បន្ទាយមានជ័យ ៖ ឆ្លៀតក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៤ ចំណុច ដើម្បីតម្រង់ទិស និងលើកកម្ពស់គុណភាពអប់រំនៅកម្រិតឧត្តមសិក្សា សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍធនធានមនុស្សសម្រាប់យុគសម័យឌីជីថល និងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
បើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីលើកកម្ពស់គុណភាពការអប់រំឧត្តមសិក្សា និងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ទី១ គឺ ការបណ្ដុះបំណិនសតវត្សទី២១ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយត្រូវបំពាក់បំប៉ននិស្សិតឱ្យមានបំណិនសតវត្សទី២១ ចេះត្រិះរិះពិចារណា ធ្វើការងារជាក្រុម រៀនដើម្បីចេះវិភាគ ចេះដោះស្រាយបញ្ហា និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម។ ទី២ លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការបោះពុម្ពផ្សាយ តាមរយៈការលើកកម្ពស់ការសិក្សាស្រាវជ្រាវទាំងសាស្ត្រាចារ្យ និងនិស្សិត ជំរុញការងារសរសេរ និងការបោះពុម្ពផ្សាយស្នាដៃវិទ្យាសាស្ត្រឱ្យបានកាន់តែច្រើន។
ទី៣ ពង្រីកកិច្ចសហប្រតិបត្តិការ ដោយឯកឧត្តមស្នើឱ្យសាកលវិទ្យាល័យ ត្រូវសហការជាមួយសាកលវិទ្យាល័យផ្សេងទៀតទាំងក្នុង និងក្រៅប្រទេស ដើម្បីអភិវឌ្ឍ បើកចំហរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ។ ហើយទី៤ គឺ ការសិក្សាពេញមួយជីវិត ដោយត្រូវជំរុញការបន្តការសិក្សាពេញមួយជីវិត ដោយរៀនសូត្រពីថ្នាក់រៀន រៀនសូត្រពីការងារ និងការពិគ្រោះយោបល់ ដើម្បីឆ្លើយតបទៅនឹងគោលដៅរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្រៅពីអនុសាសន៍ទាំង ៤ ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ និងបន្តការសិក្សាទៅកម្រិតខ្ពស់បន្ថែមទៀតតាមរយៈការប្រកាន់ខ្ជាប់នូវស្មារតី ”ការសិក្សាពេញមួយជីវិត” ហើយឯកឧត្តមជឿជាក់ថា និស្សិតទាំងអស់នឹងយកចំណេះដឹង និងជំនាញដែលទទួលបាន ទៅចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការរួមចំណែកប្រែក្លាយមុខមាត់កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលអនាគត៕






























