សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រជាជនកម្ពុជាធ្វើជាម្ចាស់ផ្ទះ រឿងធំមួយដែលធ្វើឱ្យលោកមានមោទនភាព និងអារម្មណ៍រីករាយ គឺសុវត្ថិភាពរបស់អត្តពលិក និងប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ ដែលបានចូលរួមប្រកួត។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ក្នុងនោះសម្តេចតេជោ ក៏បានសម្ដែងការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានដឹកនាំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះ ប្រកបដោយភាពជោគជ័យ។

សម្ដេចមានប្រសាសន៍ថា ៖ «បញ្ហាមេដាយជារឿងមួយ រឿងធំជាងគេ គឺរឿងកីឡាករ កីឡាការិនី ប្រតិភូកីឡាមកពីគ្រប់ទិសទីទាំងអស់ មកសប្បាយរីករាយក្នុងទីក្រុងភ្នំពេញ។» ។ សម្តេចបន្ថែមថា ជាពិសេសប្រជាជនកម្ពុជាទូទៅចាប់ផ្ដើមចេះមើលកីឡា ដោយពួកគាត់បានទៅគាំទ្រគ្រប់ទីតាំងប្រកួតកីឡាទាំងអស់ ដែលមានរហូតដល់ ១២កន្លែង។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវអារម្មណ៍រីករាយ នៅពេលដែលប្រជាជនកម្ពុជា ចាប់ផ្ដើមចូលរួមថែរក្សាសណ្ដាប់ធ្នាប់សង្គម ដោយផ្លាស់ប្ដូរពីការចោលសំរាមផ្ដេសផ្ដាសនៅទីសាធារណៈ មកជាការប្រមូលសំរាមវិញ។ ដើម្បីប្រទេសកម្ពុជាមានសោភណ្ឌភាពស្អាត និងទទួលភ្ញៀវបរទេសបានល្អ៕































