ក្រៅពីការសិក្សា Yang បានចូលរួមការប្រកួត Hackathon ចំនួន៣ ក្នុងឆ្នាំនេះ និងបានទទួលពានរង្វាន់ពីការប្រកួតមួយចំនួន។ ក្នុងចំណោមនោះ ក្រុមរបស់គាត់បានឈ្នះចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Moonshot 48 ដោយប្រើប្រព័ន្ធ AI Vision ដើម្បីជួយអ្នកមានបញ្ហាភ្នែកក្នុងការតុបតែងមុខ។
Yang បានចាប់ផ្តើមប្រើប្រាស់ AI នៅឆ្នាំ២០២៣ បន្ទាប់ពីឪពុករបស់គាត់ណែនាំឱ្យសាកសួរ Chatbot អំពីបញ្ហាសរសេរកូដមួយដែលសមាជិកគ្រួសារមិនអាចដោះស្រាយបាន។

ចាប់តាំងពីពេលនោះមក គាត់បានបង្កើនការប្រើប្រាស់ AI ក្នុងការសរសេរកូដ ហើយបច្ចុប្បន្នប្រើវិធីសាស្ត្រដែលគេហៅថា «vibe coding» ដោយពិពណ៌នាអំពីអ្វីដែលគេចង់បង្កើតជាភាសាសាមញ្ញ ហើយឱ្យ AI ជួយបង្កើតកូដ។
ទោះបីអ្នកសរសេរប្លុកផ្នែកបច្ចេកវិទ្យាមួយចំនួននៅចិនបានដាក់រហស្សនាមឱ្យ Yang ថា «Elon Musk នាពេលអនាគត» ក៏ដោយ ក៏ Yang និងឪពុកម្តាយរបស់គាត់មិនសូវយល់ស្របនឹងការប្រៀបធៀបនេះឡើយ។
បច្ចុប្បន្ន Yang ចំណាយពេលប្រមាណ ៣ម៉ោងក្នុងមួយថ្ងៃលើការសរសេរកូដ និងបច្ចេកវិទ្យា AI។
សម្រាប់អនាគត Yang សង្ឃឹមថានឹងក្លាយជាអ្នកសរសេរកូដ ឬអ្នកស្រាវជ្រាវផ្នែក AI។ គាត់បានប្រាប់ DushiExpress ថា ប្រសិនបើមានឱកាស គាត់ចង់ប្រើសមត្ថភាពរបស់ខ្លួន ដើម្បីនាំមកនូវការផ្លាស់ប្តូរមួយចំនួនដល់ពិភពលោក៕











































































