បណ្តាញសាលារៀនវ៉េស្ទឡាញន៍កំពុងយកចិត្តទុកដាក់ជំរុញបរិយាកាសរៀនសូត្របែបឌីជីថលដល់សិស្សានុសិស្ស ដោយប្រើប្រាស់កម្មវិធី «ទូរសិក្សា» ដែលជាវេទិកាអប់រំឌីជីថល និងការអប់រំពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។ ពិធីតម្រង់ទិសការអនុវត្តសិក្សាតាមបច្ចេកវិទ្យា “ទូរសិក្សា” ត្រូវបានប្រារព្ធឡើងនៅសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលដៅចម្បងនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីពង្រឹងតួនាទីរបស់គ្រូបង្រៀនក្នុងការតម្រង់ទិសសិស្សឱ្យចេះស្វ័យសិក្សាបន្ថែមក្រៅម៉ោង និងធានាថា លទ្ធផលសិក្សារបស់សិស្សទទួលបានជោគជ័យ ទោះបីរៀនក្នុងថ្នាក់ ឬក្រៅថ្នាក់ក៏ដោយ។
លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវេសឡាញ មានប្រសាសន៍ថា សាលារៀនវ៉េស្ទឡាញន៍ កំពុងជំរុញធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទទួលបានបរិយាកាសរៀនសូត្របែបឌីជីថល ដោយសិស្សមិនគ្រាន់តែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សអាចស្វ័យសិក្សាបន្ថែមតាមកម្មវិធីទូរស័ព្ទដៃ «ទូរសិក្សា»។
បើតាមលោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន សាលារៀនវ៉េស្ទឡាញន៍ ចង់បើកឱកាសឱ្យសិស្សានុសិស្សអាចរៀនក្នុងថ្នាក់ផង និងក្រៅថ្នាក់ផង ប៉ុន្ដែគោលដៅចម្បងនៃការរៀនតាមរបៀបទាំងពីរនេះ គឺធានាថាលទ្ធសិស្សប្រឡងជាប់ដូចគ្នា។
អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវេសឡាញ ក៏បានលើកទឹកចិត្តដល់ នាយកសាខា គ្រូបង្រៀន ត្រូវយកចិត្តទុកដាក់ពន្យល់សិស្សឱ្យចេះប្រើប្រាស់កម្មវិធីទូរសិក្សា ដោយកំណត់ និងបែងចែកពេលវេលារៀនក្នុងថ្នាក់ និងស្វ័យសិក្សាតាមអនឡាញឱ្យបានត្រឹមត្រូវ ដើម្បីវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីទូរសិក្សា គឺជាវេទិកាឌីជីថលមួយក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រមូលផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប គឺមានទាំងវីដេអូ សន្លឹកកិច្ចការ និងសៀវភៅអនុវត្តគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅលើការពង្រឹងតួនាទីគ្រូបង្រៀនក្នុងការតម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា មានប្រសាសន៍ថា លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូបង្រៀនឱ្យកាន់តែប្រសើរជាងមុន ក្នុងការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និងទទួលបានលទ្ធផលនៃការសិក្សាកាន់តែប្រសើរ។
រដ្ឋលេខាធិការ នៃក្រសួងអប់រំ សង្ឃឹមថា កម្មវិធីទូរសិក្សានេះ នឹងរួមចំណែកជួយដល់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យចេះប្រើប្រាស់វេទិកាឌីជីថលប្រកបដោយប្រសិទ្ធភាព និងមានភាពជាម្ចាស់ការលើការសិក្សាដោយខ្លួនឯង។
យ៉ាងណាក៏ដោយ ដើម្បីជំរុញឱ្យសិស្សានុសិស្ស ចេះប្រើប្រាស់វេទិកាឌីជីថលប្រកបដោយប្រសិទ្ធភាព និងមានភាពជាម្ចាស់ការលើការសិក្សាដោយខ្លួនឯងចាំបាច់ត្រូវ ៖ ទី១. បណ្តុះការប្រើប្រាស់បច្ចេកទេស និងឌីជីថល ធានាថាសិស្សគ្រប់រូបអាចដំឡើង ចូលប្រើប្រាស់ និងស្គាល់ពីផ្នែកសំខាន់ៗនៃកម្មវិធី Duraseks, មានជំនាញប្រើប្រាស់ឧបករណ៍ឌីជីថលលើមុខងារស្នូលនៃកម្មវិធី (ដូចជា ស្វែងរកវីដេអូ/PDF, អនុវត្តលំហាត់ វិញ្ញាសាតាមអនឡាញ, និងប្រើប្រាស់មុខងារទំនាក់ទំនង)។
ទី២. បង្កើតទម្លាប់ម្ចាស់ការក្នុងការសិក្សាដោយខ្លួនឯង បង្កើតទម្លាប់សិស្សសិក្សាពីចម្ងាយដោយការរៀបចំ កាលវិភាគ និង កន្លែងសិក្សាផ្ទាល់ខ្លួន ដើម្បីផ្តោតអារម្មណ៍បានល្អនៅពេលគ្មានគ្រូនៅក្បែរ។ ជំរុញសិស្សមានភាពជាម្ចាស់ការ ទទួលខុសត្រូវ និងវិន័យលើការសិក្សាដោយខ្លួនឯង។ការប្រើប្រាស់ធនធានចម្រុះពីរបៀបប្រើប្រាស់ធនធានដ៏សម្បូរបែបក្នុង “ទូរសិក្សា” ដើម្បីធ្វើឱ្យការសិក្សាដោយខ្លួនឯងកាន់តែប្រសើរ និងលើសពីមេរៀនក្នុងថ្នាក់រៀន និង ទី៣. បង្កើនការចូលរួម និងការទំនាក់ទំនង បង្កើតការចូលរួមសិក្សាជាសហគមន៍ ទោះបីជាសិក្សាពីចម្ងាយក៏ដោយ។ សិស្សមានវិធីសាស្ត្រក្នុងការទំនាក់ទំនងប្រកបដោយសុជីវធម៌ឌីជីថល ក្នុងការសរសេរសំណួរទៅកាន់គ្រូដោយគោរព និងច្បាស់លាស់។ ជំរុញឱ្យសិស្សចូលរួមសកម្មក្នុងការពិភាក្សា ការធ្វើតេស្តសមត្ថភាព និងការឆ្លើយតបទៅនឹងកិច្ចការដែលបានដាក់ក្នុង”ទូរសិក្សា”៕


































