សៀមរាប ៖ ខណៈកុមារជាច្រើននៅវ័យ ៩ ឆ្នាំចំណាយពេលលេងហ្គេម តែសម្រាប់កុមារី យិន មិញជូ សិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាកេសរារាម ខេត្តសៀមរាប កំពុងរៀនសរសេរកូដ និងបង្កើតហ្គេមដោយខ្លួនឯង និងមិត្តរួមក្រុមរបស់នាង។ តាមរយៈកម្មវិធី Game Changers Coalition ដែលគាំទ្រដោយអង្គការ UNICEF នាងបានអភិវឌ្ឍជំនាញឌីជីថល ការគិតបែបច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាតាំងពីវ័យក្មេង។
មិញជូ និងមិត្តរួមក្រុម Girl Digital មិនត្រឹមតែរៀនសរសេរកូដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនបង្កើតហ្គេម ធ្វើការងារជាក្រុម និងហ្វឹកហាត់ការធ្វើបទបង្ហាញប្រកបដោយទំនុកចិត្ត។ ជំនាញទាំងនេះបានជួយឱ្យពួកគេបង្កើតហ្គេមដំបូងរបស់ខ្លួន និងចូលរួមការប្រកួត National Game Jam Cambodia កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ UNICEF ដោយទទួលបានរង្វាន់លើកទឹកចិត្ត។
អង្គការ UNICEF ចាត់ទុកកុមារីដូចជា មិញជូ ជា «ទំពាំងស្នងឫស្សី» ដែលអាចក្លាយជាកម្លាំងសំខាន់ក្នុងការជំរុញការអភិវឌ្ឍឌីជីថលរបស់កម្ពុជានាពេលអនាគត។ សម្រាប់អង្គការនេះ ការផ្តល់ឱកាសឱ្យកុមារីរៀនជំនាញឌីជីថល និង STEAM តាំងពីវ័យក្មេង គឺជាការវិនិយោគលើធនធានមនុស្សដែលនឹងជួយប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

លោក ប៉ាត់ អ៊ុន នាយករងសាលាបឋមសិក្សាកេសរារាម បានប្រាប់ AMS ថា បច្ចុប្បន្នសាលាមានកុមារីជាង ២៥នាក់បាននិងកំពុងសិក្សាជំនាញឌីជីថល ដោយរៀនសរសេរកូដ បង្កើតហ្គេម ធ្វើការងារជាក្រុម និងអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា។
លោកបន្តថា មិញជូ និងកុមារីដទៃទៀត មិនត្រឹមតែបង្ហាញសមត្ថភាពលេចធ្លោក្នុងវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធផលសិក្សាល្អនៅក្នុងថ្នាក់ផងដែរ។
ពួកគាត់ជាក្មេងស្រីតូចៗ ប៉ុន្តែរៀនពូកែ និងឆ្លាតវៃលើជំនាញឌីជីថល។ គ្រូបង្រៀនអ្វី ពួកគាត់ឆាប់ចាប់បាន និងយល់។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងមានអនាគតល្អ និងអាចក្លាយជាធនធានមនុស្សសំខាន់សម្រាប់ប្រទេសជាតិ
ការចាប់អារម្មណ៍របស់ក្មេងស្រីលើការសរសេរកូដក៏កំពុងកើនឡើងផងដែរ។ លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានប្រាប់ AMS ថា ចំនួនកុមារីដាក់ពាក្យចូលរួមកម្មវិធី Sisters of Code Ambassadors បានកើនឡើងជារៀងរាល់ឆ្នាំ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការចាប់អារម្មណ៍របស់ក្មេងស្រីលើវិស័យបច្ចេកវិទ្យា។
ស្របពេលពិភពលោកប្រារព្ធ ទិវាជំនាញយុវជនអន្តរជាតិ (International Youth Skills Day) រឿងរ៉ាវរបស់ មិញជូ បានបង្ហាញថា អាយុមិនមែនជាឧបសគ្គក្នុងការរៀនបច្ចេកវិទ្យានោះទេ។ ផ្ទុយទៅវិញ ប្រសិនបើកុមារទទួលបានឱកាស ការណែនាំ និងការគាំទ្រត្រឹមត្រូវ ពួកគេអាចក្លាយជាអ្នកបង្កើតបច្ចេកវិទ្យា មិនមែនគ្រាន់តែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះឡើយ។
សម្រាប់ មិញជូ ការសរសេរកូដគឺលើសពីការរៀនមុខវិជ្ជាថ្មីមួយ។ វាជាច្រកទ្វារដែលបើកឱកាសឱ្យក្មេងស្រីតូចម្នាក់អាចស្រមៃ ច្នៃប្រឌិត និងប្រែក្លាយគំនិតរបស់ខ្លួនឱ្យក្លាយជាការពិត តាមរយៈបច្ចេកវិទ្យា៕













































































