ភ្នំពេញ — រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការអប់រំបែបកាយរឹទ្ធិកម្ម ត្រូវបានក្រសួង ដាក់បញ្ចូលទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សា នៅតាមសាលារៀនគំរូ ដើម្បីពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្ស។
ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនដល់នវកាយរឹទ្ធិរៀមច្បង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសប្តាហ៍នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បេសកកម្មរបស់កាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
ជាមួយគ្នានេះ ការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅតាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។

ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបទល្អ របស់សិស្សានុសិស្ស គឺជាវិធានការគន្លឹះមួយ ក្នុងចំណោមវិធានការគន្លឹះជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា យកចិត្តទុកដាក់ ក្នុងគោលដៅ «លើកកម្ពស់គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ធ្វើយ៉ាងណាឱ្យការអប់រំមិនត្រឹមតែពង្រឹងមនុស្សឱ្យចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំជាមួយនឹងគុណធម៌ សីលធម៌ និងឥរិយាបទល្អ។
ស្របគ្នានឹងវិធានការនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុវត្តការផ្តល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយលើបំណិន និង ១០ភាគរយលើសីលធម៌ និងចរិយាធម៌ ក្នុងការបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបទល្អ របស់សិស្សានុសិស្ស៕






























