ការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងទទួលបានភាពជោគជ័យក្រោយពេលបញ្ចប់ការសិក្សាសុទ្ធតែជាអ្វីដែលសិស្ស និស្សិតគ្រប់រូបចង់សម្រេចបាន។ ហើយដើម្បីអាចសម្រេចបានលទ្ធផលល្អទាំងនេះ សិស្សនិស្សិតចាំបាច់ត្រូវមានឆន្ទៈ និងគោលបំណងច្បាស់លាស់។
ក្នុងកម្មវិធីសិក្ខាសាលា “Winning University Life 2025 ក្រោមប្រធានបទ “វិធីសាស្រ្តក្នុងការរៀបចំផែនការជីវិត ប្រើប្រាស់ជីវិត និងដឹកនាំជីវិតនៅថ្នាក់ឧត្តមសិក្សាឱ្យបានត្រឹមត្រូវ” លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុនវិបស្សា- VIPASSA បានចែករំលែកគន្លឹះចំនួន៥ ដើម្បីជួយរក្សាតុល្យភាព នៃការសិក្សាពេញដោយថាមពល និងក្ដីស្រឡាញ់ ៖
ទី១ ត្រូវមានឆន្ទៈ ៖ សិស្សានុសិស្សត្រូវមានក្ដីស្រឡាញ់ និងគោលបំណងច្បាស់លាស់, លោកថា នៅពេលយើងមានឆន្ទៈគ្រប់គ្រាន់ ទោះបីជួបការលំបាក បញ្ហាតិចតួច យើងនឹងមិនបោះបង់នូវអ្វីដែលចង់បានឡើយ។ ដូច្នេះ សិស្សានុសិស្សត្រូវកំណត់ឱ្យច្បាស់ និងសរសេរនូវអ្វីដែលខ្លួនចង់បានក្នុងការរៀនរយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ។
ទី២ មានវិន័យផ្ទាល់ខ្លួន ៖ ក្រៅពីមានគោលដៅជាក់លាក់ហើយ សិស្សានុសិស្សក៏ត្រូវមានវិន័យចំពោះខ្លួនឯងផងដែរ។ ក្នុងវ័យជាសិស្ស ត្រូវផ្ដោតការយកចិត្តទុកដាក់លើការសិក្សា ធ្វើអ្វីមួយឱ្យជាប់លាប់ដល់គោលដៅ ពោលគឺ ត្រូវមានវិន័យផ្ទាល់ខ្លួន ព្រោះវិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ។
ទី៣ បណ្ដុះទម្លាប់ល្អប្រចាំថ្ងៃ ៖ ដើម្បីឱ្យការរៀនសូត្រទទួលបានលទ្ធផលល្អ ត្រូវបង្កើតទម្លាប់ល្អជារៀងរាល់ថ្ងៃ។ អាចជាទម្លាប់ល្អតូចៗ ដូចជា នៅពេលក្រោកពីគេងត្រូវហាត់ប្រាណ៣០នាទី ឬអានសៀវភៅ៣០នាទី។ ប្រសិនអានសៀវភៅមួយក្បាលក្នុងមួយខែ នោះមួយឆ្នាំអាចអានបាន១២ក្បាល ក៏ជួយជំរុញការរៀនសូត្ររបស់យើងដែរ។ ដូច្នេះ ក្នុងមួយខែបង្កើតទម្លាប់ល្អឱ្យបានមួយ នោះជីវិតរស់នៅនឹងកាន់តែប្រសើរជាងមុន។
ទី៤ ការសេពគប់ត្រូវ ៖ យើងនឹងក្លាយជាមនុស្ស៥នាក់ដែលយើងសេបគប់, ជីវិតសិក្សារៀនសូត្រ ត្រូវឱ្យតម្លៃទៅលើការរៀនសូត្រ អ្នកណាគួរចំណាយពេលជាមួយ និងអ្នកណាមិនគួរចំណាយពេលជាមួយ។ ម៉្យាងវិញទៀត បង្កើតក្រុមសិក្សា ជួយគាំទ្រពេលពិបាកចិត្ត មានការជួយលើកទឹកចិត្តគ្នាទៅវិញទៅមក។ សេពគប់មនុស្សមានគុណធម៌ឱ្យតម្លៃទៅលើការរៀនសូត្រ នឹងនាំយើងទៅកាន់ជីវិតដែលយើងចង់បាន។
ទី៥ សមាធិ និងការដឹងគុណ ៖ ការធ្វើសមាធិ អាចជួយឱ្យផ្លូវចិត្ត ផ្លូវកាយប្រសើរជាងមុន មានមេត្តាជាងមុន គេងលក់ស្រួលជាងមុន បណ្ដុះការស្គាល់ខ្លួនឯង កាត់បន្ថយជំងឺខាងក្នុង។ លើសពីនេះ ត្រូវចេះអរគុណដែលយើងមានជីវិតមួយថ្ងៃទៀត។ ដូច្នេះ កាលណាយើងមានផ្លូវចិត្ត ផ្លូវកាយល្អប្រសើរ នឹងនាំឱ្យការរៀនសូត្រដំណើរការល្អ៕
































