ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” នៅវិទ្យាល័យអប់រំពិសេសសៀមរាប កាលពីពេលកន្លងទៅនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិស្សមានពិការភាពគ្រប់ភូមិសិក្សា និងគ្រប់ប្រភេទពិការទូទាំងប្រទេសជិត២ម៉ឺននាក់ ទទួលបានការអប់រំបរិយាបន្ន។ ក្នុងនោះ ខាងផ្នែកអប់រំពិសេស សិស្សមានពិការភាពនៅវិទ្យាល័យអប់រំពិសេសទាំង៦ ប្រមាណជាង១ពាន់នាក់។
ដោយឡែកសម្រាប់វគ្គបំប៉ន ស្តីពីការអប់រំបរិយាបន្ន និងអប់រំពិសេស ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា វគ្គនេះមានគោលបំណងផ្ដល់នូវចំណេះដឹងគ្រូបង្រៀនថ្នាក់អប់រំបរិយាបន្នលើមុខវិជ្ជា ការគណនាលេខលើក្បាច់ គណិតវិទ្យា និងវិទ្យាសាស្ត្រប្រៃយ៍ ការតម្រង់ទិសសម្រាប់អ្នកមានបញ្ហាមើល និងភាសាប្រៃយ៍ខ្មែរ និងដើម្បីបន្តគាំទ្រការបង្រៀន និងរៀន សិស្សមានបញ្ហាមើល (ខ្សោយគំហើញ និងពិការភ្នែក) ចូលរួមសិក្សាប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងឱកាសសិក្សាពេញមួយជីវិត។ ឯកឧត្តម បន្តថា សិស្សមានពិការភាពបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំនួន ៤៧នាក់ និងមធ្យមសិក្សាទុតិយភូមិចំនួន ១៨នាក់ នៅឆ្នាំសិក្សា ២០២២-២០២៣។ ដោយបច្ចុប្បន្នបុគ្គលិកនៅវិទ្យាល័យអប់រំពិសេសទាំង៦ មានចំនួន ១៩១នាក់ ស្រី ៩៨នាក់ និងខាងផ្នែកសមាហរណកម្ម គ្រូបង្រៀនសិស្សថ្នាក់សមាហរណកម្ម សិស្សគថ្លង់ មានចំនួន ៣៩ នាក់ ស្រី ១៩នាក់។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលគ្រូ វិទ្យាស្ថានជាតិអប់រំពិសេស ត្រូវបានបង្កើតឡើង និងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលសេវាអប់រំបរិយាបន្ន, អភិវឌ្ឍកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូបង្រៀន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាល័យអប់រំពិសេស សាលារៀនអប់រំបរិយាបន្ន និងថ្នាក់សមាហរណកម្មដទៃទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់កុមារមានពិការភាពនៅកម្ពុជា។
ឯកឧត្តម សេរី ជំនះ បន្តថា ក្រសួងអប់រំ ក៏បានផ្ទេរការអនុវត្តកម្មវិធីអប់រំពិសេស ថ្នាក់សមាហរណកម្មសិស្សមានពិការភាពសតិបញ្ញា និងអូទីស្សឹមពីអង្គការដៃគូទៅឱ្យសាលារៀនគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ជាមួយគ្នានេះ ក្រសួងបានដាក់បញ្ចូលមុខវិជ្ជាអប់រំបរិយាបន្នទៅក្នុងកម្មវិធីបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត និងបានបណ្តុះបណ្តាលគ្រូជំនាញ និងអប់រំបរិយាបន្នប្រមាណ ៤០០០នាក់ សម្រាប់វិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្ននៅទូទាំងប្រទេស។
ដើម្បីជាធាតុចូលបន្ថែមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “ការអប់រំបរិយាបន្ន និងអប់រំពិសេសលើជំនាញបង្រៀនសិស្សពិការភ្នែក” និងផ្សារភ្ជាប់ជាមួយនឹងស្មារតីនៃវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវចំណុចមួយចំនួនជូនដល់គ្រូបង្រៀនថ្នាក់អប់រំបរិយាបន្ន ជាពិសេសវិទ្យាស្ថានជាតិអប់រំពិសេស រួមមាន៖
ទី១. សិក្សា និងស្រាវជ្រាវឱ្យបានហ្មត់ចត់ ក្នុងការចុះប្រមូលទិន្នន័យ ការរៀបចំស្ថិតិ និងការកំណត់អត្តសញ្ញាណកុមារមានពិការភាពនៅតាមមូលដ្ឋាន ដើម្បីគាំទ្រការអប់រំសម្រាប់សិស្សមានតម្រូវការពិសេសឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ «មិនត្រូវទុកកុមារណាម្នាក់ឱ្យស្ថិតនៅក្រៅប្រព័ន្ធអបរំបានឡើយ» ដោយត្រូវមានគំនិតច្នៃប្រឌិត និងរិះរកគ្រប់មធ្យោបាយ កំណត់យន្តការជាក់លាក់ក្នុងការប្រមូលកុមារគ្រប់អាយុ ទោះបីមានកាយសម្បទា ឬសតិបញ្ញាក្នុងលក្ខណៈយ៉ាងណាក៏ដោយ ដើម្បីឱ្យពួកគេមានឱកាសទទួលបានការអប់រំប្រកបដោយសមធម៌ និងសុខភាពផ្លូវចិត្តប្រកប ដោយអារម្មណ៍កក់ក្តៅជាទីបំផុត។
ទី២. បន្តអភិវឌ្ឍសមត្ថភាព និងពង្រឹងការបំពេញភារកិច្ចរបស់មន្ត្រីអប់រំពិសេស និងគ្រូបង្រៀន ក្នុងការជួយគាំទ្រ និងបង្ហាត់បង្រៀនកុមារមានពិការភាព និងកុមារជួបការលំបាកប្រកបដោយវិជ្ជាជីវៈ សេចក្ដីអាណិតស្រឡាញ់ និងការផ្តល់ភាពកក់ក្តៅគ្រប់ពេលវេលា។ ស្រាវជ្រាវ និងអភិវឌ្ឍលើសមត្ថភាពឱ្យស្របតាមយុគសម័យឌីជីថល។
ទី៣. បន្តរិះរកវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីឱ្យសហគមន៍ក្នុងមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការអប់រំបរិយាបន្ន ព្រមទាំងចូលរួមក្នុងការប្រមូលកុមារមានពិការភាពឱ្យមកសាលារៀន និងមករៀនបានទៀងទាត់ ជាពិសេសការ ចូលរួមរបស់មាតាបិតាក្នុងការចិញ្ចឹមបីបាច់ ការថែទាំ និងការគាំទ្រកុមារមានពិការភាពឱ្យទទួលបានសេវាផ្សេងៗ រួមទាំងការអប់រំបរិយាបន្ន និងសេវាសុខភាព។
ទី៤. អង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រីក និងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ព្រមទាំងទទួលបាននូវការឧបត្ថម្ភគាំទ្រគ្រប់រូបភាព សំដៅជំរុញដំណើរការ និងបន្តនិរន្តរភាពក្នុងការជួយកុមារមានពិការភាព និងកុមារជួបការលំបាក ឱ្យទទួលបានការអប់រំប្រកបដោយជោគជ័យ។
គួរជំរាបជូនថា ការអប់រំបរិយាបន្ន គឺជាដំណើរអប់រំរួមបញ្ជូលគ្នាឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អ្នកសិក្សាតាមរយៈការបង្កើនសកម្មភាពចូលរួមក្នុងការសិក្សាវប្បធម៌នៃសហគមន៍ និងកាត់បន្ថយគន្លាតផ្សេងៗក្នុងវិស័យអប់រំ។ ថ្នាក់អប់រំបញ្ចូលគ្នានេះ នឹងជួយឱ្យកុមារទាំងអស់ទទួលបានឱកាសអប់រំស្មើៗគ្នាដោយគ្មានការបែងចែក ឬការរើសអើង មិនប្រកាន់លើរូបកាយ ភេទ អាកប្បកិរិយា ពណ៌សម្បុរ សាសនា ស្ថានភាពសង្គម ឬភាពខុសគ្នាណាមួយឡើយ។
តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នគ្រប់ភូមិសិក្សា មានសិស្សមានពិការភាពសរុបចំនួន ១៧ ៥៦៧នាក់ ក្នុងនោះស្រីចំនួន ៨១០៦នាក់ កំពុងទទួលបានការអប់រំបរិយាបន្ន ហើយជាមួយគ្នានេះ មានសិស្សពិការភាពចំនួន ១១០៨នាក់ (ស្រី៤០៩នាក់) កំពុងទទួលបានការអប់រំនៅវិទ្យាល័យអប់រំពិសេសទាំង៦នៅទូទាំងប្រទេស៕