ខណៈបច្ចុប្បន្ន Generative AI បានកំពុងចូលលុកលុយក្នុងការអប់រំយ៉ាងឆាប់រហ័ស ហើយបានក្លាយជា ជំនួយការរៀនដ៏សកម្មសម្រាប់សិស្សានុសិស្សម្នាក់ៗ, ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញទស្សនៈ ដោយស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ “ការយល់ច្រឡំ ឬព័ត៌មានមិនពិត” (Hallucinations) របស់ AI ក៏ដូចជាផ្លូវកាត់ដែលអាចបំផ្លាញការយល់ដឹងពិតប្រាកដ។
ឯកឧត្តម សាន វឌ្ឍនា លើកឡើងថា នៅពេលដែលម៉ាស៊ីនផ្តល់ចម្លើយភ្លាមៗ វាបានកាត់ផ្តាច់នូវដំណើរការនៃការត្រិះរិះពិចារណា និងការប្រឹងប្រែងខិតខំ (Productive struggle) ដែលជាកត្តាស្នូលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍបញ្ញាស្មារតីស៊ីជម្រៅ។
ក្នុងនាមជាអ្នកតម្រង់ទិសយុវជនជំនាន់ក្រោយ នៅក្នុងបរិបទដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័សនេះ ឯកឧត្តម សាន វឌ្ឍនា ស្នើឱ្យលោកគ្រូអ្នកគ្រូ ក៏ដូចជាអ្នកអប់រំទាំងអស់ ចាំបាច់ត្រូវពិនិត្យឱ្យបានម៉ត់ចត់ថា តើឧបករណ៍ទាំងនេះពិតជាមានឥទ្ធិពលយ៉ាងណាទៅលើការទទួលបានជំនាញ និងការសិក្សាបែបសន្សំសំចៃ (Cumulative learning) ក្នុងរយៈពេលវែង ជាជាងការអបអរសាទរត្រឹមតែល្បឿននៃការបញ្ចប់កិច្ចការសាលាប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកយកលទ្ធផលស្រាវជ្រាវជាក់ស្តែងមួយស្តីពី The Generative AI Learning Penalty: Evidence from Chinese Secondary Education ដែលបានចុះផ្សាយដោយទស្សនាវដ្តីអន្តរជាតិ The Economist ដោយបង្ហាញតួលេខគួរឱ្យកត់សម្គាល់៖
១. ការកើនឡើង នៃពិន្ទុកិច្ចការផ្ទះ (Homework scores increased by 18%) ៖ ការប្រើ AI បានជំរុញឱ្យពិន្ទុកិច្ចការផ្ទះរបស់សិស្សកើនឡើងជាមធ្យម ១៨%។ តួលេខនេះអាចបង្កើតជា “ទស្សនីយភាពក្លែងក្លាយ” នៃភាពជោគជ័យ ដែលធ្វើឱ្យអ្នកអប់រំអាចយល់ច្រឡំថាសិស្សមានការយល់ដឹងស៊ីជម្រៅ តែតាមពិតវាគ្រាន់តែជាលទ្ធផលនៃការផ្ទេរភារកិច្ចទៅឱ្យម៉ាស៊ីន (Homework outsourcing) ប៉ុណ្ណោះ។
២. ការកាត់បន្ថយពេលវេលាធ្វើកិច្ចការ (Homework time reduced by 30%) ៖ ការអនុវត្តបច្ចេកវិទ្យា AI ជួយកាត់បន្ថយពេលវេលាធ្វើកិច្ចការផ្ទះបានរហូតដល់ ៣០%។ ទោះបីជាវាសន្សំសំចៃពេលវេលា ប៉ុន្តែការកាត់បន្ថយនេះធ្វើឱ្យបាត់បង់ឱកាសក្នុងការអនុវត្ត និងការសញ្ជឹងគិត ដែលជាកត្តាស្នូលក្នុងការសាងសង់មូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហា។
៣. ការធ្លាក់ចុះពិន្ទុប្រឡងប្រចាំខែ (Monthly exam scores fell by 20%) ៖ ពិន្ទុប្រឡងប្រចាំខែ (ទម្រង់បិទសៀវភៅ) របស់សិស្សបានធ្លាក់ចុះ ២០% ក្នុងរយៈពេល ៦ខែ ក្រោយការចាប់ផ្តើមប្រើប្រាស់ AI។ នេះជាភ័ស្តុតាងបញ្ជាក់ថា សិស្សមិនបានស្រូបយក និងរក្សាទុកចំណេះដឹងក្នុងខួរក្បាលឡើយ ដែលនាំឱ្យសមត្ថភាពអនុវត្តជាក់ស្តែងត្រូវចុះខ្សោយយ៉ាងគំហុកនៅពេលគ្មានជំនួយពីបច្ចេកវិទ្យា។

៤. ផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រឡងថ្នាក់ជាតិ (Entrance exams dropped 18-24%) ៖ សម្រាប់អត្រាពិន្ទុប្រឡងកម្រិតខ្ពស់ គឺបានធ្លាក់ចុះពី ១៨% ទៅ ២៤% ហើយផលវិបាកពេញលេញនេះលេចឡើងច្បាស់បន្ទាប់ពីការប្រើប្រាស់ AI អស់រយៈពេលប្រមាណពីរឆ្នាំ។ នេះបង្ហាញពីការបំផ្លាញសមត្ថភាពយល់ដឹងក្នុងរយៈពេលវែង ដោយសារការប្រឡងធំៗទាមទារការសន្និដ្ឋាន និងការភ្ជាប់ទំនាក់ទំនងរវាងមេរៀន ដែល AI បានដកហូតឱកាសហ្វឹកហាត់ជំនាញនេះ។
៥. ភាពខុសគ្នាតាមមុខវិជ្ជា (Subject variations) ៖ ការបាត់បង់គុណភាពសិក្សាមានកម្រិតខ្ពស់បំផុតលើមុខវិជ្ជាវិទ្យាសាស្ត្រសង្គម បន្ទាប់មកគឺមុខវិជ្ជា STEM និងមុខវិជ្ជាភាសា។ មុខវិជ្ជាដែលទាមទារការវិភាគបរិបទសង្គម និងការរៀបចំរចនាសម្ព័ន្ធគំនិត គឺងាយនឹងរងផលប៉ះពាល់បំផុតនៅពេលសិស្សពឹងផ្អែកលើអំណះអំណាងរបស់ម៉ាស៊ីន។
៦. ក្រុមសិស្សដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ (Vulnerable demographics) ៖ ផលប៉ះពាល់អវិជ្ជមាននេះកើតឡើងជាពិសេសទៅលើសិស្សកម្រិតអនុវិទ្យាល័យ សិស្សប្រុស និងសិស្សដែលមានប្រវត្តិរៀនពូកែ។ បច្ចេកវិទ្យានេះអាចធ្វើឱ្យសិស្សពូកែបាត់បង់ទម្លាប់នៃការប្រឹងប្រែងតស៊ូ ខណៈសិស្សក្មេងៗមិនទាន់មានមូលដ្ឋានគ្រឹះរឹងមាំក្នុងការគ្រប់គ្រងការសិក្សាដោយស្វ័យភាព។
៧. ឥរិយាបថនៃការប្រើប្រាស់ (Behavioral shift: Outsourcing vs. Proper usage) ៖ ការធ្លាក់ចុះចំណេះដឹងភាគច្រើនកើតឡើងលើសិស្សប្រមាណ ៨០% ដែលប្រើ AI ក្នុងទម្រង់ ”ពឹងផ្អែកទាំងស្រុង” (Homework outsourcing) ខណៈសិស្សដែលរក្សាពេលវេលាធ្វើកិច្ចការផ្ទះស្មើនឹងអ្នកមិនប្រើ AI ជួបប្រទះការធ្លាក់ចុះចំណេះដឹងតិចតួចបំផុត។ បញ្ហាស្នូលមិនមែនស្ថិតនៅលើបច្ចេកវិទ្យា AI នោះទេ ប៉ុន្តែស្ថិតនៅលើឥរិយាបថនៃការប្រើប្រាស់។
”ប្រសិនបើសិស្សប្រើប្រាស់ AI ជាគ្រូបង្វឹក ជាជាងអ្នកបំពេញកិច្ចការជំនួស គុណភាពអប់រំនឹងនៅតែអាចរក្សាបាន”
យ៉ាងណាក៏ដោយ ឯកឧត្តម សាន វឌ្ឍនា បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃការអប់រំមិនមែនគ្រាន់តែជាការបំពេញកិច្ចការឱ្យបានលឿននោះទេ ប៉ុន្តែគឺការកសាងចំណេះដឹង ចរិយាធម៌ និងការគិតបែបស៊ីជម្រៅ (Critical thinking) ដែលស្ថិតស្ថេរយូរអង្វែង។ ”ស្របពេលដែលយើងបន្តពង្រឹងក្របខ័ណ្ឌគរុកោសល្យ និងបញ្ជ្រាបវិធីសាស្ត្រសកម្ម (Active learning) ដូចជាការរៀនផ្អែកលើការដោះស្រាយបញ្ហា (Problem-Based Learning) ទៅក្នុងប្រព័ន្ធសាលារៀន យើងត្រូវរួមកម្លាំងគ្នាដើម្បីបង្រៀនយុវជនឱ្យចេះប្រើប្រាស់ AI ជាជំនួយទ្រទ្រង់ ជាជាងយកវាធ្វើជាបង្អែកទាំងស្រុង។ យើងត្រូវធានាថាបច្ចេកវិទ្យាជួយពង្រីកសក្តានុពលខួរក្បាលរបស់ពួកគេ មិនមែនមកគិតជំនួសពួកគេនោះឡើយ“៕











































































