ការរៀនគួរបន្ថែម​ មិនមែនជាបញ្ហា តែភាពចេះរបស់សិស្សទើបជាកត្តាសំខាន់ដែលអ្នកអប់រំពិតប្រាកដចង់បាន

ការរៀនគួរក្រៅម៉ោង ជាការបង្រៀនបំប៉នបន្ថែមក្រៅម៉ោងសិក្សារដ្ឋសម្រាប់ពង្រឹងសមត្ថភាពសិស្សខ្សោយ ឬសិស្សរៀនយឺត ដើម្បីជួយឱ្យការរៀនសូត្ររបស់ពួកគេប្រសើរឡើង។ បច្ចុប្បន្ន​មាន​ទស្សនៈផ្សេងគ្នាជាច្រើន​បានលើក​មក​និយាយពី​ការ​បង្រៀន​គួរ​ក្រៅម៉ោង ដោយ​ខ្លះថា វាជាការ​ជួយពង្រឹងសមត្ថភាពសិស្ស ហើយ​ខ្លះទៀតថា វាធ្វើ​ឱ្យ​មានភាពមិនស្មើគ្នាក្នុងការ​សិក្សារៀនសូត្ររបស់សិស្សជា​ដើម។ តែយ៉ាងណា បើតាមអ្នកជំនាញពាក់ព័ន្ធក្នុងវិស័យអប់រំលើក​ឡើងថា ការរៀនគួរក្រៅម៉ោងមិនមែនជាបញ្ហានោះឡើយ តែភាពចេះរបស់សិស្សទើបជាកត្តាសំខាន់ដែលអ្នកអប់រំពិតប្រាកដចង់បាន។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការចូលរួមក្នុងវិស័យអប់រំ គឺត្រូវចូលរួមទាំងអស់គ្នា ហើយអ្វីដែលយើងចង់បាន គឺភាពចេះរបស់សិស្ស ទោះសិស្សរៀនគួរក្រៅម៉ោង ឬមិនរៀន។ លោកបន្តថា ការចូលរួមក្នុងការ​អប់រំ​មានកត្តា៤ភាគីសំខាន់ គឺ ទី១. កូនសិស្សខ្លួនឯងត្រូវចង់ចេះ ទី២. អាណាព្យាបាល ត្រូវតាមដានការសិក្សារបស់កូន បើមិនយកចិត្តទុកដាក់ កូននឹងមិនខំប្រឹងរៀន ទី៣. សាលាត្រូវចូលរួម ទី៤. គ្រូយកចិត្តទុកដាក់បង្រៀនសិស្ស ទី៥. ក្រសួងអប់រំ ដាក់ចេញវិធានការផ្ដោតលើភាពចេះរបស់សិស្ស។

ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ការរៀនគួរ​ក្រៅម៉ោងមិនមែនជារឿងអាក្រក់នោះទេ ព្រោះគ្រប់បណ្ដាប្រទេសដែលរីកចម្រើន​ផ្នែកវិស័យអប់រំ ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី អូស្រ្តាលី ចិន ក៏មានការបង្រៀនគួរ​ក្រៅម៉ោងដែរ ព្រោះបណ្ដាប្រទេសទាំងនេះ យកវិស័យរៀនគួរ ជាកត្តាជំរុញឱ្យសិស្សកាន់តែពូកែ ជួយសិស្សដែលរៀនមិនទាន់។ ទន្ទឹមគ្នានេះ គ្រូបង្រៀននៅសាលាពុំមានលទ្ធភាពគ្រប់គ្រាន់ផ្ដោតលើសិស្សតែម្នាក់ ដូច្នេះ ប្រសិនសិស្សខ្លះរៀនយឺត ឪពុកម្ដាយត្រូវរកសេវាបបង្រៀនបន្ថែម ដើម្បីឱ្យកូនរៀនបានលឿន និងរៀនទាន់គេ ព្រោះក្មេងកាលណារៀនមិនទាន់គេ ធ្វើឱ្យគាត់ខ្លាចសាលា មិនចង់ទៅរៀន និងមិនមានទំនុកចិត្តលើខ្លួនឯង។

លោក គីម ដារ៉ា បញ្ជាក់ថា ការរៀនសូត្រសព្វថ្ងៃមិនលំបាកដូចជំនាន់មុនទេ ប្រសិនបើគ្រូមិនអាចឱ្យសិស្សមានជីវភាពខ្វះខាត រៀនដោយឥតគិតថ្លៃបាន កុំធ្វើបាបសិស្ស តែគួរជំរុញឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញវិញ ព្រោះឥឡូវមានការផលិតមេរៀនជាវីដេអូជាច្រើន ដោយគ្រាន់តែសិស្សចំណាយពេលអង្គុយមើល ផ្ដោតការយកចិត្តទុកដាក់ក៏អាចរៀនចេះដែរ។ ដូច្នេះ គ្រូត្រូវជំរុញឱ្យសិស្សខំរៀន រកដំណោះស្រាយឱ្យសិស្សរៀនតាមវីដេអូអនឡាញ នោះសិស្សអាចចេះ ហើយកុំយកបញ្ហាផលប្រយោជន៍មកដាក់មុខនោះអ្វីៗនឹងប្រសើរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ពាក្យរៀនគួរ មកពីការរៀនបំប៉ន ឬរៀនបន្ថែម ហើយការរៀនបន្ថែមនេះ ជារឿងល្អទេសម្រាប់វិស័យអប់រំ ព្រោះនៅបណ្ដាប្រទេសជឿនលឿនដទៃទៀតក៏មានការបង្រៀនបំប៉នបន្ថែមដែរ។ លោកបណ្ឌិតយល់ថា ការរៀនបំប៉ន ឬរៀនបន្ថែម មិនអាចបិទបានទេ ព្រោះកាលណាបិទប្រៀបដូចបិទការលូតលាស់របស់កុមារ និងយុវជន ព្រោះការលូតលាស់របស់មនុស្សផ្សេងគ្នា មនុស្សខ្លះរៀនតែក្នុងសាលាចេះ មិនបាច់រៀនបន្ថែមក៏បាន រីឯមនុស្សទូទៅត្រូវការរៀនបំប៉នថែមទើបរៀនទាន់គេ។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា បញ្ជាក់បន្ថែមថា ការបង្រៀនបន្ថែមនេះ ត្រូវតែផ្ដល់លទ្ធភាពឱ្យគ្រប់គ្នាមានភាពស្មើគ្នា មិនគួរយកម៉ោងរដ្ឋ ឬធនធានរដ្ឋទៅបង្រៀនគួរនោះទេ។ លើសពីនេះ មិនគួរយកវិញ្ញាសាដែលបានបង្រៀនគួរក្រៅម៉ោងទៅចេញជាវិញ្ញាសាប្រឡងប្រចាំខែ ឬប្រចាំឆមាស ដែលធ្វើឱ្យសិស្សគិតថា ទៅរៀនគួរមិនមែនដើម្បីបង្កើនសមត្ថភាព តែដើម្បីទទួលវិញ្ញាសាប្រឡងឱ្យបានមុន ដែលនេះជារឿងខុសឆ្គង ហើយទាមទារឱ្យមានការគ្រប់គ្រងច្បាស់លាស់។

លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការអប់រំ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីអប់រំ ត្រូវធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នា ជាពិសេស សម្រាប់សិស្សដែលមានជីវភាពខ្វះខាត ដូច្នេះ ក្រសួងអប់រំ ឬសាលារៀន គួរពិនិត្យលទ្ធភាពធ្វើម៉េចឱ្យសិស្សានុសិស្សបានរៀនបន្ថែម។

លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប មានប្រសាសន៍ថា​ ការបង្រៀនគួរនាពេលបច្ចុប្បន្ន ជាការជួយជំរុញសិស្សន្ថែមលើកម្មវិធីសិក្សាម៉ោងរដ្ឋ ព្រោះម៉ោងបង្រៀនមុខវិជ្ជាមានតិចនៅក្នុងកម្មវិធីសិក្សា ហើយមេរៀនមានច្រើន ដូច្នេះប្រសិនបើមិនមានការរៀនគួរបន្ថែមទេ សិស្សមិនអាចមានឱកាសអនុវត្តលំហាត់បានច្រើន។ ជាឧទាហរណ៍ នៅក្នុងកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យថ្នាក់ទី៧ ទី៨ និងទី៩ មុខវិជ្ជាគីមីវិទ្យា មានតែមួយម៉ោងក្នុងកម្មវិធីសិក្សា ប៉ុន្តែមេរៀនមានលំហាត់ច្រើន ដូច្នេះ ប្រសិនបើគ្មានការរៀនគួរបន្ថែមសិស្សចាប់យកចំណេះដឹងមិនបានច្រើន បើអនុវត្តទៅតាមម៉ោងសិក្សារដ្ឋ។ មានន័យថា ការរៀនគួរជួយជំរុញការអនុវត្តរបស់សិស្សបានកាន់តែច្រើន និងជំរុញលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើងដែរ។

ពាក់ព័ន្ធជាមួយការរៀនគួរនេះ លោក បូរ៉ា វិច្ឆិកា បញ្ជាក់បន្ថែមថា ប្រសិនជាចង់រក្សាគុណតម្លៃរបស់គ្រូបង្រៀនបាន គឺគ្រូបង្រៀនត្រូវបង្រៀនប្រកបដោយមនសិការវិជ្ជាជីវៈ មានន័យថា មិនត្រូវយកម៉ោងបង្រៀនគួរសម្រាប់ជំរិតយកលុយ ឬប្រាក់ចំណូលបន្ថែមពីសិស្ស គឺគ្រូត្រូវបើកចិត្តឱ្យទូលាយដើម្បីបន្ថែមចំណេះដឹងឱ្យសិស្ស បង្រៀនសិស្សចេញពីចិត្ត និងមនោសញ្ចេតនាពិតប្រាកដ។ លោក បូរ៉ា វិច្ឆិកា បន្តថា ចំពោះសិស្ស គ្រូមិនដែលកំណត់ថា បង់លុយប៉ុណ្ណេះទើបគ្រូឱ្យរៀនគួរនោះទេ ប្រសិនបើសិស្សហ៊ានស្នើសុំនិងប្រាប់ពីផលលំបាករបស់ខ្លួន គ្រូនឹងឱ្យសិស្សមករៀនគួរដោយមិនបង់លុយ ។

«យើងទទួលបានចំណូលពិតមែន ប៉ុន្តែមិនត្រូវយកការបង្រៀនគួរនេះ ជាគ្រឿងសម្រាប់គៀបយកផលប្រយោជន៍តាមដែលយើងចង់បានពីសិស្សនោះទេ…»

លោក បូរ៉ា វិច្ឆិកា ជាគ្រូបង្រៀននៅអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ចាន់ស ខេត្តសៀមរាប

ជាមួយគ្នានេះ លោក បូរ៉ា វិច្ឆិកា ក៏បានសំណូមពរដល់អ្នក​អាណាព្យាបាលសិស្សទាំងអស់ដែលធ្លាប់បានវាយប្រហារតាមរយៈពាក្យសម្ដីមកលើគ្រូបង្រៀន បើទោះជាគ្រូបង្រៀនគួរ​គាត់ទទួលបានចំណូលពីការបង្រៀនក៏ពិតមែន ប៉ុន្តែការបង្រៀននេះគ្រាន់តែចង់ផ្ដល់ចំណេះដឹងបន្ថែមទៅកាន់សិស្សពីលើអ្វីដែលគាត់បានរៀននៅសាលារដ្ឋ ព្រោះពេលទំនេរ សិស្សកម្រនឹងរៀនខ្លួនឯង គឺគាត់យកពេលទៅធ្វើអ្វីផ្សេង ឬលេងហ្គេមជាដើម។ លោក បូរ៉ា វិច្ឆិកា បន្តថា នៅពេលដែលអាណាព្យាបាលនិយាយមិនល្អអំពីគ្រូបង្រៀន ជាពិសេសនិយាយនៅមុខកូន នឹងធ្វើឱ្យកូនរបស់គាត់មិនគោរពគ្រូ ធ្វើឱ្យគ្រូពិបាកក្នុងការអប់រំ ប្រៀនប្រដៅកូនរបស់គាត់។ លើពីនេះ មុនអ្នកអាណាព្យាបាល សរសររិះគន់តាមបណ្ដាញសង្គមសូមមកពិភាក្សាជាមួយគណៈគ្រប់គ្រង ឬគ្រូបង្រៀនជាមុនសិន ដើម្បីស្វែងយល់បញ្ហាទាំងអស់គ្នា ជៀសជាងសរសេរ ឬបរិហានៅលើបណ្ដាញសង្គម ជាពាក្យគំរោះគំរើយ ធ្វើឱ្យគ្រូពិបាកទទួលយក ។

សម្រាប់ អ្នកស្រី ង៉ែត ពិសី ជាអ្នកអាណាព្យាបាលសិស្សយល់ថា ការរៀនគួរ ជារឿងល្អសម្រាប់សិស្ស ព្រោះវាអាចជួយបំពេញចន្លោះខ្វះខាតរបស់សិស្សក្រោយរៀននៅសាលា គឺសិស្សអាចសួរគ្រូលើសំណួរ ឬចំណុចសំខាន់ និងរៀនលំហាត់ថ្មីៗ។ អ្នកស្រី ពិសី បន្តថា ការរៀនគួរ ក៏ជាផ្នែកមួយជួយសិស្ស កុំឱ្យយកពេលទំនេរលេងទូរស័ព្ទ ឬដើរលេងជាដើម។ ក្នុងនាមជាអ្នកអាណាព្យាបាល អ្នកស្រីតែងតែជំរុញ និងខិតខំតាមលទ្ធភាពធ្វើយ៉ាងណាឱ្យកូនបានរៀនសូត្រ និងពង្រឹងសមត្ថភាពកូនឱ្យទទួលបានចំណេះដឹង។

ចំណែក លោក អ៊ា សុវណ្ណារ៉ា ជាឪពុកដែលមានកូនពីរនាក់រៀននៅសាលារដ្ឋ យល់ថា ការបង្រៀនគួរបន្ថែមម៉ោងនេះ គឺមិនខុស ហើយក៏មិនមែនជារឿងអាក្រក់ទេ តែវាជាការល្អទាំងសងខាង ព្រោះកូនក៏បានបំពេញចំណេះដឹងបន្ថែម រីឯគ្រូបង្រៀនក៏អាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបន្ថែម។

លោក សុវណ្ណារ៉ា បន្ថែមថា អ្វីដែលជាចំណុចខុសឆ្គង និងមិនគួរកើតមានក្នុងវិស័យអប់រំកម្ពុជា គឺការដែលគ្រូបន្ទុកថ្នាក់ ឆ្លៀតយកម៉ោងរដ្ឋយកទៅបង្រៀនគួរ ដោយការដែលគ្រូធ្វើបែបនេះមិនត្រូវនឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ហើយក្នុងនាមជាអ្នក​អាណាព្យាបាលក៏​មិនគាំទ្រការយកម៉ោងរដ្ឋទៅបង្រៀន ដើម្បីផលប្រយោជន៍ឯកជន បើទោះជាការបង្រៀនដើម្បីបំពេញបន្ថែមចំណេះដឹងសិស្សក៏មិនត្រូវធ្វើនោះដែរ។ លោក សុវណ្ណារ៉ា ក៏បានស្នើសុំគ្រូបន្ទុកថ្នាក់ ឬនាយកសាលា គួរមានវិធានការ ឬកម្មវិធីសិក្សាផ្ទាល់ណាមួយ កុំឱ្យប៉ះពាល់ម៉ោងសិក្សារដ្ឋ នេះជាការល្អប្រសើរ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ​យុវជន និងកីឡា មានប្រសាសន៍ថា​ ទាក់ទងទៅនឹងការរៀនគួរក្រៅម៉ោង ដែលសំដៅលើការបំប៉នបន្ថែមដើម្បីឱ្យប្អូនៗមានចំណេះដឹងទៅលើមុខវិជ្ជាណាមួយកាន់តែច្បាស់ជាងមុន ឬទៅលើជំនាញណាមួយដែលប្អូនៗសិស្សានុសិស្សកំពុងត្រូវការនោះ គឺជាអ្វីដែលជាការស្ម័គ្រចិត្តរបស់សិស្សានុសិស្សផ្ទាល់។

បើតាម​លោកស្រីបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ បានចេញសេចក្ដីថ្លែងការណ៍មួយហាមឃាត់គ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ទៅធ្វើជាវិញ្ញាសាប្រឡងនោះឡើយ។ លោកស្រីបញ្ជាក់ថា អ្វីដែលក្រសួងអប់រំ កំពុងដាក់វិធានការនេះ ដើម្បីជៀសវាងក្នុងការប្រើប្រាស់សំណួរ ឬមេរៀនក្នុងការរៀនគួរ ដើម្បីប្រើប្រាស់ក្នុងការប្រឡងក្នុងថ្នាក់រៀន ឬប្រើប្រាស់ការរៀនគួរជាគោលក្នុងការបង្រៀនសិស្សជាដើម មានន័យថា ដើម្បីឱ្យការរៀនប្រកបដោយគុណភាព ក៏ដូចជាសមធម៌ យុត្តិធម៌ តម្លាភាពសម្រាប់សិស្ស។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា ក្រសួងអប់រំ ក៏បានសាកល្បងអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ នៅតាមសាលារៀនកម្រិតបឋមសិក្សាចំនួន២០ រួចមកហើយក្នុងពេលកន្លងមកនេះ ក៏ដូចជានៅក្នុងកម្រិតសាលារៀនជំនាន់ថ្មី ព្រមទាំងកម្មវិធីមួយចំនួនទៀតដែលដាក់បន្ថែមជាកម្មវិធីក្រៅម៉ោងសិក្សា ២ម៉ោងបន្ថែមសម្រាប់ប្អូនៗសិស្សានុសិស្សផងដែរ។ លោកស្រីបណ្ឌិត បន្តថា តាមរយៈលទ្ធផលសិក្សាដែលទទួលបានពីការសាកល្បងកន្លងមកនេះ ក្រសួងបានមើលឃើញអំពីគុណភាពដែលប្រសើរឡើងក៏ដូចជាជំនាញដែលសិស្សានុសិស្សបានរៀនសូត្របន្ថែម ការសហការគ្នាជាមួយសាលារៀន និងសហគមន៍ ដើម្បីអភិវឌ្ឍសាលារៀន ជៀសវាសមានពេលឱ្យសិស្សចេញទៅដើរលេងនៅខាងក្រៅ ប្រឈមនឹងបញ្ហាផ្សេងៗនៅខាងក្រៅ។ យោងតាមលទ្ធផលដែលបានមើលឃើញនេះ ក្រសួងកំពុងសិក្សាបង្កើនចំនួនសាលាដែលអាចអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃបន្ថែមទៀត ក៏ដូចជាសាលារៀនដែលអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម ដើម្បីឱ្យសិស្សានុសិស្សអាចមានឱកាសបំប៉នសមត្ថភាពទៅលើមុខវិជ្ជាដែលខ្សោយ ក៏ដូចជាទៅលើបំណិនផ្សេងទៀត ជាពិសេសបំណិនសតវត្សទី២១ ជាតម្រូវការនាពេលបច្ចុប្បន្ន ក្នុងនោះរួមមាន ការសហការគ្នា ការធ្វើការជាក្រុម បច្ចេកវិទ្យា ICT ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...